លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ បានចាត់ទុកលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិត ដំណាក់កាលដំបូង កាលពីថ្ងៃទី២៩ ខែសីហា គឺជាលទ្ធផលផ្លែផ្កាមួយសម្រាប់ការចរចាបន្ទាប់ បើទោះបីភាគីនិយោជិត ស្នើសុំដំឡើង១៤ដុល្លារ ហើយភាគីនិយោជកហ៊ានដំឡើងត្រឹមតែ១ដុល្លារក៏ដោយ តែវាជាលទ្ធផលដែលមិនធ្លាប់កើតមានសម្រាប់ការចរចាកន្លងមក។ បើតាមថ្នាក់ដឹកនាំសហជីពរូបនេះ ការទាមទារប្រាក់ឈ្នួលបន្ថែម១៤ដុល្លារ គឺផ្អែកលើចំណុចសំខាន់ចំនួន៣ រួមមាន កម្រិតអតិផរណា ផលិតភាព និងកម្រិតចំណេញរបស់ជយោជក។
លោកសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះការនាំចេញផលិតផលរបស់កម្ពុជា និងការបញ្ជាទិញពីបរទេសមានការកើនឡើង ដោយសារសង្រ្គាមផ្ទៃក្នុងនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លាដែស ក៏ដូចជាវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសស្រីលង្ការ និងម្យ៉ាងទៀត ក៏ដោយសារតែកម្ពុជា មានមេដឹកនាំថ្មី និងជាប្រទេសមានស្ថិរភាពនយោបាយល្អ ជាហេតុធ្វើឱ្យអ្នកវិនិយោគមានការចាប់អារម្មណ៍មកបណ្ដាក់ទុនជាបន្តបន្ទាប់។ តែយ៉ាងណាការទាមទារប្រាក់ឈ្នួលបន្ថែម១៤ដុល្លារនេះ ត្រូវបានប្រធានសហព័ន្ធសហជីពជាតិរូបនេះ បានគូសបញ្ជាក់ថា មិនមែនជាការទាមទារដាច់ខាតនោះទេ ប៉ុន្តែវាជាជំហានដំបូងក្នុងការដាក់ឱ្យវិភាគ ដើម្បីពិចារណាក្នុងការផ្ដល់ឈ្នួលបន្ថែមសម្រាប់ឆ្នាំ២០២៥ ប៉ុណ្ណោះ។
ស្រដៀងគ្នានេះដែរ លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា ការដាក់តួលេខប្រាក់ឈ្នួលបន្ថែម១៤ដុល្លារនេះ គឺយោងទៅតាមកំណើននៃការផលិតមានការកើនឡើង។
ការកើនឡើងនេះ គឺដោយសារតែស្ថានភាពវិបត្តិនៅប្រទេសបង់ក្លាដែស និងវិបត្តិនៅមីយ៉ាន់ម៉ា ជាដើម បានធ្វើឱ្យអ្នកវិនិយោគក្នុងប្រទេសទាំងនេះ ងាកមកបណ្ដាទុននៅប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាដែរ។ បើតាមលោក អាត់ ធន់ វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើររបស់កម្ពុជា នៅតែមានសក្ដានុពលរយៈពេលយូរឆ្នាំទៀត ខណៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% របស់សហភាពអឺរ៉ុប ពុំឃើញមានសញ្ញាប៉ះពាល់ដល់វិស័យនេះនោះទេ។ តាមរយៈសញ្ញាវិជ្ជមាននេះ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា រំពឹងថា ភាគីពាក់ព័ន្ធនឹងដំឡើងប្រាក់ឈ្នួលដល់កម្មករដើម្បីឱ្យពួកគេទទួលបានប្រាក់យកមកដោះស្រាយជីវភាពបានសមរម្យ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការទាមទារ និងការផ្ដល់ឱ្យនៃលទ្ធផលពិភាក្សារវាងតំណាងសហជីព និងនិយោជកនៅដំណាក់កាលដំបូងនេះថា មិនមានអ្នកខុស ឬអ្នកត្រូវនោះទេ ប៉ុន្តែត្រូវស្វែងរកចំណុចរួមមួយ និងឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។
សូមរំលឹកថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានភាគីពាក់ព័ន្ធឯកភាព ចំនួន២០២ដុល្លារក្នុង១ខែ។ ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់២ដុល្លារបន្ថែម ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត នៅឆ្នាំ២០២៤ កើនដល់២០៤ដុល្លារក្នុង១ខែ។ ចំនួននេះមានការកើនឡើង៤ដុល្លារ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣៕
អត្ថបទ៖ បូ ដូឡា