អនុវត្តទម្រង់លក្ខខណ្ឌកិច្ចសន្យារួម

កម្ពុជាដាក់ឲ្យអនុវត្តទម្រង់លក្ខខណ្ឌកិច្ចសន្យារួមមួយសម្រាប់កម្ចីក្រោម៥ម៉ឺនដុល្លារ


សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទានក្នុងទម្រង់លក្ខខណ្ឌកិច្ចសន្យារួមឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអនុវត្តចំពោះកម្ចីក្រោម៥ម៉ឺនដុល្លារ។ ការដាក់ចេញស្ដង់ដាកិច្ចសន្យារួម ដែលមានត្របួនប្រភេទ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ។
កម្ពុជាដាក់ឲ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន

ក្រុមអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុយល់ឃើញថា ការដាក់ឲ្យអនុវត្តលក្ខខណ្ឌកិច្ចសន្យាឥណទានរួមនេះ នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទទួលបានកម្ចី និងមានតម្លាភាពសម្រាប់ធនាគារនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសរួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងចាប់អនុវត្តស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទាន ដែលបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនតម្លាភាព និងកិច្ចការពារអតិថិជន។ បើតាមការគូសបញ្ជាក់របស់ស្ថាប័នទាំងពីរ ទម្រង់ស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដាកិច្ចសន្យាឥណទាននេះ គឺសម្រាប់អនុវត្តតែលើអតិថិជនថ្មី ឬឥណទានថ្មីតែប៉ុណ្ណោះ។
លោកជំទាវ ជាសិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកការអនុវត្តស្ដង់ដារួមសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ជាសមិទ្ធិផលមួយថ្មីបន្ថែមទៀត ក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ ជឿជាក់ថា ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទាន សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ជកោណ ដំណាក់កាលទី១ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ លោកជំទាវ លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់
ជំរុញ និងគាំទ្រដល់សេចក្ដីណែនាំស្ដីពីការអនុវត្តស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដានៃកិច្ចសន្យាឥណទាន ដែលជាការបង្ហាញនូវការចូលរួមចំណែកជាមួយធនាគារជាតិនៃកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការងារគាំទ្រកិច្ចការពារអតិថិជន ក៏ដូចជាពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការផ្ដល់សេវាប្រកបដោយការទទួលខុសត្រូវ និងការប្រកួតប្រកួតប្រជែងប្រកបដោយក្រមសីលធម៌។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋ ឬអតិថិជន ហាក់មានផលពិបាកក្នុងការស្វែងយល់ពីលក្ខខណ្ឌឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចេញរៀងៗខ្លួន នាពេលកន្លងមក។ ដូច្នេះហើយ ទើបសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា សម្រេចបង្កើតនូវស្ដង់ដាកិច្ចសន្យាឥណទានថ្មីមួយឡើង។ លោក កាំង តុងងី បានគូសបញ្ជាក់ថា ស្ដង់ដាឥណទានថ្មីនេះតម្រូវឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ប្រើប្រាស់ស្ដង់ដាតែមួយសម្រាប់កម្ចីក្រោម ៥ម៉ឺនដុល្លារ ហើយសម្រាប់កម្ចីលើស៥ម៉ឺនដុល្លារដល់១០ម៉ឺនដុល្លារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចប្រើប្រាស់លក្ខខណ្ឌរៀងៗខ្លួន ដោយបញ្ចូលខចែងកិច្ចសន្យាដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទៅក្នុងកិច្ចសន្យាឥណទានរបស់ខ្លួន។ បើតាមលោក កាំង តុងងី កិច្ចសន្យាថ្មីនេះនឹងរក្សាបាននូវកិច្ចការពារទាំងខាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងកិច្ចការពារសម្រាប់អតិថិជន ជាពិសេសការដាក់ឲ្យអនុវត្តស្ដង់ដាថ្មីនេះ ក៏នឹងជួយជំរុញការទុកចិត្តរបស់សាធារណៈជនបន្ថែមទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា វិសាលភាពកិច្ចសន្យាស្ដង់ដាឥណទាននេះ អនុវត្តចំពោះធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ជើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។ ចំពោះទំហំប្រាក់កម្ចី ឬឥណទានដែលមានទំហំតូចជាង ឬស្មើ៥ម៉ឺនដុល្លារ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ តម្រូវឲ្យប្រើទម្រង់លក្ខខណ្ឌដូចគ្នានៃស្ដង់ដាកិច្ចសន្យាឥណទាន ដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ស្ដង់ដាកិច្ចសន្យារួមនេះ ត្រូវបានចែកចេញជាមានបួនប្រភេទ រួមមានស្ដង់ដាកិច្ចសន្យាខ្ចីមានទ្រព្យធានា ស្ដង់ដាកិច្ចសន្យាខ្ចីគ្មានទ្រព្យធានា កិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុអចលនវត្ថុ និងស្ដង់ដាកិច្ចសន្យាឥណទានជាក្រុម។ ដោយឡែក ចំពោះឥណទានធំជាង៥ម៉ឺនដុល្លារដល់១០ម៉ឺនដុល្លារគ្រប់គ្រឹះស្ថាន និងហិរញ្ញវត្ថុទាំងអស់ត្រូវដាក់បញ្ចូលខចែងកិច្ចសន្យាដែលចេញដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទៅក្នុងកិច្ចសន្យាឥណទានរបស់ខ្លួន។ ខណៈស្ដង់ដារនេះ មិនអនុវត្តចំពោះឥណទានមិនលើសពី១០ម៉ឺនដុល្លារឡើយ៕




អត្ថបទបន្ទាប់


ជប៉ុនស្នើចិនឱ្យប្រាប់ពលរដ្ឋរបស់ខ្លួនបញ្ឈប់ការយាយីជប៉ុនតទៅទៀត បន្ទាប់មានពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រហ្វូគូស៊ីម៉ា

ព័ត៌មាន
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃទី២៨ខែសីហា បានស្នើឱ្យប្រទេសចិនជួយជំរុញពលរដ្ឋរបស់ខ្លួនឱ្យបញ្ឈប់សកម្មភាពយាយីរំខាន រួមទាំង…

ធនាគារជាតិត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល ក្រោយតម្លៃលុយដុល្លារកើនឡើង

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា ត្រៀមចាត់វិធានការចាំបាច់មួយចំនួន ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ