ការបន្តសេសសល់នៃក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនេះកំពុងបង្កើតជាចម្ងល់ក្នុងរង្វង់មហាជន ខណៈរដ្ឋាភិបាលធ្លាប់បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់ត្រឹមខែមេសា កន្លងទៅ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះការបង្រ្កាបសកម្មភាពឆបោកតាមអនឡាញរបស់រដ្ឋាភិបាល តែទាមទារឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវបង្កើនល្បឿននៃការបង្ក្រាបបន្ថែមទៀត ដើម្បីស្តារមុខមាត់ប្រទេសកម្ពុជា ក៏ដូចជាផ្ដល់សន្តិសុខ និងសុវត្ថិភាពនៅក្នុងសហគមន៍។ ការជំរុញបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះជឿជាក់ថា កាលណាការបង្ក្រាបបទឆបោកតាមបច្ចេកវិទ្យានេះបន្តអូសបន្លាយចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្ពុជា។ យ៉ាងណាមិញអ្នកជំនួញរូបនេះជឿជាក់ នៅពេលណាដែលអាជ្ញាធរបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបញ្ហាចោរកម្មតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ វានឹងរួមចំណែកជួយទាក់ទាញអ្នកវិនិយោគ ស្របតាមអ្វីដែលជាសកម្មភាពរបស់រដ្ឋាភិបាលក្នុងការដើរគោះទ្វារទាក់ម៉ូយនាពេលកន្លងមក។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា យល់ឃើញថា ប្រសិនបើវិធានការបង្ក្រាបសកម្មភាពឆបោកតាមអនឡាញមានភាពយឺតយ៉ាវ ឬមិនទទួលបានលទ្ធផលល្អពេញលេញទេនោះ វានឹងជះឥទ្ធិពលដល់ទំនុកចិត្តលើការអនុវត្តច្បាប់របស់អាជ្ញាធរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដរាបណាសកម្មភាពឆបោកតាមអនឡាញនៅតែកើតមាន វានឹងបន្តបង្កើតឱ្យមានជនរងគ្រោះថ្មីៗបន្ថែមទៀត ហើយវានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ក្រោយអាជ្ញាធរបើកយុទ្ធនាការបង្ក្រាបយ៉ាងក្តៅគគុកបានធ្វើឱ្យក្រុមឧក្រិដ្ឋជនរុះរើទីតាំង និងបំបែកខ្លួនជាក្រុមតូចៗ ដើម្បីបង្វែរដានសមត្ថកិច្ច។ តែយ៉ាងណាលោកបណ្ឌិតសង្ឃឹមថា អាជ្ញាធរនឹងខិតខំបង្ក្រាបក្រុមទាំងនោះបន្តទៀត។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ដោយដាក់ឱសានវាទក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសឱ្យអស់ត្រឹមខែមេសា ព្រមទាំងបានរៀបចំបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង ដើម្បីដាក់ទោសទណ្ឌលើអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ។ ការបង្ក្រាបដ៏ក្តៅគគុកនៅប៉ុន្មានខែកន្លងមកនេះ បានឈានទៅដល់ការបង្ក្រាបទីតាំងខុសច្បាប់ជាច្រើនកន្លែង ចាប់ខ្លួនមេខ្លោង និងបានបណ្តេញជនបរទេសដែលពាក់ព័ន្ធរាប់ពាន់នាក់ចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់៕
អត្ថបទ៖ បូ ដូឡា