ហានិភ័យសង្គម

អាជ្ញាខេត្តកែបរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ខណៈអ្នកជំនាញស្នើឱ្យអាជ្ញាធរបង្កើនការរឹតបន្តឹងលើការផ្សព្វផ្សាយ


ផ្ទាំងផ្សព្វផ្សាយស្រាបៀរ នៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្តកែប ត្រូវបានអាជ្ញាធរចុះរុះរើទម្លាក់ចុះ ក្នុងបំណងកាត់បន្ថយការផ្សព្វផ្សាយពីគ្រឿងស្រវឹង និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារឥទ្ធិពលនៃការទទួលទានគ្រឿងស្រវឹង ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងក្នុងខេត្តនេះផងដែរ។
ហានិភ័យសង្គម
ដោយ

អភិបាលខេត្តកែប បានចាត់ទុកការរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរ នៅតាមដងផ្លូវសំខាន់ៗមួយចំនួននេះថា គឺជាការរួមចំណែកកាត់បន្ថយហានិភ័យនៅក្នុងសង្គម ខណៈអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលគិតគូរ និងមានវិធានការតឹងរ៉ឹងក្នុងការផ្សព្វផ្សាយពីគ្រឿងស្រវឹង។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យលើផ្ទាំងប៉ាណូ ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ដែលដាក់តាំងបង្ហាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ទោះបីផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង មានច្បាប់អនុញ្ញាត និងរកចំណូលចូលថវិកាជាតិក៏ដោយ តែថ្នាក់ដឹកនាំខេត្តកែបរូបនេះ អះអាងថា ហានិភ័យសង្គមមួយផ្នែកធំបានកើតចេញពីគ្រឿងស្រវឹង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងគិតពិចារណាឡើងវិញ។ ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាឱ្យអាជ្ញាធរត្រូវគ្រប់គ្រងការដាក់ស្លាក ឬផ្ទាំងផ្សព្វផ្សាយតាមផ្ទះ និងទីតាំងឯកជន ព្រមទាំងតាមទីតាំងសាធារណៈរបស់រដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងស្រវឹង និងផលប៉ះពាល់សង្គមនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈការផ្សងយករង្វាន់ និងការទទួលទានគ្រឿងស្រវឹងនាពេលបច្ចុប្បន្ន កំពុងមានសកម្មភាពកាន់តែផុសផុល និងជិតក្លាយជាទម្លាប់ប្រចាំថ្ងៃ។

បញ្ហានេះត្រូវបានអ្នកជំនាញរូបនេះ បង្ហាញការព្រួយបារម្ភពីឥទ្ធិពល នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលពិបាកក្នុងការទប់ស្កាត់ ហើយជះឥទ្ធិពលមិនល្អដល់សង្គម ដូចជាករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សជាដើម។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ទទួលស្គាល់ថា នៅលើពិភពលោក គឺគ្មានប្រទេសណាមួយដែលមិនមាន សុរា ឬស្រាបៀរនោះទេ ប៉ុន្តែបញ្ហាទាំងនេះ គឺទាមទារឱ្យអ្នកពាក់ព័ន្ធត្រូវថ្លឹងថ្លែង ដើម្បីកាត់បន្ថយការផ្សព្វផ្សាយតាមគ្រប់រូបភាព និងវិធីសាស្រ្តជាច្រើនទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានហាមមិនឱ្យមានការផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់គ្រឿងស្រវឹង ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោក ដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។ ជាពិសេស ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ លើសពីនេះ រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយគ្រប់ទម្រង់ត្រូវដាក់សារព្រមាន ដូចជាពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬពិសាដោយការទទួលខុសត្រូវ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយមិនអនុវត្តតាមការណែនាំនេះ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ហើយចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណា ដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យា ដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារប្រ៊ីដ ផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត

ព័ត៌មាន
ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងស្រុកបានផ្តល់ជូននូវ សេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានចុះកិច្ចអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ គ្…

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទុនវិនិយោគជាង១ពាន់២រយលានដុល្លារ

ព័ត៌មាន
បច្ចុប្បន្នមានក្រុមហ៊ុនជាង២៣០ក្រុមហ៊ុនមកពី១០ប្រទេស កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយទុនវិនិយោគជាង១ពាន់២រយលានុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ