សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកបារាំង គឺជាមិត្តចាស់ ដែលមានចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ សម្តេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង មកកាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាចុងឆ្នាំនេះ វានឹងក្លាយជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-បារាំងបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ជំរុញឱ្យភាគីកម្ពុជា-បារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដ្បិតវាជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតបលោក Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្តេចតេជោ អំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំង និងបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ និងបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង-កម្ពុជា ជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកកម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ