អគារខ្ពស់កប់ពពក

អគារ​កម្ពស់​៣៣​ជាន់ តម្លៃ​២៥០​លាន​ដុល្លារ​ថ្មី​មួយ​ នឹង​ផុស​ឡើង​នៅ​ឆ្នាំ​២០២០


អគារ​លំនៅដ្ឋាន​បែប​ពាណិជ្ជកម្ម​ចម្រុះ​​​ស្ដង់ដារ​អន្តរជាតិ​ថ្មី​មួយ​ទៀត នឹង​ផុស​ត្រដែត​ឡើង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​គម្រោង​មួយ​នេះ ត្រៀម​នឹង​បើក​ការដ្ឋាន​បុក​គ្រឹះ​សាងសង់​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។
រូប​គំរូ​នៃ​អគារ​លំនៅដ្ឋាន​បែប​ពាណិជ្ជកម្ម​កម្ពស់ ៣៣ជាន់ ដែល​គ្រោង​នឹង​សង់​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

អគារ​កម្ពស់​ ៣៣ជាន់នេះ ជា​ការវិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​តៃវ៉ាន់ និង​វិនិយោគិន​ក្នុង​ស្រុក ដោយ​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​សរុប​ប្រមាណ​២៥០​លាន​ដុល្លារ​អាមេរិក។

គម្រោង​អគារ​លំនៅដ្ឋាន​បែប​ពាណិជ្ជ​កម្ម​អន្តរជាតិ CEO KT Pacific ត្រូវ​បាន​ក្រុមហ៊ុន​អភិវឌ្ឍ​អគារ​មួយ​នេះ អះអាង​ថា ជា​គម្រោង​អគារ​ស្នាក់នៅ និង​ធ្វើ​ពាណិជ្ជ​កម្ម​ចម្រុះ​ដំបូង​គេ​បង្អស់​មួយ នៅ​កម្ពុជា ដែល​មាន​ផ្ដល់​នូវ​ជម្រើស​សេវាកម្ម​សម្បូរ​បែប​សម្រាប់​អ្នក​ស្នាក់នៅ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាច្រើន។ 

គម្រោង CEO KT Pacific នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​សហការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​តៃវ៉ាន់ Lixin Group និង​ក្រុមហ៊ុន​ក្នុង​ស្រុក KT Pacific Group របស់​លោក​ឧកញ៉ា ស៊ឺ គង់ទ្រីវ ដែល​ជា​អ្នក​ជំនួញ​ចាស់​វស្សា និង​មាន​ឥទ្ធិពល​មួយ​រូប​នៅ​កម្ពុជា។

គម្រោង​អគារ CEO KT Pacific នេះ មាន​កម្ពស់​៣៣​ជាន់ និង​មាន​ផ្ទៃ​ក្រឡា​កម្រាល​សរុប​ជាង ៩​ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​មាន​ចែក​ជា ៩៧២​យូនីត ដែល​ក្នុង​នោះ​មាន​ការិយាល័យ​ចំនួន​១០៦​យូនីត និង​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ខណ្ឌ​៧​មករា ម្ដុំ​ក្រោយ​អគារ​វីត្រាស់ បាក់ទូក។

បើ​តាម​ការ​អះអាង​ពី​ប្រធាន​ក្រុមហ៊ុន Lixin Group លោក ស៊ី មីងចោវ គម្រោង​មួយ​នេះ​អាច​និយាយ​បាន​ថា គឺ​ជា​គម្រោង​អគារ​លំនៅ​ដ្ឋាន​បែប​ពាណិជ្ជ​កម្ម​អន្តរជាតិ​ដំបូង​គេ​បង្អស់​មួយ​នៅ​កម្ពុជា ដែ​ល​​សម្រាប់​ការស្នាក់​នៅ​ផង និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង ដោយ​ក្នុង​នោះ​ក្រៅ​ពី​លំនៅដ្ឋាន​ដ៏​ស៊ីវិល័យ អគារ​ដែល​មាន​រាងភ្លោះ​មួយ​នេះ ក៏​មាន​រួម​បញ្ជូល​នូវ​ការ​សាងសង់​សាល​មហោស្រព បន្ទប់​ប្រជុំ​ខ្នាត​ធំ ភោជនីយដ្ឋាន អាង​ហែល​ទឹក ស្កាយបារ ក្លឹប​ហាត់​ប្រាណ ការិយាល័យ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត។ 

លោក Kevin Wang នាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន Lixin Group បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៧​នេះ គឺ​ជា​ឆ្នាំ​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​វិស័យ​ធុរកិច្ច​សកល ក្នុង​នោះ​កម្ពុជា​ក៏​ហាក់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ផង​ដែរ។

អគារ​កម្ពស់​៣៣​ជាន់ តម្លៃ​២៥០​លាន​ដុល្លារ​ថ្មី​មួយ​ នឹង​ផុស​ឡើង​នៅ​ឆ្នាំ​២០២០។ (រូបភាព៖ ហេង ភារម្យ)

ទោះ​បី​ជា​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្ដែ លោក Kevin Wang ​មើល​​ឃើញ​​ថា បើ​ធៀបនឹង​ប្រទេស​ក្នុង​តំបន់ ដូចជា ថៃ វៀតណាម ឡាវ និង​ម៉ាឡេស៊ី ប្រទេស​កម្ពុជា​ពិត​ជា​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ ពិសេស វិស័យ​អចលន​ទ្រព្យ​តែ​ម្ដង ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ល្អ​ក្នុង​ការ​អនុគ្រោះ​ដល់​វិនិយោគិន​បរទេស ដូចជា អនុញ្ញាត​ឲ្យ​វិនិយោគ​បរទេស​អាច​កាន់កាប់​ភាគ​ហ៊ុន​១០០% និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​រូបិយវត្ថុ​ដុល្លារ​សម្រាប់​ការ​វិនិយោគ​ជាដើម។

ទន្ទឹម​នឹង​នេះ ការ​ដើរ​ស្រប​ទៅ​តាម​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន ក៏​ជា​ឱកាស​ដ៏​វិសេស​វិសាល​មួយ​សម្រាប់​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស គួរ​សម្លឹង​មើល​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា ក្រៅពី​គម្រោង​អគារ​ដែល​មាន​តម្លៃ​ប្រមាណ​២៥០លាន​​ដុល្លារ​មួយ​នេះ ក្រុមហ៊ុន Lixin Group របស់​តៃវ៉ាន់​មួយ​នេះ ក៏​បាន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ផ្សេង​ទៀត ដូចជា សណ្ឋាគារ និង​កាស៊ីណូ ភោជនីយដ្ឋាន និង​វិស័យ​បច្ចេកវិទ្យា​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook នឹងចាត់ការ​ Page ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត!

ព័ត៌មាន
តាំង​ពី​មាន​បណ្ដាញ​សង្គម​ ហ្វេសប៊ុក មក រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ឈឺ​ក្បាល ឬ​​មិន​សប្បាយ​ចិត្ត គឺ​ព័ត៌មាន​ភូតិកុហក ក្លែងក្លាយ។

វីដេអូ៖ តើ​ហេតុ​អ្វី​បាន​ជា​គេ​ចូលចិត្ត​រស់​នៅ​ក្នុង​បុរី?

ព័ត៌មាន
បច្ចុប្បន្ន ខណៈ​ដែល​គ្រួសារ​មាន​ជីវភាព​មធ្យម​និង​ធូរធារ​កាន់​តែ​កើន​ចំនួន គេ​ឃើញ​និន្នាការ​នៃ​បែបផែន​រស់នៅ​ក៏​ប្រែប្រួល​គួរ​ឲ្យ​កត់​ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ