ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានចាត់ទុកការកើនឡើងយ៉ាងគំហុកនៃប្រាក់ចំណូល និងបរិមាណទូកុងតឺន័រ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅត្រីមាសទី១ ឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីកំណើន និងការរីកចម្រើននៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ទោះរងការគំរាមកំហែងពីវិបត្តិសកល។ បន្ថែមលើនេះ វាក៏បានបង្ហាញថា កម្ពុជា កំពុងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា ផងដែរ។ បើតាមអ្នកជំនាញរូបនេះ លទ្ធផលនេះ ក៏បានបង្ហាញពីប្រសិទ្ធភាព នៃការអភិវឌ្ឍរបស់កំពង់ផែ ដែលបានជួយបង្កើនសមត្ថភាព និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងកំណើននៃការតភ្ជាប់ផ្លូវដឹកជញ្ជូនត្រង់របស់កំពង់ផែនេះ។
បើយោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណទូកុងតឺន័រចេញចូលសរុបជាង៣៧ម៉ឺន TEUs កើនឡើងជាង៣៨% និងរកចំណូលបានជាង៤៣លានដុល្លារ កើនឡើងដល់ជាង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនប្រាក់ចំណូលនេះ ត្រូវបានជំរុញដោយការកើនឡើងនៃចំណូលសេវាកម្មលើកដាក់ ផ្ទេរ-ផ្ទុក ពីនាវាទៅទីលាន, ចំណូលសេវាកម្មលើកដាក់កុងតឺន័រនៅទីលាន, ចំណូលពីសេវាកម្មនាវាចរ និងចំណូលថ្លៃឈ្នួលស្តុកទំនិញ ឬកុងតីន័រនៅឃ្លាំង និងទីលាន៕