
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៦,១% មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី៦,២% មកនៅត្រឹម៥% សម្រាប់ឆ្នាំ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក។ អតិផរណារបស់កម្ពុជា ត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រមាណ២% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា គឺពុំមែនមានការធ្លាក់ចុះនោះទេ ប៉ុន្តែគ្រាន់តែមានកំណើនយឺតប៉ុណ្ណោះ ដោយសារឥទ្ធិពលនៃសេដ្ឋកិច្ចសកលមិនទាន់មានភាពច្បាស់លាស់ ខណៈកម្ពុជា ត្រូវការកែទម្រង់សេដ្ឋកិច្ចមួយចំនួនបន្ថែមទៀត ដ្បិតផលិតភាពនៃកម្លាំងពលកម្មមិនទាន់អាចពង្រីកបាន ដោយសារការធ្លាក់ចុះនៃទីផ្សារសកល។ ទន្ទឹមនេះ ការកាត់បន្ថយការចាយវាយរបស់ពលរដ្ឋនៅក្នុងកាលៈទេសៈដែលកម្ពុជា មានបញ្ហាជម្លោះព្រំដែនជាមួយថៃ បានធ្វើឱ្យធ្លាក់ចុះចន្តរសេដ្ឋកិច្ចក្នុងវិស័យលក់រាយ ដែលទាញឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនយឺត។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៥នេះ គឺនៅតែមានភាពល្អប្រសើរ បើធៀបនឹងកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ានបូកបី។ ដើម្បីបន្តកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងបរិយាបន្ន កម្ពុជា ត្រូវបន្តគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី បង្កើតបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែង ពង្រឹងផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើកសិកម្មឆ្លាតវៃ ដើម្បីជំរុញដល់ការនាំចេញ។ ទន្ទឹមនេះ កម្ពុជា គួរលើកកម្ពស់ឧស្សាហកម្មបច្ចេកវិទ្យាថ្មីៗ ពង្រឹងសេវាហិរញ្ញវត្ថុសម្រាប់ SME បន្តធានាស្ថិរភាពសង្គម និងនយោបាយដើម្បីបង្កើនទំនុកចិត្តពីវិនិយោគបរទេស។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ជាង៥% នៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា អត្រាពន្ធគយរបស់អាម៉េរិក អាចនឹងធ្វើឱ្យកំណើននាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅមានកម្រិត ដែលទាមទារឱ្យកម្ពុជា ត្រូវជំរុញការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មកម្មន្តសាល និងអេឡិចត្រូនិកបន្ថែមទៀត។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី វិស័យឧស្សាហកម្មនឹងនៅតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេរបស់កម្ពុជា ដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានកើនឡើងជាង២២% នៅឆមាសទី១ឆ្នាំនេះ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាម៉េរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។ ដោយឡែកកំណើនវិស័យសេវាកម្មត្រូវបាន ធនាគារអភិវឌ្ឍន៍អាស៊ីរំពឹងថានឹងថមថយមកត្រឹម២,៨% ក្នុងឆ្នាំ ២០២៥ និង២,៦% ក្នុងឆ្នាំ ២០២៦ ខណៈវិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១% ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦៕