ក្រុមហ៊ុនខ្មោចឆៅ ជាទូទៅមានប្រាក់ចំណូលធ្លាក់ចុះ បំណុលច្រើន និងសមត្ថភាពសងបំណុលទាប ប៉ុន្តែនៅតែអាចបន្តខ្ចីប្រាក់។ បញ្ហានេះធ្វើឱ្យអាជីវកម្មដែលមានផលិតភាពពិបាកទទួលបានឥណទាន ហើយក៏ធ្វើឱ្យការប្រកួតប្រជែង និងការវិនិយោគធ្លាក់ចុះផងដែរ។ ប្រព័ន្ធប្រកាសក្ស័យធន ដែលមានភាពកម្សោយ និងដំណើរការតុលាការយឺតយ៉ាវ កាន់តែធ្វើឱ្យបញ្ហាធ្ងន់ធ្ងរ ព្រោះក្រុមហ៊ុនដែលមិនអាចរស់បាននៅតែអាចបន្តដំណើរការរយៈពេលជាច្រើនឆ្នាំ។ ធនាគារ ក៏នៅតែអាចបន្តផ្តល់ប្រាក់កម្ចី ដោយសារការបង្ខំឱ្យក្រុមហ៊ុនប្រកាសក្ស័យធនអាចចំណាយថ្លៃដើមខ្ពស់ និងមានភាពមិនប្រាកដប្រជា។
ធនាគារ ADB បានបង្ហាញថា កំណែទម្រង់ប្រព័ន្ធប្រកាសក្ស័យធនដែលមានប្រសិទ្ធភាព អាចជួយផ្លាស់ប្តូរស្ថានការណ៍នេះតាមរយៈការធ្វើឱ្យការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឬការបិទក្រុមហ៊ុនដែលមិនអាចរស់បានប្រព្រឹត្តទៅបានលឿន និងច្បាស់លាស់ជាងមុន។ វានឹងកាត់បន្ថយហានិភ័យសម្រាប់ម្ចាស់បំណុល ហើយជំរុញឱ្យរំហូរឥណទានហូរទៅកាន់ក្រុមហ៊ុនដែលមានសមត្ថភាពប្រើប្រាស់ដើមទុនបានល្អជាងមុន។ ការសិក្សាបានបង្ហាញថា កំណែទម្រង់បែបនេះអាចជួយបង្កើនផលិតភាពសរុបប្រមាណ៣,៥% ក្នុងរយៈពេល៥ឆ្នាំ ជាពិសេសនៅវិស័យដែលមានក្រុមហ៊ុនជួបវិបត្តិច្រើន ប៉ុន្តែកំណែទម្រង់មិនអាចផ្តល់លទ្ធផលភ្លាមៗនោះទេ។ ក្រុមហ៊ុននានាត្រូវការពេលវេលា ដើម្បីរៀបចំរចនាសម្ព័ន្ធ ឬបិទអាជីវកម្ម ខណៈក្រុមហ៊ុនរឹងមាំត្រូវការពេលវេលា ដើម្បីយកដើមទុនដែលត្រូវបានបញ្ចេញទៅវិនិយោគ និងពង្រីកអាជីវកម្ម។
សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកការអនុម័តច្បាប់ក្ស័យធនថ្មី គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដែលទាមទារឱ្យតុលាការត្រូវមានធនធានគ្រប់គ្រាន់ នីតិវិធីត្រូវមានប្រសិទ្ធភាព និងច្បាប់ត្រូវអនុវត្តបានជាក់ស្តែង។ ប្រសិនបើធ្វើបានល្អ កំណែទម្រង់នេះអាចដោះលែងដើមទុនដែលជាប់គាំង ពង្រឹងអាជីវកម្ម ដែលមានផលិតភាព បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង៕
ដោយ: តែម សុខុម