អគារខ្ពស់កប់ពពក

អគារ​ពាណិជ្ជកម្ម​និង​លំនៅ​ដ្ឋាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​នឹង​បើក​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ


គិត​​ចាប់​​តាំ​ង​​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​​២០១៧​នេះ អគារ​​ខ្ពស់ៗ​ចាប់​ពី ៥​ជាន់​ឡើង​ទៅ សរុប​មាន​ប្រមាណ ៩០១ អគារ​នៅ​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់។
អគារ​ភ្លោះ The Bridge គ្រោង​បើក​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨។ រូបភាព៖ ហេង ភារម្យ
ដោយ

គម្រោង​អគារ​ដែល​មាន​កម្ពស់ ៥០​ជាន់ រហូត ៥៥​ជាន់ ៦០​ជាន់ ស្ថិត​នៅ​ក្នុង​គម្រោង​និង​កំពុង​សាងសង់។ 

ប៉ុន្តែ បើ​គិត​ពី​អគារ​បច្ចុប្បន្ន​ដែល​សាងសង់​ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា គឺ​អគារភ្លោះ The Bridge ដែល​មាន​កម្ពស់ ៤៥​ជាន់។ The Bridge នឹង​បើក​ទ្វារ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​នៅ​ដើម​ឆ្នាំ​២០១៨។ 

អគារ​ភ្លោះ​ខ្ពស់​កប់​ពពក The Bridge នឹង​បើក​ទ្វារ​ប្រតិបត្តិការអាជីវកម្ម​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចាំបាច់​របស់​អតិថិជន។ 

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​អះអាង​ពី​លោក ឧកញ៉ា សៀ ឫទ្ធីប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប ដែល​បាន​ប្រាប់ ខេមបូណូមីស។

នៅពេលរួចរាល់ទាំងស្រុង អគារ​ភ្លោះ​ The Bridge នឹងមាន​រូបរាងបែបនេះ។

អគារ​ភ្លោះ The Bridge នេះ ជា​ការ​សហការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Worldbridge Land របស់​លោក​ឧកញ៉ា សៀ ឫទ្ធី និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​មាន​ឈ្មោះ​ថា Oxley Holdings ដោយ​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​តំបន់​ពិសេស តាម​បណ្តោយ​វិថី​រដ្ឋសភា និង​ជិត​ស្ថានទូត​អូស្រ្តាលី ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ 

The Bridge មាន​លក្ខណៈ​ពិសេស​និង​មុខងារ​ប្រើប្រាស់​ចម្រុះ ដូចជា ផ្សារ​ទំនើប​កម្ពស់ ៤​ជាន់ ខុនដូ​ដែល​មាន ៧០០​យូនីត ការិយាល័យ និង Home Office ចំនួន ៩០០​ប្លុក។

អគារ​ការិយាល័យ អគារ​ស្នាក់​នៅ​រួម​ដ៏​ធំ​ទំនើប​មិន​ធ្លាប់​មាន​នៅ​កម្ពុជា សាងសង់​លើ​ផ្ទៃ​ដី​ចំនួន​១០០៩០​ម៉ែត្រ​ការ៉េ ដោយ​មាន​អគារ​ភ្លោះចំនួន​២ កម្ពស់​៤៥​ជាន់ ដែល​បច្ចុប្បន្ន​រាប់​ចាត់​ទុក​ថា ជា​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា។  Home Office (Soho) ជា​ការិយាល័យ​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​ផ្ទះ​ស្នាក់​នៅ​ផង និង​អាច​ធ្វើ​ជា​កន្លែង​ធ្វើការ​ផង។

រូបភាពអគារ The Peak ដែលផ្សព្វផ្សាយនៅលើ​គេហ​ទំព័រ​ក្រុមហ៊ុន។

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ បាន​អះអាង​ថា ការ​សាង​សង់​សំណង់​អគារ​ធំៗ និង​ទំនើបៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អគារ​ទាំង​អស់​នោះ នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​មួយ​ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា ក៏​ដូច​ជា​លើក​មុខ​មាត់​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។

The Peak កម្ពស់ ៥៥ ជាន់ នឹងផុសឡើងបង្ហាញរូបរាងនៅ២ខែខាងមុខ

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប បាន​ប្រាប់ ខេមបូណូមីស ថា បើ​និយាយ​ពី​គម្រោង The Peak «រហូត​មក​ដល់​ពេល​នេះ គ្រឹះ​ក្រោម​យើង​បាន​សាងសង់​រួច​រាល់​ហើយ The Peak ដូច្នេះ​ នៅ​ក្នុង​រយៈពេល ២ ទៅ ៣​ខែ​ទៀត អតិថិជន​របស់​យើង នឹង​បាន​ឃើញ​វា​ផុស​ផុត​ពី​ដី​ហើយ។ ហើយ​នេះ​គឺ​ជា​ចំណុច​មួយ​ដែល​យើង​អាច​ធ្វើការ​អះអាង​យ៉ាង​ច្បាស់​ប្រាប់​អតិថិជន​របស់​យើង​ថា គ្រប់​គម្រោង​សាង​សង់​ដោយ​ក្រុមហ៊ុន រើលប្រ៊ីដ ឡែនដ៏ ដែល​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Oxley Holdings មិន​មាន​គម្រោង​ណា​មួយ​ផ្អាក ឬ​ក៏​ដំណើរការ​យឺត​យ៉ាវ​នោះ​ទេ យើង​ធ្វើ​ឲ្យ​ទាន់​ផែនការ ឬ លឿន​មុន​ផែនការ ដើម្បី​អភិវឌ្ឍ​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​បាន​ធ្វើ»។

អគារ The Peak កំពុង​បើក​ការសាងសង់​យ៉ាងមមាញឹក​នៅ​កណ្ដាលក្រុងភ្នំពេញ។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «សូម​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ តាំង​ពី​គម្រោង​ទី១ ទី២ នឹង​អាច​រហូត​ទី៣​ទៀត ដោយសារ​តែ​ភាព​ជឿ​ជាក់ ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ ខ្ញុំ​មិន​ធ្វើ​ឲ្យ​អតិថិជន​ខក​ចិត្ត​នោះ​ទេ»។

The Peak បាន​បោះទុន​វិនិយោគ​ទឹក​ប្រាក់​ចំនួន ៥៨០​លាន​ដុល្លារ​អាមេរិក មាន​កម្ពស់​ចំនួន ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុនដូ​ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាង​លើ​ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ឈ្មោះ​ថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក ដែល​មក​ពី​ទីក្រុង​ហុងកុង។

អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។ អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្មាតហ្វូន​ផលិត​ដោយ​វៀតណាម នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុងពេល​ឆាប់ៗ

ព័ត៌មាន
លោកអ្នក​ដែល​ប្រើ​កុំព្យូទ័រ ឬ​ជំនាញ​កុំព្យូទ័រ ប្រហែល​ជា​ស្គាល់​ក្រុមហ៊ុន​សន្តិសុខ​អ៊ិនថឹណិត​របស់​វៀតណាម ឈ្មោះ Bkav ហើយ ព្រោះ​អ្នក​ខ្លះ​…

ហេតុអ្វី​បាន​ជា​សកល​វិទ្យាល័យ​តាម​ខេត្ត​មិន​សូវ​មាន​គុណភាព?

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បណ្តា​ជន​ខ្មែរ សុទ្ធតែ​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ