កម្ពុជា-អាមេរិក

សម្តេច ហ៊ុន សែន ស្នើឲ្យអាមេរិកពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យអាមេរិកពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន ដែលរុស្ស៊ីហៅថា ជាការបើកប្រតិបត្តិការយោធាពិសេស។ ការស្នើបែបនេះព្រោះសម្តេច យល់ថា ការដាក់ទណ្ឌកម្មមិនត្រឹមតែប៉ះពាល់តែលើរុស្ស៊ីនោះទេ តែវាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ។ នៅចំពោះមុខសម្តេចតេជោ រដ្ឋមន្ត្រីការបរទេសអាមេរិកថា ទិសដៅរបស់អាមេរិក គឺចង់មានទំនាក់ទំនងវិជ្ជមានជាមួយកម្ពុជាលើការនាំនាំចេញ និងជំនួយអភិវឌ្ឍន៍ជាដើម។
សម្តេច ហ៊ុន សែន ស្នើឲ្យអាមេរិកពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន
ដោយ

នាជំនួបទ្វេភាគីជាមួយឯកឧត្តម Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៤ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហាក់បង្ហាញពីក្តីកង្វល់ចំពោះ​ការដាក់ទណ្ឌកម្មរុស្ស៊ីពី​សំណាក់ប្រទេសលោកខាងលិច លើសំណុំរឿង​រុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន។ ជាមួយគ្នានេះ សម្តេចតេជោ ស្នើឲ្យអាមេរិកមានការពិនិត្យឡើងវិញ​ចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី ព្រោះការប្រើវិធីសាស្ត្រ​ដាក់ទណ្ឌកម្ម មិនត្រឹមតែប៉ះពាល់​លើតែសេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ តែវាបានប៉ះពាល់ដល់សេដ្ឋកិច្ច​ពិភពលោក រួមទាំងកម្ពុជាផងដែរ។

ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់ណាមួយពីការឆ្លើយតបរបស់ឯកឧត្តម Antony Blinken ជុំវិញការស្នើឲ្យមានការពិនិត្យឡើងវិញ​ចំពោះបញ្ហាទណ្ឌកម្មលើរុស្ស៊ីពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានោះទេ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គ្រាន់តែបញ្ជាក់ថា ទិសដៅរបស់អាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមាន​ជាមួយកម្ពុជា ដោយឈរលើមូលដ្ឋាននៃ​កិច្ច​សហប្រតិបត្តិការ ដែលមានស្រាប់លើទីផ្សារនាំចេញ និងជំនួយ​អភិវឌ្ឍន៍ជាដើម។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះ អរគុណកម្ពុជាដែលបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលើបញ្ហារុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហានៅមីយ៉ាន់ម៉ាដែលកាលពីពេលថ្មីៗរបស់យោធាទើបកាត់ទោសប្រហារជីវិតលើសកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ផងដែរ។ នៅចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក សម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូបថ្មីៗនេះនៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ប្រធានអាស៊ាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ។

ដោយឡែក នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃទី៤ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ និងអរគុណរុស្ស៊ីចំពោះការរាយការណ៍ពីស្ថានភាព និងជំហររបស់រុស្ស៊ីជុំវិញវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តែ​សម្តេចមិនបានបញ្ជាក់លម្អិតនោះឡើយថារុស្ស៊ីបានបង្ហាញជំហរបែបណាចំពោះជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន និងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបច្ចុប្បន្នស្ថិតស្ថានភាពបែបណានោះទេ។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានឯកភាពជាមួយ ឯកឧត្តម Lavrov ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំ​លើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី។ សម្រាប់សម្តេចតេជោ ទំនាក់ទំនង​រវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនង​ប្រវត្តិសាស្រ្ត ដែលកម្ពុជា​តែងតែផ្ដល់សារៈសំខាន់​ខ្លាំង​ក្នុងការពង្រឹង​ពង្រីក​ទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភោជនីយដ្ឋានបែបចិនលំដាប់លេខ១ពីប្រទេសថៃ «ហុង ប៉ាវ» បើកសម្ពោធជាផ្លូវការនៅកម្ពុជា

ព័ត៌មាន
ភោជនីយដ្ឋាន ហុង ប៉ាវ ដែលមានប្រភពមកពីប្រទេសចិន និងបានជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសថៃបានបង្ហាញវត្តមាន និងបើកសម្ពោធសាខាលើកដំបូងជាផ្លូវការ…

តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ?

ព័ត៌មាន
តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ? ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេចត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ