ការនាំចេញស្រូវទៅវៀតណាម

កម្ពុជានាំចេញស្រូវទៅវៀតណាមលែងសូវកកស្ទះដូចមុន ក្រោយវៀតណាមបើកច្រកព្រំដែនមួយចំនួនឡើងវិញ


ក្រុមអ្នកជំនាញ និងជំនួញ រូមទាំងមន្ត្រីកសិកម្មបានអះអាងថា មកទល់ពេលនេះ ស្ថានភាពការនាំចេញស្រូវកម្ពុជាបានវិលមករកស្ថានភាពល្អប្រសើរវិញជាបណ្ដើរៗហើយ ខណៈដែលតម្លៃក៏មានការងើបឡើងវិញដែរ ក្រោយពេលដែលវៀតណាម បានបើកច្រកព្រំដែនមួយចំនួនឡើងវិញ។
ពលរដ្ឋត្រៀមដឹកយកស្រូវចេញទៅលក់នៅប្រទេសវៀតណាម (រូបភាព៖ ខេមបូណូមីស/ផ្តល់ឲ្យ)

តម្លៃ​ស្រូវ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ដូច​ជា​ខេត្តព្រៃវែង និង​តាកែវ ដែល​ធ្លាប់​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ឥឡូវ​បាន​ងើបឡើង​ថ្លៃ​វិញ​ដល់​ទៅ​ជាង​៧០០ ទៅ​៨០០​រៀល គិត​មក​ទល់​ពេល​ថ្មី​ៗ​នេះ ស្រប​ពេល​ដែល​បរិមាណ​នាំ​ចេញ​ប្រចាំ​ថ្ងៃ​ក៏​ស្ទុះ​កើន​ច្រើន និង លែង​កកស្ទះ​ដូច​ពី​មុន​ទៀត​ផង​ដែរ​។

លោក ចាន់ សីហា អ្នកនាំពាក្យ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​បញ្ជាក់​ថា កន្លង​មក រាជរដ្ឋាភិបាល តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏​បានឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ប្រមូល​ទិញ​ស្រូវ​ទាំងនោះ​ពី​កសិករ ក្នុង​តម្លៃ​មួយ​ដែល​ស្រប​នឹង​ទីផ្សារ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ​។ អ្នកនាំពាក្យ​រូប​នេះ​យល់​ឃើញ​ថា ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ទោះបី​កម្ពុជា ពិបាក​នាំ​ចេញ​ស្រូវ​មួយ​រយៈ និង​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បន្តិច​ក្ដី តែ​ស្ថានភាព ក្នុង​វិស័យ​ស្រូវ​ហាក់​កំពុង​ងើបឡើង​វិញ​។

ដោយឡែក លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បាន​បញ្ជាក់​ថា សព្វថ្ងៃ ខេត្តព្រៃវែង បាន​នាំ​ចេញ​ស្រូវ ទៅ​វៀតណាម ដំណើរការ​ធម្មតា​វិញ​ជា​បណ្ដើរ​ៗ ហើយ​តម្លៃ​ក៏​ប្រសើរ​បន្តិច​ដែរ ក្រោយ​កម្ពុជា បាន​សម្របសម្រួល ជាមួយ​ភាគី​វៀតណាម​ឲ្យ​មានការ​បើក​ច្រកព្រំដែន​ឡើង​វិញ​។ បើ​តាម​លោក អ៊ុ​ក សំណាង សព្វថ្ងៃ តម្លៃ​ស្រូវ​ក្នុង ខេត្តព្រៃវែង អាច​លក់​បាន​តម្លៃ ៧៦០​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ កាលពី​កាល ពាក់កណ្ដាល ខែកក្កដា តម្លៃ​ស្រូវ ក្នុង​ខេត្តព្រៃវែង អាច​លក់​បាន​តម្លៃ ៦៥០​រៀល ទៅ ៧២០​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ សម្រាប់​ស្រូវ​មិន​ប្រកាន់​រដូវ​។ ដ្បិតថា តម្លៃ​មិនសូវ​ឡើង​ខ្លាំង តែ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​រូប​នេះ បញ្ជាក់​ថា ពេល​នេះ ស្រូវ​ក្នុង​ខេត្តព្រៃវែង គ្មាន​ការ​កកស្ទះ​ទៀត​នោះ​ទេ​។

ខេត្តព្រៃវែង ជា​ខេត្ត​ដែល​នាំ​ចេញ​ស្រូវ​បាន​ច្រើន​ជាងគេ ទៅ​ប្រទេស​វៀតណាម ព្រោះ​ខេត្ត​នេះ មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម និង​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៥​។ ក៏​ប៉ុន្តែ បច្ចុប្បន្ន ខេត្ត​នេះ ទើបតែ​អាច​នាំ​ស្រូវ​ទៅ​ប្រទេស​វៀតណាម បាន​ត្រឹមតែ​មួយ​ច្រក​ប៉ុណ្ណោះ ក្នុង​បរិមាណ ២​ពាន់​តោន ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​។

ចំណែក ដំណើរការ​នៃ​ការ​នាំ​ចេញ​ស្រូវ ទៅ​វៀតណាម ក្នុង​ខេត្តតាកែវ ឯណោះ​វិញ នៅ​តែ​មានដំណើរ​ការ​ជា​ធម្មតា និង​មាន​តម្លៃ ប្រមាណ ៧៧០​រៀល ទៅ​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម សម្រាប់​ស្រូវ​មិន​ប្រកាន់​រដូវ​។ បើ​តាម​លោក ញឹ​ប ស្រ៊​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ អំឡុង​ពេល​ភាគី​វៀតណាម ផ្អាក​បណ្ដោះអាសន្ន​នូវ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្តព្រៃវែង បាន​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ស្រូវ របស់​ខេត្តតាកែវ កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

បើ​តាម​លោក ញឹ​ប ស្រ៊​ន បច្ចុប្បន្ន ការ​នាំ​ចេញ​ស្រូវ ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន ក្នុង​ខេត្តតាកែវ មាន​ចំនួន​ប្រមាណ ៦​ពាន់​តោន ទៅ ៧​ពាន់​តោន ក្នុង​មួយ​ថ្ងៃ ខណៈ​អំឡុង​មុន​ការ​ផ្ទុះ​ខ្លាំង​នូវ​កូ​វី​ដ​-១៩ ខេត្តតាកែវ អាច​នាំ​ចេញ​ស្រូវ ទៅ​វៀតណាម ក្នុង​បរិមាណ ៤​ពាន់​តោន ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា នៅ​៧​ខែ​ឆ្នាំ​២០២១ ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ទីផ្សារ​វៀតណាម​សម្រេច​បាន​ប្រមាណ ២​លាន​តោន កើនឡើង​ជាង​៨០%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងសិង្ហបុរី មានអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសជាង៨០%ហើយ

ព័ត៌មាន
ប្រទេសកម្ពុជា និងសិង្ហបុរី គឺជាប្រទេសនាំមុខគេមួយនៅតំបន់អាស៊ាន ដែលបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានលឿនជាងគេបំផុត។ ជាក់ស្ដែង មកទល…

ក្រុមអ្នកជំនួញដឹកជញ្ជូន៖ ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារនៅតែបន្ដកើនឡើង

ព័ត៌មាន
ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនបានអះអាងថា មកទល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជានៅមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ