អចលនទ្រព្យ-​ការិយាល័យ

រាជធានីភ្នំពេញនឹងមាន co-working space ដ៏ធំបំផុត បើកឲ្យដំណើរការនៅដើមឆ្នាំនេះ


បួន​ប្រាំឆ្នាំមុន បើ​និយាយ​អំពី​ការិយាល័យ​ធ្វើការ​រួម ឬ​ហៅថា co-working space គ្មាន​អ្នក​ណា​ស្គាល់​ទេ។ ប៉ុន្តែ ឥឡូវ ខណៈ​ដែល​និស្សិត​ឬ​អ្នក​ធ្វើការ​វ័យក្មេងៗ​ផ្លាស់ប្ដូរ​របៀប​ធ្វើការ​ថ្មី ដោយ​ចូលចិត្ត​ធ្វើការ​នៅ​ទី​ណា​ក៏​បាន ពេល​ណា​ក៏​បាន ការិយាល័យ​ការងារ​រួម​បាន​និង​កំពុង​ក្លាយ​ជា​ទំនោរ​កាន់​តែ​ពេញ​និយម ជាពិសេស នៅ​រាជ​ធានី​ភ្នំពេញ។
Factory Phnom Penh ជា​ការិយាល័យ​រួម (co-working space) ដ៏ធំ​មួយ​ ដែល​អ្នក​អភិវឌ្ឍ​អះអាងថា នឹង​សង់រួច​រាល់ និង​បើក​ឲ្យ​ដំណើរការនៅ​ដើម​ឆ្នាំ​នេះ។
ដោយ

សព្វថ្ងៃ ការិយាល័យរួម ឬ co-working space កើត​ឡើង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​ភ្នំពេញ។ ហើយ​ឆាប់ៗ​​នេះ co-working space ដ៏ធំបំផុត​និង​ដែល​មានភាព​ច្នៃ​ប្រឌិត​បំផុត នឹង​លេច​ចេញ​ជា​រូបរាង​មួយ​ទៀត​ហើយ ដោយ​មាន​ឈ្មោះ​ថា Factory Phnom Penh

អ្នក​អភិវឌ្ឍ​ដាក់​ឈ្មោះ​ថា Factory Phnom Penh ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា រោងចក្រ​ភ្នំពេញ ដោយសារតែ​កាល​ពី​មុន ទីនេះ​គឺ​ជា​រោងចក្រ​កាត់ដេរ​ដ៏​ធំបំផុត​មួយ ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​ដល់​ទៅ ៣ហិកតា​កន្លះ។ ហើយ​ឥឡូវ​នេះ ទីនេះ នឹង​ត្រូវប្រែក្លាយ​ជា​ការិយាល័យ​ធ្វើការរួម (co-working space) ដ៏​ធំ​ ទំនើប និង​មាន​ភាព​ច្នៃ​ប្រឌិត​បំផុត។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន និង​ខុនដូ ឈ្មោះ Urban Living Solutions។ 

លោក Corbett Hix មកពីសហរដ្ឋអាមេរិក គឺជាអ្នក​គ្រប់គ្រង​ទូទៅ នៃ​គម្រោង​ការិយាល័យ​ធ្វើការរួម Factory Phnom Penh នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Urban Living Solutions។

លោក Corbett Hix ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ខេមបូណូមីស ដូច្នេះថា ៖ «Factory Phnom Penh វា​មិនមែន​ត្រឹម​តែ​ជា​ការិយាល័យ​រួម​នោះ​ទេ វា​មាន​ទំហំ​ធំ​ទូលាយ ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត។ ទីនេះ ជា​កន្លែង​ដែល​មនុស្ស​ម្នា​មក ដើម្បី​បាន​ជា​គំនិត​ប្លែកៗ ជា​កន្លែង​ដែល​ជំរុញ​ផលិតភាព​ការងារ។ ពីមុន ទីនេះ​គឺ​ជា​រោងចក្រ​កាត់ដេរ។ ឥឡូវនេះ យើង​ចង់​ប្រែក្លាយ​វា​ទៅ​រោងចក្រ​គំនិត សម្រាប់​អាជីវកម្ម សម្រាប់​អ្នក​ច្នៃ​បង្កើត​វ័យក្មេងៗ»។

Factory Phnom Penh គឺ​ជា​គម្រោង ៥​ឆ្នាំ ដែល​វិនិយោគ​និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urban Living Solutions។ ម្ចាស់​គម្រោង​ឲ្យ​ដឹង​ថា ការិយាល័យ​ធ្វើការ​រួម Factory Phnom Penh បង្កើត​ឡើង​សម្រាប់​ជា​កន្លែង​បណ្ដុះ​សហគ្រិន​ជំនាន់​ថ្មី អ្នក​ច្នៃ​បង្កើត​ស្នាដៃ​ថ្មីៗ និង​អ្នក​ធ្វើការ​វ័យ​ក្មេងៗ។

បើ​តាម​លោក Corbett Hix នៅ​ដើម​ឆ្នាំ​នេះ Factory Phnom Penh នឹង​បើក​សម្ពោធ​ឲ្យ​អតិថិជន​ប្រើប្រាស់​មួយ​ដំណាក់កាល​ម្ដងៗ ដោយសារ​តែ​ទីតាំង​នេះ​មាន​ទំហំ​ធំ ដោយ​ជា​ ជា​ជំហាន​ដំបូង គឺ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ទីលំហ​ធ្វើការ​រួម ការិយាល័យ ហាង​កាហ្វេ ទីកន្លែង​សម្រាប់​ការ​ផលិត និង​អាហារដ្ឋាន។ ហើយ​ការ​អភិវឌ្ឍ​នឹង​បន្ត​ជា​ជំហានៗ​ទៅ​មុខ​ទៀត​ឥត​ឈប់​ឈរ។

រូបភាព 3D នៃ​បរិវេណ​ខាងមុខ​អគារ co-working space ឈ្មោះ Factory Phnom Penh។

មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០០​ម៉ែត្រ​ខាង​ត្បូង​ស្ពាន​អាកាស​ក្បាល​ថ្នល់ Factory Phnom Penh នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ការិយាល័យ​ធ្វើការ​រួម និង​ទីកន្លែង​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ធំ​បំផុត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ 

លោក Corbett និយាយថា គម្រោងនេះ គឺដើម្បីបម្រើដល់ប្រជាជនកម្ពុជា។ «អតិថិជន​របស់​យើង គឺ​អ្នក​មាន​ជីវភាព​មធ្យម ជា​ជំនាន់​មនុស្ស​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ ជា​សហគ្រិន​វ័យ​ក្មេង។ និយាយ​រួម​ទៅ ៧០% គឺ​សម្រាប់​ខ្មែរ ហើយ​អាយុ​គោលដៅ គឺ​ពី ២០ ដល់ ៣៥ឆ្នាំ។ នេះ​ជា​ទីផ្សារ​ស្នូល​របស់​យើង»។ 

ដូច្នេះ ប្រសិន​បើ​អ្នក​ធ្វើការ​តែ​ម្នាក់​ឯង ជា​អ្នក​ទើប​ចាប់​ផ្ដើម​អាជីកម្ម ឬ​ជា​សហគ្រិន ដែល​កំពុងរក​មើល​កន្លែង​អង្គុយ​ធ្វើការ អ្នក​អាច​ទៅ​ទស្សនកិច្ច Factory Phnom Penh ដើម្បី​ពិនិត្យ​មើល ក្រែងលោ​ត្រូវ​នឹង​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​នាំ​អង្ករ​ចូល​ពី​វៀតណាម​តាម​ច្រក​ព្រំដែន​ឆ្នាំ​២០១៧ ថយ​ចុះ​ខ្លាំង ខណៈ​ការ​នាំស្រូវ​ចេញ​ទៅ​វៀតណាម​កើន​ខ្ពស់

ព័ត៌មាន
កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ធ្លាប់​មាន​ពាក្យ​លេចឮ​នូវ​ព័ត៌មាន​ថា កម្ពុជា​បាន​នាំ​អង្ករ​ចូល​ពី​វៀតណាម​រាប់​សែន​តោន ប៉ុន្ដែ បើ​ក្រលេក​ម…

ប្រេង​សាំង​នៅ​កម្ពុជា​ឡើងថ្លៃ​ឡើង​វិញ​ដោយ​ស្ងាត់ៗ

ព័ត៌មាន
ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​សាំង​បាន​ហក់​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ធ្លាប់​តែ​បញ្ចេញ​តម្លៃ​សាំង​ប្រភេទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ