
ការយកពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើការនាំចូលទំនិញពីប្រទេសរាប់សិបបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា ធ្វើឱ្យពន្ធនាំចូលជាមធ្យមរបស់អាម៉េរិកឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សមកនេះ ដោយប្រទេសមួយចំនួនប្រឈមនឹងពន្ធពី១០% ទៅ៥០%។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហូវើដ លូនិក បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News បានបង្ហាញក្តីរំពឹងខ្ពស់ថា តាមរយៈការដំឡើងពន្ធនេះ អាម៉េរិកនឹងអាចប្រមូលចំណូលពន្ធបាន៥០ពាន់លានដុល្លារ ឬច្រើនជាងនេះក្នុងមួយខែៗចាប់ខែសីហា នេះទៅ ពោលគឺកើនឡើងពី៣០ពាន់លានដុល្លារកាលពីខែកក្កដា។
លោក លូនិក បានបន្ថែមថា តួលេខនេះមិនទាន់រាប់បញ្ចូលទាំងការយកពន្ធពីវិស័យផ្សេងៗទៀតដូចជាបន្ទះឈីប និងវេជ្ជសាស្ត្រនៅឡើយទេ ខណៈលោក ត្រាំ គ្រោងនឹងយកពន្ធប្រហែល១០០% លើការនាំចូលបន្ទះឈីប និងប្រហែល២៥០% លើការនាំចូលឱសថ។ លោក លូនិក បានបន្ថែមថា ប្រសិនបើដូច្នេះមែន ពេលនោះចំណូលពន្ធរបស់អាម៉េរិកនឹងកើនឡើងច្រើនជាង៥០ពាន់លានដុល្លារទៅទៀត។
ស្របពេលអាម៉េរិកទទួលបានចំណូលពន្ធដ៏ច្រើនបែបនេះ ក្រុមអ្នកសេដ្ឋកិច្ចបានរំពឹងទុកថា អ្នកប្រើប្រាស់នៅអាម៉េរិក ក៏អាចនឹងរងផលប៉ះពាល់ពីការយកពន្ធខ្ពស់នេះក្នុងកម្រិតតិច ឬច្រើនចៀសមិនផុតនោះឡើយ ព្រោះថា តម្លៃទំនិញប្រើប្រាស់សព្វសារពើនឹងត្រូវឡើងថ្លៃដើម្បីទូទាត់នឹងការចំណាយទៅលើពន្ធខ្ពស់ ដែលត្រូវបានដំឡើងដោយលោក ត្រាំ នេះ។
យ៉ាងណាមិញ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថ្មីៗនេះថា តម្លៃលក់រាយសម្រាប់គ្រឿងទេស គ្រឿងសង្ហារិម និងឧបករណ៍ប្រើប្រាស់ផ្សេងៗបានចាប់ផ្តើមកើនឡើងនៅក្នុងខែមិថុនា ខណៈអ្នកសេដ្ឋកិច្ចរំពឹងថា វិស័យជាក់លាក់មួយចំនួនដូចជារថយន្ត និងដែកថែបជាដើមនឹងឡើងថ្លៃជិត ២% នៅក្នុងរយៈពេលខ្លី ដែលធ្វើឱ្យពលរដ្ឋមួយគ្រួសារៗខាតបង់២,៤០០ដុល្លារ៕
ដោយ៖ សុខ មង្គល