អាស៊ាន-ទីម័រឡេស្តេ

អាស៊ានអនុញ្ញាតជាគោលការណ៍ឱ្យទីម័រឡេស្តេក្លាយជាសមាជិកទី១១តែគ្រោងអនុម័តជាផ្លូវការនៅកិច្ចប្រជុំអាស៊ានឆ្នាំក្រោយ


អំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ថ្នាក់ដឹកនាំអាស៊ាន បានសម្រេចជាគោលការណ៍ ឱ្យទីម័រឡេស្តេ ឬទីម័តខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ ចេញផ្សាយនាថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២។
អាស៊ានអនុញ្ញាតជាគោលការណ៍ឱ្យទីម័រឡេស្តេក្លាយជាសមាជិកទី១១តែគ្រោងអនុម័តជាផ្លូវការនៅកិច្ចប្រជុំអាស៊ានឆ្នាំក្រោយ

យោងតាមសេចក្តីថ្លែងការណ៍ដដែល ទោះបីអាស៊ានបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យទីម័តចូលជាសមាជិកទី១១ក៏ដោយ ក៏ប៉ុន្តែការអនុម័តសមាជិកភាពជាផ្លូវការគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ ពោលគឺនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាក៏ដោយ អាស៊ានបានផ្តល់ឋានៈបណ្តោះអាសន្នឱ្យទីម័រឡេស្តេ ជាប្រទេសសង្កេតការណ៍ដល់ ព្រមទាំងអនុញ្ញាតឱ្យទីម័រឡេស្ដេចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ សូម្បីតែ សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ផងដែរ។

សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានគូសបញ្ជាក់ពីការឯកភាពគ្នាដើម្បីបង្កើតជាផែនទីបង្ហាញផ្លូវសម្រាប់ទីម័រចូលជាសមាជិកពេញសិទ្ធិ។ គួរជម្រាបថា អាស៊ានបានប្រគល់ភារកិច្ច ទៅឱ្យក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២។

គួរជម្រាបថា មិនថាតែកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ និងសមាជិកអាស៊ានទាំងមូលនោះទេ សុទ្ធតែបានជ្រោមជ្រែង និងសម្របសម្រូលឱ្យទីម័រអាចចូលជាសមាជិកអាស៊ានបានឆាប់រហ័ស។ ជាក់ស្តែង នៅក្រោយកិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលអាស៊ានចង្អៀតលើកទី៤១ ប្រទេសសមាជិកបានអំពាននាវដល់ដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រ ពេញលេញចំពោះទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់ណាមួយសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ដេ។

អាចនិយាយបានថា កិច្ចខិតខំប្រឹងប្រែងអស់ជាង១ទសវត្សមកនេះ អាចសម្រេចតាមការចង់បានភាគច្រើនទៅហើយ ដោយខ្វះតែបន្តិចទៀតប៉ុណ្ណោះ ទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ជាក់ស្តែង កាលពីចុងខែកញ្ញាកន្លងទៅ អំឡុងពេលដែលសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបសមភាគីទីម័រលេស្ដនៅឯអង្គការសហប្រជាជាតិ សម្តេចបានបង្ហាញភាពជឿជាក់ថា សមាជិកទី១១របស់អាស៊ាន គឺប្រទេសទីម័រឡេស្តេនឹងត្រូវប្រកាសជាផ្លូវការនៅចុងឆ្នាំ២០២២នេះ ហើយនឹងអាចចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣ខាងមុខ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ អាស៊ានកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត

ព័ត៌មាន
បទបើទោះបីស្ថានភាពការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ សកលមានភាពស្រាកស្រាន្តក៏ពិតមែន តែសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពិភពលោកនៅតែមានភាពផុយស្រួយ និង…

ជប៉ុនផ្ដល់ជំនួយជាង ៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសំខាន់ចំនួន៤

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ