វិស័យពាណិជ្ជកម្ម

ថៃ អះអាងថា ការដោះដូរពាណិជ្ជកម្មជាមួយកម្ពុជា ធ្លាក់ចុះជិត១០០% តែរបាយការណ៍របស់កម្ពុជា ធ្លាក់ចុះតែជិត៣០% តើមកពីមូលហេតុអ្វី?


របាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសថៃ ជាមួយកម្ពុជា មានការធ្លាក់ចុះរហូតដល់៩៩,៩% នៅក្នុងខែសីហា កន្លងទៅនេះ។ ប៉ុន្តែវាហាក់មានភាពខុសគ្នាឆ្ងាយដូចមេឃ និងដីបើធៀបនឹងរបាយការណ៍ ដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយនៅក្នុងរយៈពេលដូចគ្នានេះការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ ធ្លាក់ចុះតែជិង៣០% តែប៉ុណ្ណោះ។ តើមានមូលហេតុអ្វីបានជាការកត់ត្រាការដោះដូរពាណិជ្ជកម្មរវាងថៃ និងកម្ពុជា មានភាពខុសគ្នាឆ្ងាយយ៉ាងដូច្នេះ?
វិស័យពាណិជ្ជកម្ម
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ កាលពីខែសីហា មានការធ្លាក់ចុះតែជិត៣០% ប៉ុណ្ណោះ ដោយមានការខុសគ្នាឆ្ងាយពីរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ ដែលអះអាងថា មានការធ្លាក់ចុះ៩៩,៩% ដែលវាហាក់មិនសូវសមស្របទៅនឹងភាពជាក់ស្ដែង។បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ ទោះបីថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាទាំងស្រុងជាឯកតោភាគីក្តី តែទំនិញថៃដែលមិនស្ថិតនៅក្នុងបញ្ជីហាមឃាត់នៅតែអាចនាំចូលមកកម្ពុជាតាមផ្លូវទឹក និងផ្លូវអាកាសជាដើម។ យ៉ាងណាមិញអ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា កន្លងមកការនាំចូលទំនិញរបស់ថៃមកកាន់ទីផ្សារកម្ពុជាមានទំហំធំជាងកម្ពុជានាំចូលទៅថៃឆ្ងាយណាស់ ដូច្នេះចង់ ឬមិនចង់ថៃនឹងរងការខូចខាតច្រើនជាងកម្ពុជាពីការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីរបស់ថៃនេះ។

​ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា សង្កេតឃើញថា ទោះបីពលរដ្ឋខ្មែរបានធ្វើពហិការយ៉ាងណាក្ដី ប៉ុន្តែការនាំចូលទំនិញរបស់ថៃមកកម្ពុជា នៅតែមានទំហំធំមួយដដែល ដែលជំរុញឱ្យលោកចាត់ទុកការចេញផ្សាយរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់មិនបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែង និងមានបង្កប់លក្ខខណ្ឌនយោបាយ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើជម្លោះព្រំដែនថៃ ជាមួយកម្ពុជា នៅតែកើនឡើងកម្ដៅ នោះចលនាធ្វើពហិការរបស់ពលរដ្ឋខ្មែរនឹងនៅតែបន្តផុសផុល និងជំរុញឱ្យមានការពង្រីងសមត្ថភាពផលិតក្នុងស្រុកបន្ថែមទៀត។

​ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ពិតជាបានធ្លាក់ចុះខ្លាំងពិតមែនដោយសារការដាក់សម្ពាធលើគ្នាទៅវិញទៅមក។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការកត់ត្រាតួរលេខដោះដូរពាណិជ្ជកម្មរបស់ថៃ ហាក់ខុសគ្នាឆ្ងាយជាមួយកម្ពុជា បែបនេះ ថៃ អាចកំពុងកត់ត្រាដោយលាយបញ្ចូលការធ្វើនយោបាយរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ថៃអាចនឹងកត់ត្រាដោយមិនកត់តួលេខជាក់លាក់ ដោយសារថៃ ហាក់មានបំណងបង្កបញ្ហាផ្សេងមកលើកម្ពុជា។

​បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម កត្តាដែលកម្ពុជា មិនអាចបិទការនាំចូលទំនិញទាំងស្រុងពីប្រទេសថៃបាន ក៏ព្រោះតែកម្ពុជា អនុវត្តគោលការណ៍ច្បាប់ នៃការធ្វើពាណិជ្ជកម្មរបស់អាស៊ាន និងអន្តរជាតិ ហើយការបិទមិនឱ្យចូលប្រេងឥន្ធនៈ និងឧស្ម័ន បន្លែ ផ្លែឈើរបស់រាជរដ្ឋាភិបាលកន្លងមក គឺដើម្បីឆ្លើយតបទៅភាគីថៃ ប៉ុណ្ណោះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើថៃ អាចជារដ្ឋមួយដែលកំពុងងាកចេញពីសណ្តាប់ធ្នាប់តំបន់ និងពិភពលោកឬយ៉ាងណា?

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលឈានដល់ការផ្ទុះអាវុធ ៥ថ្ងៃ កាលពីខែ កក្កដា កន្លងមកនេះ បានកើតឡើងដោយសារតែបញ្ហា នៃការអុជអាលដោយប្រើប្រ…

ជម្លោះព្រំដែនជំរុញឱ្យ ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ និងឆ្នាំក្រោយ

បញ្ហាជម្លោះព្រំដែនជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក បានជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្ទាបការព្យាករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ