ភាគហ៊ុនអេស៊ីលីដា

សម្ទុះជួញដូរភាគហ៊ុនអេស៊ីលីដានៅដើមសប្ដាហ៍នេះ ធ្វើឲ្យទីផ្សារភាគហ៊ុនទាំងមូល​ប្រែប្រួលខ្លាំង!


តម្លៃភាគហ៊ុនធនាគារអេស៊ីលីដាមានសញ្ញាណងើបមកវិញបន្ដិចហើយ បន្ទាប់ពីបានធ្លាក់ចុះ ១០% នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ហើយការស្ទុះងើបឡើងនៃតម្លៃភាគហ៊ុនអេស៊ីលីដា វាក៏បានធ្វើឲ្យសកម្មភាពជួញដូរផ្សារភាគហ៊ុនទាំងមូលមានសន្ទុះយ៉ាងខ្លាំងដែរនៅដើមសប្តាហ៍នេះ បើធៀបនឹងសប្តាហ៍មុន។ ជាក់ស្ដែង នៅថ្ងៃទី២១មិថុនា ម្សិលមិញ គិតត្រឹមពេលបិទបញ្ចប់ការជួញដូរ ទំហំជួញដូរភាគហ៊ុនអេស៊ីលីដាបានកើនឈានដល់ជិត ១លានភាគហ៊ុន ដែលមានតម្លៃ ១៣៥៤០៛ក្នុង១ហ៊ុន កើនឡើង ៤០០៛ បើធៀបទៅនឹងការធ្លាក់ចុះខ្លាំង ១០ភាគរយ ២ថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន។
ទីស្នាក់ការ​កណ្ដាលរបស់​ធនាគារ អេស៊ីលីដា ។

លោក ព្រំ វិសុទ្ធ អគ្គនាយកអេស៊ីលីដា ស៊ឹឃ្យួរឹធី ភីអិលស៊ី ដែលជាក្រុមហ៊ុនឈ្នួញជើងសារមូលបត្រ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោយពីមន្ត្រីជំនាញជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា រួមជាមួយមន្រ្តីជំនាញនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីចុងសប្តាហ៍មុន បានពន្យល់យ៉ាងច្បាស់លាស់អំពីមូលហេតុ ដែលតម្លៃភាគហ៊ុនរបស់អេស៊ីលីដាបានធ្លាក់ចុះដល់១០% នៅក្នុងរយៈពេល២ថ្ងៃជាប់គ្នាមក វិនិយោគិន ចាប់ផ្តើមទទួលព័ត៌មានច្បាស់លាស់អំពីស្ថានភាពរឹងមាំនៃធនាគារអេស៊ីលីដា ទើបនៅដើមសប្តាហ៍នេះ ទំហំនៃការជួញដូរភាគហ៊ុនអេស៊ីលីដា មានការកើនឡើងវិញខ្លាំង បែបនេះ។

លោក ព្រំ វិសុទ្ធ បានបន្ថែមថា នៅមានមូលហេតុ ដែលជំរុញឲ្យតម្លៃភាគហ៊ុនរបស់អេស៊ីលីដាកើនឡើងខ្លាំងបែបនេះ គឺដោយសារថា កាលៈទេសៈនេះ វាជាឱកាស​ល្អ​សម្រាប់​វិនិយោគិន​ដែលមិនធ្លាប់​បានទិញ​ភាគហ៊ុន​អេស៊ីលីដា​កន្លងមក អាចទិញយកភាគហ៊ុន​អេស៊ីលីដា​ក្នុងតម្លៃសមរម្យ ហើយអ្នកដែល​បានទិញ​នៅអំឡុងពេល​បោះផ្សាយ IPO ក៏​មានក្ដោបក្ដាប់ឱកាសនេះ ដើម្បីទិញភាគហ៊ុន​អេស៊ីលីដាទុកដែរ ដោយរំពឹង​ផលចំណេញនាពេលខាងមុខ។

ជាមួយគ្នានេះដែរ លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រ នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងដែរថា នៅដើមសប្តាហ៍នេះ តម្លៃភាគហ៊ុនរបស់អេស៊ីលីដា មានការប្រែប្រួល ដោយសារវិនិយោគិនហាក់ដូចជាចាប់ផ្តើម ចាប់អារម្មណ៍ទៅតម្លៃភាគហ៊ុនអេស៊ីលីដា ដែលធ្លាក់ចុះមិនធ្លាប់មាន កាលពីសប្តាហ៍មុន ដែលធ្វើឲ្យវិនិយោគិនមួយចំនួន ដែលទិញភាគហ៊ុនក្រុមហ៊ុនផ្សេង បានលក់ភាគហ៊ុនរបស់ខ្លួន ហើយមកប្រមូលទិញភាគហ៊ុនអេស៊ីលីដាវិញ ធ្វើមានតម្រូវការច្រើនជាងការផ្គត់ផ្គង់។

 តួយ៉ាង ទំហំនៃការជួញដូរយៈពេល២ថ្ងៃចុងក្រោយនៃការជួញដូរ កាលពីសប្តាហ៍មុន មានត្រឹមតែ៣០ម៉ឺនហ៊ុនប៉ុណ្ណោះ ដោយឡែកបើក្រឡេកមកមើលថ្ងៃដំបូងនៃដើមសប្តាហ៍នេះ ទំហំជួញដូររបស់ភាគហ៊ុនអេស៊ីលីដាកើនដល់ជិត ១លានហ៊ុនឯណោះ។

លោកស្រី គឹម សុផានីតា បញ្ជាក់ថា ការកើនឡើងនៃការទំហំជួញដូររបស់អេស៊ីលីដាបែបនេះ បានជំរុញឲ្យសកម្មភាពនៃការជួញដូរក្នុងផ្សារហ៊ុនទាំងមូលមានសន្ទុះយ៉ាងខ្លាំង។

បើទោះបីជាតម្លៃភាគហ៊ុនធនាគារអេស៊ីលីដា មានការកើនឡើងមកវិញបន្តិចក្តី ក៏ប៉ុន្តែតម្លៃនេះ វានៅតែទាបជាងខុសគ្នាឆ្ងាយពីតម្លៃបោះផ្សាយលក់មូលបត្រដំបូង IPO ដល់ទៅ ២៦៦០រៀលឯណោះ ដែលតម្លៃដើមដំបូង IPO ១៦២០០រៀលក្នុង១ហ៊ុន ។

បើតាមអ្នកជំនាញទាំងពីរខាងលើនេះ បានបន្តអះអាងថា តម្លៃភាគហ៊ុនអេស៊ីលីដា អាចនឹងមានទំនោរកើនឡើងជាបន្តបន្ទាប់ទៀត នៅពេលដែលវិនិយោគនៅក្នុងផ្សារហ៊ុន ចាប់ផ្តើមទទួលព័ត៌មានកាន់តែច្បាស់ពីស្ថានភាពដ៏រឹងមាំរបស់ធនាគារពាណិជ្ជដ៏ធំមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន១ពាន់លានដូសហើយ

ព័ត៌មាន
ចិនបានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនដល់ប្រជាជន បានសម្រេចដល់ចំនួន ១ពាន់លានដូសហើយនៅទូទាំងប្រទេស ស្របពេលដែលចិន…

កម្ពុជារំពឹងបានចំណូល ៤០លានដុល្លារ​ពីអាជីវកម្មចម្រាញ់រ៉ែមាស

ព័ត៌មាន
ក្រសួងរ៉ែ និងថាមពលរំពឹងថា រដ្ឋនឹងទទួលបានចំណូលសួយសារ និងសារពើពន្ធចំនួន៤០លានដុល្លារអាមេរិកពីអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនអូស្ត្រាលី រ៉ឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ