ប្រទេសថៃ

ធនាគារកណ្ដាលថៃព្យាករថា ការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោកនឹងមិនកើតឡើងនោះទេ ប៉ុន្តែវាមានដំណើរយឺតបន្តិច


ធនាគារកណ្តាលថៃបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកនឹងថមថយបន្តិចនៅឆ្នាំក្រោយនេះ ប៉ុន្តែមិនដល់ថ្នាក់ដាំក្បាលចុះសេដ្ឋកិច្ចនោះទេ ហើយមូលហេតុមិនធ្លាក់ចុះនេះ គឺដោយសារតែធនាគារកណ្តាលនៅទូទាំងពិភពលោកកំពុងព្យាយាមទប់ស្កាត់កម្រិតអតិផរណាកុំឱ្យកើនឡើងខ្ពស់ជាងនេះទៀត។ នេះបើតាមការរាយការណ៍របស់កាសែត Bangkok Post។
ថៃព្យាករថាសេដ្ឋកិច្ចពិភពលោកនឹងមិនកើតឡើងនោះទេ

ទេសាភិបាល​រង​នៃ​ធនាគារកណ្តាល​ថៃ ផ្នែក​ក្រុម​រៀបចំ​គោលនយោបាយ​រូបិយ​វត្ថុ លោក ភី​ទី ឌី​ស​យ៉ា​តាត (Piti Disyatat) បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នកវិភាគ​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​ថា សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​សញ្ញា​កាន់តែ​ច្បាស់​ពី​ការ​ថមថយ​នៅ​ឆ្នាំ​២០២៣ បណ្ដាល​មក​ពី​បញ្ហា​ថមថយ​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ខាង​ប្រទេស​ខាងលិច​សំខាន់​ៗ ជា​ពិសេស​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​កើនឡើង​អត្រា​អតិផរណា និង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​។

ធនាគារកណ្ដាល​ថៃ​នេះ​បាន​ព្យាករ​ថា អត្រាកំណើន GDP របស់​អឺរ៉ុប​នៅ​ឆ្នាំ​នេះ នឹង​មាន​ចំនួន ២,៨% ហើយ​វា​នឹង​ធ្លាក់​ចុះ​មក​នៅ​អត្រាកំណើន ១,៨% នៅ​ឆ្នាំ​ក្រោយ​។

ទេសាភិបាល​រង​នៃ​ធនាគារកណ្តាល​ថៃ លោក​ភី​ទី ឌី​ស​យ៉ា​តាត បាន​និយាយ​ទៀត​ថា ទោះជា​យ៉ាងណា ការ​ងើប​រើ​សេដ្ឋកិច្ច​អាស៊ី​ឡើង​វិញ​ពី​ផល​ប៉ះពាល់​ជំងឺ​កូ​វី​ដ​១៩​នឹង​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​នេះ ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​។ អត្រាកំណើន GDP របស់​ដីគោក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ចន្លោះ​ពី ៤% ទៅ​៥% ខណៈ​ដែល​អត្រាកំណើន​សម្រាប់​តំបន់​អាស៊ី​ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ជប៉ុន​នោះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​ស្ថិរភាព​សម្រាប់​ទាំង​២០២២ និង​ឆ្នាំ​២០២៣​។

ធនាគារកណ្តាល​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ព្យាយាម​ទប់ទល់​នឹង​អតិផរណា​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ ធនាគារកណ្តាល​ថៃ​យល់​ឃើញ​ថា សហរដ្ឋអាមេរិក និង​សេដ្ឋកិច្ច​ពិភពលោក​នឹង​មិន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​នោះ​ទេ ទោះបីបើ​មានការ​ព្យាករ​ពី​ការ​ថមថយ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ​ក៏​ដោយ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ថៃ​ព្រួយបារម្ភ​ថា ប្រសិនបើ​អា​មេ​រិ​ក​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​មែន​នោះ វា​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ ខណៈ​ដែល​សេដ្ឋកិច្ច​ថៃ​កំពុង​តែ​កើន​ឡើងជា​បណ្តើរ​ៗ ដោយ​ធនាគារកណ្តាល​ថៃ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន ៣,៣% នៅ​ឆ្នាំ​នេះ រួច​ហើយ​បន្ដ​កើនឡើង​ដល់ ៤,២% នៅ​ឆ្នាំ​២០២៣​។

ទេសាភិបាល​រង​ធនាគារកណ្ដាល​របស់​ថៃ បាន​គូសបញ្ជាក់​ដែរ​ថា ដោយសារ​តែ​សេដ្ឋកិច្ច​ថៃ​បាន​ស្ទុះ​ងើបឡើង​វិញ​បន្តិច​ម្តង​ៗ​ចំ​ពេល​អត្រា​អតិផរណា​ឡើង​ខ្ពស់​ទាំង​ក្នុងស្រុក​និង​ពិភពលោក​នោះ ដូច្នេះ​ហើយ​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ (MPC) របស់​ធនាគារកណ្តាល​ថៃ​ត្រូវធ្វើ​ឱ្យ​គោលនយោបាយ​រូបិយ​វត្ថុ​មាន​លក្ខណៈ​ធម្មតា ដើម្បី​ទប់ទល់​អតិផរណា​ខ្ពស់ និង​គាំទ្រ​ដល់​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ដោយ​រលូន​របស់​ប្រទេស​នេះ​ផង​ដែរ​។

លោក​ទេសាភិបាល​រង​រូប​នេះ​បាន​បន្ថែម​ថា ការ​ទប់ស្កាត់​អត្រា​អតិផរណា​កុំឱ្យ​ឡើង​ខ្ពស់​ថែម​ទៀត​នោះ គឺជា​បញ្ហា​អាទិភាព​របស់​ធនាគារកណ្ដាល​ថៃ ព្រោះ​អតិផរណា​ឡើង​កាន់តែ​ខ្ពស់​នឹង​ប៉ះពាល់​ដល់​ការ​ងើប​រើ​សេដ្ឋកិច្ច និង​អត្រាកំណើន​សម្រាប់​រយៈពេល​កាន់តែ​យូរ​ផង​ដែរ​។

លោក Piti បាន​បញ្ជាក់​ថា ធនាគារកណ្តាល​ថៃ​ជឿ​ថា​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថៃ​គឺ​មាន​កាន់តែ​ច្បាស់​នៅ​ក្នុង​ឆមាស​ទី​ពីរ​ឆ្នាំ​នេះ ហើយ​ថា អត្រា​អតិផរណា​នៅ​គ្រប់​ទីកន្លែង​រួម​ទាំង​ប្រទេស​ថៃ​ដែរ​នោះ ត្រូវ​គេ​រំពឹង​ថា​នឹង​ឡើង​ដល់​កំពូល​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ​បន្ទាប់​មក​វា​នឹង​ធ្លាក់​ចុះ​មក​វិញ​។ ប្រាក់​បាត​ថៃ អាច​ឡើងថ្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ​បន្ទាប់​ពី​សម្ពាធ​នេះ​បាន​ធូរស្រាល​វិញ​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីប្ដេជ្ញាក្នុងចិត្តថា នឹងបណ្ដុះបណ្ដាលផ្នែកការពារជាតិដល់ប្រទេសកោះប៉ាស៊ីហ្វិកដើម្បីប្រកួតប្រជែងជាមួយមហាយក្សចិន

ព័ត៌មាន
អូស្ត្រាលីនឹងបង្កើតសាលាការពារជាតិមួយ ដើម្បីបណ្តុះបណ្តាលយោធានៅប្រទេសកោះប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ទំនាក់ទំនងស…

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងកូវីដ១៩ដូសជំរុញ ខណៈករណីឆ្លងក្នុងសហគមន៍ចាប់ផ្ដើមកម្រើកជាថ្មី

ព័ត៌មាន
បន្ទាប់ពីស្ងប់ស្ងាត់គ្មានករណីឆ្លងកូវីដ១៩បានជាង៥០ថ្ងៃជាប់ៗគ្នារួចមក ឥឡូវនេះ ប្រទេសកម្ពុជាចាប់ផ្ដើមប្រឈមនឹងរលកឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ជាថ្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ