សារព័ត៌មាន The Independent បានរាយការណ៍ថា ស្ថាប័នកំពូលពិភពលោកទាំងពីរ រួមមាន អង្គការសហប្រជាជាតិ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសទាំងអស់ប្រញាប់ប្រញាល់អនុម័តវិធានការហាមឃាត់ និងរឹតបន្តឹងលើប្រព័ន្ធអាវុធស្វ័យប្រវត្តិ ឬដែលគេស្គាល់ទូទៅថា រ៉ូបូតឃាតករ ព្រោះវាជាសព្វាវុធដ៏គ្រោះថ្នាក់ចំពោះមនុស្សជាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ លោកស្រី អាឡិចសានដ្រា វេលូស៊ី (Alessandra Vellucci) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានគូសបញ្ជាក់សាររួមគ្នារវាងអគ្គលេខាធិការ UN និងប្រធានកាកបាទក្រហមអន្តរជាតិថា ឥឡូវនេះពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការរត់ប្រជែងគ្នាផ្នែកសព្វាវុធ និងការអនុញ្ញាតឱ្យម៉ាស៊ីនសម្រេចចិត្តវាយប្រហារលើជីវិតមនុស្សដោយស្វ័យប្រវត្តិរបស់ប្រទេសមហាអំណាច។
ស្ថាប័នទាំងពីរបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាយោធាកំពុងបោះពួយទៅមុខក្នុងល្បឿនលឿនបំផុត ដែលកំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបង្កើតឱ្យមានគម្លាតកាន់តែធំរវាងសមត្ថភាពបច្ចេកទេសអាវុធ និងបទប្បញ្ញត្តិច្បាប់។ ស្ថាប័នទាំងពីរបានព្រមានថា ប្រព័ន្ធអាវុធស្វ័យប្រវត្តិមិនមែនជារឿងរវើរវាយក្នុងអនាគតដ៏ឆ្ងាយទៀតនោះទេ ប៉ុន្តែការរត់ប្រណាំងបច្ចេកវិទ្យានេះកំពុងកើតឡើងយ៉ាងពិតប្រាកដក្នុងពេលបច្ចុប្បន្ននេះ៕
ដោយៈ សរ សុជាតិ