ប្រាក់យ៉េនជប៉ុនបន្តដាំក្បាលចុះ

កត្តាអ្វីនាំឲ្យប្រាក់យ៉េនជប៉ុនបន្តដាំក្បាលចុះកាន់តែខ្លាំង ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងជាង៣ទសវត្សរ៍ចុងក្រោយ?


តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ដល់កម្រិតទាបខ្លាំងមែនទែន ក្នុងហាងឆេងប្តូរប្រាក់កាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលា ដែលវាត្រូវបានគេចាត់ទុកថា ជាការដាំក្បាលចុះខ្លាំងមិនធ្លាប់មានរបស់រូបិយបណ្ឌជប៉ុនក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនេះ។
ប្រាក់យ៉េនជប៉ុនបន្តដាំក្បាលចុះងើបមិនទាន់រួច!

ធនាគារកណ្តាលរបស់ជប៉ុនកំពុងរិះរកនូវដំណោះស្រាយ​ស្រោចស្រង់ និងការពារប្រាក់យ៉េនរបស់ខ្លួន​ពីការរអិលធ្លាក់ចុះបន្តទៀត ស្របពេលដែលធនាគារកណ្តាល​អាមេរិកកាន់តែរឹតបន្តឹងគោល​នយោបាយរូបិយវត្ថុ ជាបន្ទុកថែមទៀត​ដល់រដ្ឋាភិបាលក្រុងតូក្យូ ចំពោះកិច្ចការងារដោះស្រាយបញ្ហានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។

ប្រាក់ជប៉ុនចំនួន ១៤៧,៦៥ យ៉េនទើបអាចប្តូរបាន ១ដុល្លារអាមេរិក។ នេះជាហាងឆេងប្តូរប្រាក់នាថ្ងៃព្រហស្បតិ៍ទី១៣តុលាឆ្នាំ២០២២ ហើយការជាអត្រាមួយទាបបំផុត​មិនធ្លាប់មាន ខណៈកាលពីឆ្នាំ១៩៩៨ ប្រាប់យ៉េនជប៉ុនធ្លាប់ធ្លាក់ទាបបំផុតត្រឹម ១៤៧,៦៤យ៉េន ស្មើនឹង១ដុល្លារអាមេរិក។

ភាពទន់ខ្សោយរបស់ប្រាក់យ៉េនជប៉ុន ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ឡើង​ថ្លៃ​ខ្លាំង​​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​នៅ​ឯ​សហរដ្ឋ​អាមេរិក​ក្នុង​ខែ​កញ្ញា ដែល​បាន​ចេញ​ផ្សាយ​ទិន្នន័យ​​នៅ​មុនតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។

នេះមិនមានជាលើកដំបូងឡើយនៅក្នុងឆ្នាំនេះ ពោលការ​ធ្លាក់​ថ្លៃ​របស់​ប្រាក់​យ៉េន​​បាន​កើន​ឡើង​ចាប់​តាំង​ពី​ដើមខែមុនមក ពោលវាបាន​កើន​លើស​តម្លៃ ១៤០យ៉េនក្នុងមួយដុល្លារនៅ​ដើម​ខែ​កញ្ញា។

ស្របពេលដែលធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់ជា​ច្រើនដង ដើម្បីទប់ជាមួយអតិផរណា ហើយធនាគារកណ្តាលប្រទេសដទៃ​ក៏អនុវត្តតាមដូចគ្នា ធនាគារកណ្តាលជប៉ុនឯណេះវិញ នៅបន្តអនុវត្តគោលនយោបាយរូបិយវត្ថុដដែល។ ប្រការនេះធ្វើឱ្យអ្នកវិនិយោគសម្រុកលក់ប្រាក់យ៉េនចេញដើម្បីទិញចូលវិញ​នូវប្រាក់ដុល្លារអាមេរិក​ដែលកំពុងឡើងថ្លៃខ្ពស់។

ទោះមិនបានផ្លាស់ប្តូរគោលនយោបាយ ឬដំឡើងអត្រាការប្រាក់គោល​ដូចគេឯង ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូ បានចំណាយថវិកាយ៉ាងច្រើន​សន្ធឹកសន្ធាប់រហូតដល់ ជិត២០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណ​បរទេស​ដើម្បីជំរុញតម្លៃប្រាក់យ៉េនឡើងវិញ។

ទោះយ៉ាងណា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF មើលឃើញថា អន្តរាគមន៍រូបិយបណ្ណរបស់ប្រទេសជប៉ុនមិនមានប្រសិទ្ធភាពឡើយ ឬមានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី។ មន្ត្រីIMFជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលាថា ការធ្វើអន្តរាគមន៍រូបិយប័ណ្ណរបស់ប្រទេសជប៉ុនកាលពីខែមុន ដើម្បីបញ្ឈប់ការធ្លាក់ចុះយ៉ាងខ្លាំង​នៃប្រាក់យ៉េនទំនងអាចទប់ស្កាត់មិនឱ្យមាន​ភាពប្រែប្រួល តែប្រសិទ្ធភាពរបស់វា​មាននិន្នាការមានរយៈពេលខ្លី។

សូមជម្រាបថា នៅអាស៊ីមិនត្រឹមតែប្រាក់យ៉េនជប៉ុននោះទេដែលបានដាំក្បាលចុះ កាលពីថ្ងៃព្រហស្បតិ៍ ប្រាក់បាតថៃ ប្រាក់វ៉ុនកូរ៉េ និងប៉េសូរបស់ហ្វីលីពីន សុទ្ធតែបានដាំក្បាលចុះព្រមៗគ្នា ក្រោយពីរបាយការណ៍ខែកញ្ញានៅសហរដ្ឋអាមេរិកបាន​ចេញផ្សាយថា អតិផរណា​បន្តកើន​ឡើង ០,៤%ទៀត ធ្វើឱ្យអតិផរណាសរុប​កើនដល់ ៨,២%ធៀបរយៈពេលដូចគ្នា​កាលពី​ឆ្នាំ​មុន៕




អត្ថបទបន្ទាប់


តុលាការប្រេស៊ីល សម្រេចផាកពិន័យក្រុមហ៊ុនយក្ស Apple ១៩លានដុល្លារ ដោយសារលក់ iPhone មិនមានឆ្នាំងសាកភ្ជាប់មកជាមួយ

ព័ត៌មាន
ទីបំផុត តុលាការប្រេស៊ីល បានសម្រេចផាកពិន័យជាថ្មីទៀត ចំពោះក្រុមហ៊ុន Apple ក្នុងទំហំទឹកប្រាក់ពិន័យចំនួន ១៩លានដុល្លារ និងបង្គាប់ឱ្យក្រុមហ៊…

ចិនបានបំបែកកំណត់ត្រាមួយទៀត ដោយទិន្នផលស្រូវធន់នឹងទឹកសមុទ្រកើនឡើងទ្វេដងក្នុងរយៈពេល៣ឆ្នាំ

ព័ត៌មាន
ជាទូទៅសម្រាប់តំបន់សមុទ្រ ដែលមានទឹកប្រៃ គេគេមិនអាចនឹងធ្វើស្រូវបានផលនោះទេ ប៉ុន្ដែ ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសម្រេចកំណត់ត្រាថ្មីមួយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ