ទេសចរណ៍

កម្ពុជា​បាន​ស្វាគមន៍​សណ្ឋាគារ​ប្រណីត​លំដាប់​ពិភពលោក​មួយ​ទៀត​ហើយ!


ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ចិន​មួយ​ទៀត​ហើយ ដែល​មាន​ទ្រព្យ​សកម្ម​រហូត​ដល់​ជាង​១០០​ពាន់​លាន​ដុល្លារ បាន​សម្រេច​បោះ​ទុន​វិនិយោគ​យ៉ាង​ក្រាស់​ក្រែល ដើម្បី​សាង​សង់​សណ្ឋាគារ​លំដាប់​ថ្នាក់​ពិភព​លោក​ថ្មី​មួយ នៅ​ចំ​តំបន់​ដ៏​មាន​សក្ដានុពល​បំផុត​នៃ​រាជ​ធានី​ភ្នំពេញ គឺ​តំបន់​ទីក្រុង​រណប​កោះ​ពេជ្រ។
គម្រោង​អគារ​ខ្ពស់​ស្កឹមស្កៃ Riviera នៅ​លើ​កោះពេជ្រ រាជ​ធានី​ភ្នំពេញ។
ដោយ

ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​ភាព​វិជ្ជមាន​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​បំផុត​នៃ​ពិភព​លោក​មួយ​​នេះ​បាន​ក្លាយ​ទៅ​ជា​ដុំ​ពេជ្រ​ដ៏​ភ្លឺ​ត្រចះ​ត្រចង់​មួយ​នៅ​ក្នុង​​ក្រសែ​​ភ្នែក​វិនិយោគិន​ធំៗ​ពី​​ប្រទេស​​អភិវឌ្ឍន៍។ ក្នុងនោះ ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ ដែល​ទ្រទ្រង់​ដល់​កំណើន​នៃ​វិស័យ​ទេសចរណ៍ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា ក៏​មាន​ការ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​​រយៈ​ចុង​ក្រោយ​នេះ តួយ៉ាង មាន​សណ្ឋាគារ​ប្រណីតៗ​លំដាប់​ពិភព​លោក​ជា​ច្រើន​បាន​បោះទុន​រាប់​រយ​លាន​ដុល្លារ​មក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។

ជាក់​ស្ដែង កាល​ពី​ពេល​ថ្មីៗ​នេះ សណ្ឋាគារ​លំដាប់​ថ្នាក់​ខ្ពស់​ថ្មី​មួយ​ទៀត ឈ្មោះ ហ្រ្គីនលែន ផ្លាទីនីម (Greenland Platinum) ដែល​ស្ថិត​ក្រោម​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Greenland Group ដែល​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​យ៉ាង​ច្រើន​នៅ​កម្ពុជា ដោយ​គម្រោង​សណ្ឋាគារ​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​នៅ​លើ​អគារ​ដ៏​ធំ​ស្កឹមស្កៃ នៃ​គម្រោង ឌីអាយ រីវើរ៉ា (D.I. Riviera) របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ជីហ្សាំង អ៊ីនវេសមិន ខេមបូឌា (Jixiang investment cambodia)។ 

យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​នេះ​មិន​បាន​បញ្ជាក់​ពី​ទុន​វិនិយោគ​សរុប​និង​រយៈពេល​នៃ​ការ​សាងសង់ ក៏​ដូចជា​ការ​សម្រេច​គម្រោង​នៅ​ពេល​ណា​មួយ​ជាក់​លាក់​នៅ​ឡើយ​ទេ។ 

លោក Yuliang Zhang ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Greenland Group បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​និង​កម្ពុជា​គឺ​ជា​អ្នក​ជិត​ខាង​ល្អ និង​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​យូរ​លង់​ណាស់​មក​ហើយ ជា​ពិសេស រយៈ​ពេល​ចុង​ក្រោយ​នេះ ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ផង​ដែរ។ 

អ្វី​ដែល​ពិសេស​ជាង​នេះ គឺ​លោក Zhang មើល​ឃើញ​ថា រាជ​ធានី​ភ្នំពេញ ក៏​ជា​ទីតាំង​ដ៏​មាន​​សក្តានុពល​ខ្លាំង​បំផុត​សម្រាប់​ការ​វិនិយោគ​សម្រាប់​បច្ចុប្បន្ន​និង​អនាគត ពិសេស គឺ​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​តែ​ម្ដង ខណៈ​ប្រជាជន​ចិន​បាន​ចូល​មក​វិនិយោគ ស្នាក់នៅ ក៏​ដូចជា​ធ្វើ​ដំណើរ​កម្សាន្ដ​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​សណ្ឋាគារ​របស់​ចិន​ដែល​គ្រោង​នឹង​សាងសង់​ថ្មី​នេះ កន្លង​មក​ក៏​មាន​សណ្ឋាគារ​ប្រណីតៗ​លំដាប់​ខ្ពស់​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​និង​កំពុង​សម្រុក​ការ​សាងសង់​របស់​ខ្លួន​នៅ​កម្ពុជា​ផង​ដែរ។ តួយ៉ាង សណ្ឋាគារ Marriot របស់​អាមេរិក ដែល​បាន​បោះទុន​ជា​ច្រើន​រយ​លាន​ដុល្លារ និង​កំពុង​សាងសង់​នៅ​ខេត្ត​សៀមរាប ភ្នំពេញ ដែល​ត្រៀម​នឹង​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ។ សណ្ឋាគារ​មួយ​នេះ  ក៏​មាន​គម្រោង​ទៅ​បន្ត​សាងសង់​សាខា​បន្ថែម​មួយ​ទៀត​នៅ​ខេត្ត​ព្រះ​សីហនុ​នៅ​ឆ្នាំ​ខាង​មុខ​ផង​ដែរ។

ជាមួយគ្នា​នេះ សណ្ឋាគារ​និង​រមណីយដ្ឋាន Rosewood ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​នៃ​អគារ​វឌ្ឍនៈ ក៏​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ ខណៈ​ដែល​កន្លង​មក​សណ្ឋាគារ​មួយ​នេះ ធ្លាប់​បាន​ប្រកាស​ថា នឹង​បើក​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ។ 

ប៉ុន្ដែ គិត​មក​ទល់​ខែ​កញ្ញា​នេះ គេ​មិន​ទាន់​ឃើញ​សណ្ឋាគារ​លំដាប់​ពិភព​លោក​មួយ​នេះ បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ បើ​តាម​ការ​លើក​ឡើង​​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សណ្ឋាគារ Rosewood នេះ ក៏​មាន​គម្រោង​នឹង​បើក​សាខា​របស់​ខ្លួន​ថ្មី​មួយ​ទៀត នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​ផង​ដែរ។ 

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ធ្លាប់​បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​តែ​កន្លះ​ទសវត្សរ៍​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​នឹង​សាងសង់​សណ្ឋាគារ​នៅប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់​​ឲ្យ​បាន ១០០​សណ្ឋាគារ ដើម្បី​បម្រើ​ដល់​កំណើន​ភ្ញៀវ​ទេសចរ ដែល​កំពុង​តែ​មាន​ការ​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍ បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សណ្ឋាគារ​សរុប​ចំនួន ៦៤៧​កន្លែង ស្មើ​នឹង​ជាង ៣៦.២៣៦​បន្ទប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុង​មួយ​នៅ​វៀតណាម​ហាម​ការ​ស្លៀក​ខោ​​ខូវប៊យ​​នៅ​កន្លែង​ធ្វើការរដ្ឋ

ព័ត៌មាន
ទីក្រុង​កាន់ថូ (Can Tho) នៃ​វៀតណាម​ភាគ​ខាងត្បូង បាន​ចេញ​ក្រម​ប្រតិបត្តិ​ថ្មី​មួយ​ សម្រាប់​មន្ត្រី​រាជការ​ ដោយ​ហាមប្រាម​ការ​ស្លៀក​ខោ​ខូវ…

នៅ​អាស៊ី ប្រទេស​៣​​ជាប់​ក្នុង​បញ្ជី​ប្រទេស​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក​ទាំង​២០

ព័ត៌មាន
គេហ​ទំព័រ​ដែល​សរសេរ​អំពី​ការធ្វើ​ដំណើរ​ដ៏​ល្បី​មួយ ឈ្មោះ Rough Guides បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ស្ទង់​មតិ​ឆ្នាំ២០១៤​របស់​ខ្លួន ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ