ស្ថានីយលក់ប្រេងឥន្ធនៈ

ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណនៅ៨ខែឆ្នាំនេះ


យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២០០កន្លែង ក្នុងចំណោមជាង១ពាន់ស្ថានីយ-ដេប៉ូត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)រកឃើញប្រកបអាជីវកម្មមិនសុចរិតតាមរយៈការបន្លំគុណភាព និងបរិមាណនៅ៨ខែឆ្នាំនេះ។
ស្ថានីយលក់ប្រេងឥន្ធនៈ២១០កន្លែងត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ
ដោយ

ជាមួយគ្នានេះនៅពេញមួយខែសីហា ក្នុងអំឡុងពេលតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៣០កន្លែងលក់បន្លំគុណភាព និងបរិមាណ ដោយម្ចាស់ស្ថានីយ និងដេប៉ូទាំងនេះត្រូវរងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប បានជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបន្ថែមទៀត សំដៅជួយការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងទប់ស្កាត់ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមមូណូមីសថា យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន២១០ស្ថានីយ/ដេប៉ូ ក្នុងចំណោម១ពាន់៨៨ស្ថានីយ/ដេប៉ូ ដែលបានចុះត្រួតពនិត្យនៅ៨ខែឆ្នាំនេះ ត្រូវបានរកឃើញធ្វើអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ។ គ្រាន់តែនៅពេញមួយខែសីហា អំឡុងពេលតម្លៃប្រេងឥន្ធនៈមានការកើនឡើង មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៣៣ក្នុងចំណោម២១៤ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ក្រោយរកឃើញភាពមិនអនុលោម ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

ក្នុងករណីមិនរាងចាល ម្ចាស់ស្ថានីយ/ដេប៉ូទាំងនោះអាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ នេះបើតាមការអះអាងរបស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្មផងដែរ។

ស្របពេលតម្លៃលក់រាយប្រេងឥន្ធនៈបានហក់ឡើងខ្ពស់កាលពីដើមខែសីហា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប បានជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់តាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីទប់ស្គាត់ការធ្វើអាជីវកម្មមិនអនុលោកតាមច្បាប់ក្នុងវិស័យប្រេងឥន្ធនៈតាមរយៈការលក់បន្លំគុណភាព និងបរិមាណ សំដៅជួយការពារសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ក្រៅពីចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាព ថ្នាក់ដឹកនាំរូបនេះ ក៏បានជំរុញឲ្យមន្ត្រីរបស់ខ្លួនចុះឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផងដែរ។

ជាលទ្ធផលក្រោយការចុះឃ្លាំពិនិត្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញថា ពុំមានស្ថានីយ ឬដេប៉ូណាលក់លើសតម្លៃកំណត់នោះទេ ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចន្លោះពី៣០%ទៅ៤០%ដាក់លក់ក្រោមតម្លៃទីផ្សារ ខណៈពី៦០%ទៅ៧០%លក់តាមតម្លៃកំណត់របស់ក្រសួង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរកឃើញលក់បន្លំគុណភាព និងបរិមាណក្នុងចំណោមស្ថានីយ និងដេប៉ូជាង៣ពាន់កន្លែង ដែលបានចុះត្រួតពិនិត្យ៕





អត្ថបទបន្ទាប់


តើវិស័យ SME គួរធ្វើបែបណាដើម្បីអាចចាកចេញពីការធ្វើអាជីវកម្មតាមបែបប្រពៃណី?

ព័ត៌មាន
ស្ថិតក្នុងបរិបទបច្ចុប្បន្ន វិស័យសហគ្រាសធុនតូចនិងមធ្យម(SME) បានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ដោយបានរួមចំណ…

កម្ពុជាកំពុងពង្រឹងនីតិវិធី និងបែបបទ ដើម្បីពង្រីកការនាំចេញផលិតផលចំណីអាហារទៅទីផ្សារអាមេរិក

ព័ត៌មាន
កម្ពុជាកំពុងសម្រួចទិសដៅក្នុងការនាំយកផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ជាក់ស្តែងកាលពីពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ