ធុរកិច្ច-សប្បុរសធម៌

ឧកញ៉ា គួច ម៉េងលី បរិច្ចាគ​​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ព្យាបាល​អ្នក​ក្រីក្រ


លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ និង​ជា​ឧកញ៉ា​ចិត្ត​ធម៌​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បាន​ថ្លែង​ថា លោក​បាន​បរិច្ចាគ​ថវិកា ចន្លោះ​ពី ១៨ ទៅ ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្រីក្រ តាមរយៈ​គ្លីនិក​ឯកជន​ទាំង ៧ របស់​លោក។
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach Education។
ដោយ

លោក​ឧកញ៉ា​បាន​បន្ត​ថា សព្វ​ថ្ងៃ គ្លីនិក​ទាំង​៧ មិន​ទាន់​ទទួល​ព្យាបាល​អតិថិជន​ទូទៅ​នៅ​ឡើយ គឺ​ព្យាបាល​តែ​បុគ្គលិក​និង​សិស្ស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​ឧកញ៉ា​ចិត្ត​ធម៌​រូប​​នេះ បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ​ក្រីក្រ ដែល​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ផង​ដែរ។

លោ​ឧកញ៉ា បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ខ្ញុំ​ទទួល​ភាគ​ច្រើន​ជា​អ្នក​ក្រ ដែល​មិន​ស្គាល់​ភ្នំពេញ ហើយ​មាន​ជំងឺ ខ្ញុំ​បញ្ជូន​ស្ងាត់ៗ​តាមរយៈ​មូលនិធិ​ខ្ញុំ ដើម្បី​ទៅ​ព្យាបាល​នៅ​គ្លីនិក។ ខ្ញុំ​ចំណាយ​ប្រាក់​សម្រាប់​ពួកគេ​ពី ១៨ ទៅ ២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ វាជា​បន្ទុក​​ធ្ងន់​ណាស់ តែ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​ត្រូវ​តែ​បរិច្ចាគ ដើម្បី​ជួយ​អ្នក​ក្រីក្រ»។

លោក​ឧកញ៉ា​បន្ត​ថា ប្រសិន​បើ​មាន​អ្នក​ក្រីក្រ​មាន​​ជំងឺ ហើយ​​គ្មាន​​លទ្ធភាព​ព្យាបាល​នៅ​ខាង​ក្រៅ អាច​បញ្ជូន​មក​តាម​មូលនិធិ​របស់​លោក ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ។

លោក​ឧកញ៉ា គួច ម៉េងលី ត្រូវ​បាន​មហាជន​ស្គាល់​ជា​ទូទៅ​ថា ជា​ឧកញ៉ា​ម្នាក់​ដែល​ចូលចិត្ត​ចែក​រំលែក​គំនិត​អាជីវកម្ម ឬ​សីលធម៌​សង្គម ទៅ​កាន់​មហាជន និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​តាម​លទ្ធភាព​របស់​ខ្លួន។ លោក​​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក និង​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​មាតុប្រទេស​វិញ​ជា​លើក​ដំបូង នៅឆ្នាំ​២០០២ ក្នុង​នាម​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ 

ដោយ​ស្រលាញ់​ប្រទេស​កំណើត លោក​ក៏​បាន​សម្រេច​ចិត្ត​ត្រលប់​មក​រស់នៅ​ស្រុក​ខ្មែរ​វិញ និង​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅលើ​​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។ សព្វ​ថ្ងៃ លោក​វេជ្ជបណ្ឌិត​មាន​សាលារៀន អន្តរទ្វីប​អាមេរិកាំង (AIS) និង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ដែល​ផ្ដល់​ការ​បង្រៀន​ដល់​​សិស្ស ១២.០០០​នាក់ និងមាន​​បុគ្គលិក​សិក្សា​ជាង ​១​ពាន់​នាក់។ 

ក្នុង​វិស័យ​សុខាភិបាល លោក​វេជ្ជបណ្ឌិត គួច ម៉េងលី វិនិយោគ​​លើ​ការ​បង្កើត​និង​ដំណើរការ​គ្លីនិក​ចំនួន ៧។ ក្រៅ​ពី​កិច្ចការ​ជំនួញ លោកឧកញ៉ា​បាន​បរិច្ចាគថវិកា​​ជា​ច្រើន​ដើម្បី​សង់​សាលារៀន បង្កើត​មូលនិធិ​ជួយ​អ្នក​ក្រីក្រ និង​ចូលរួម​កិច្ចការ​សង្គម​ជាច្រើន។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែង​ថា៖ «ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ទាន អត់​ចូល​ចិត្ត​ធ្វើ​បុណ្យ​ទេ ព្រោះ​ធ្វើ​បុណ្យ​ដើម្បី​ឲ្យ​មាន​​សម្ផស្ស មាន​បាន និង​បាន​ធំដុំ​នៅ​ជាតិ​ក្រោយ វា​មើល​អត់​ឃើញ មិន​ដឹង​ជាតិ​ក្រោយ​យើង​កើត​ជា​ជន្លេន កណ្តុរ ឬ​អត់​ចាប់​ជាតិ​ក៏​មិន​ដឹង។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ទាន ដែល​ឃើញ​ភ្លាមៗ ដូចជា ឃើញ​គេ​ឃ្លាន យើង​ឲ្យ​បាយ​គេ​ញ៉ាំ ឃើញ​គេ​រងារ យើង​ឲ្យ​អាវ​ពាក់ ឃើញ​គេ​អត់​ការងារ យើង​ឲ្យ​ការងារ​ធ្វើ ព្រោះ​វា​ឃើញ​នឹង​ភ្នែក វា​ពិត​ជា​ស័ក្តិ​សិទ្ធ​មែន»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិក អតីត​បុគ្គលិក​និង​អ្នក​គាំទ្រ​បើក​យុទ្ធនាការ​​សង្គ្រោះ​កាសែត​ខេមបូឌា​ដេលី

ព័ត៌មាន
បុគ្គលិក​​ អតីត​បុគ្គលិក និង​អ្នកគាំទ្រ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ជួយ​សង្រ្គោះ​កាសែត ខេមបូឌាដេលី តាម​បណ្តាញ​សង្គម​ក្នុង​សប្តាហ៍​នេះ ខណៈ​…

តំណក់​ប្រេង​ដំបូង​​នឹង​ជំរុញ​ឲ្យ​កម្ពុជា​​​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី?

ព័ត៌មាន
អ្វីៗ​ទើប​តែ​បាន​ឈាន​មក​ដល់​ចំណុច​ចុង​បញ្ចប់​នៃ​កញ្ចប់​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ប្លុក អេ ក្នុង​ដែន​សមុទ្រ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ