តើសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបារាំងមកបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះ?

តើសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបារាំងមកបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះ?


នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងសហព័ន្ធនយោជកបារាំងអន្តរជាតិ កាលពីថ្ងៃទី ១៣ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាច្រើនអំពីស្ថានភាពវិនិយោគ និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។
តើសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបារាំងមកបណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះ?

ឆ្លៀតនាឱកាសនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ច និងសក្ដានុពលវិនិយោគនៅកម្ពុជាដល់ក្រុមវិនិយោគិនបារាំង ក្រោយងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ ក្រៅពីបង្ហាញពីឱកាស និងសក្ដានុពលរបស់កម្ពុជា សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រុមហ៊ុនបារាំងមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតក្នុងវិស័យសំខាន់ៗចំនួន៤ផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណៈរដ្ឋបារាំង កាលពីថ្ងៃទី ១៣ ខែធ្នូ បានគូសបញ្ជាក់ថា មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមនៅក្នុងកិច្ចប្រជុំរៀបចំឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ ដែលដឹកនាំដោយលោក ហ្វ្រង់ស្វ័រ របាំង (Francois Corbin) ប្រធានក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជាតំណាងពិសេសរបស់ក្រសួងការបរទេសបារាំង សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ស្ថានភាពវិនិយោគនៅកម្ពុជា ចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានទទួលបានភាពជោគជ័យនូវការទប់ស្កាត់ការឆ្លងរាតត្បាតពីវិបត្តិជំងឺកូវីដ១៩។

សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ កាលានុវត្តភាព និងភាពអំណោយផលនៃបរិយាកាសធុរកិច្ច និងវិនិយោគរបស់កម្ពុជា ដោយសម្តេចបានធ្វើបទអន្តរាគម៍បង្ហាញដល់ធុរជន និងវិនិយោគិន ប្រធាននិងជាតំណាងក្រុមហ៊ុនបារាំង អំពីលទ្ធភាពដែលកម្ពុជា អាចងើបចេញពីវិបត្តិកូវីដ-១៩ ដោយរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ច និងដែលបានអនុញ្ញាតឲ្យកម្ពុជា នៅតែអាចឈរជើងជាគោលដៅវិនិយោគដ៏មានសក្តានុពលមួយនៅក្នុងតំបន់។

ក្រៅពីបង្ហាញនូវសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗ របស់កម្ពុជា ដល់ក្រុមធុរជនបារាំង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យក្រុមហ៊ុនបារាំងមកសិក្សាស្វែងយល់ និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ផងដែរ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នានា ជាពិសេសវិស័យសំខាន់ៗ ចំនួន៤ ដូចជា វិស័យកែច្នៃចំណីអាហារ វិស័យវេជ្ជសាស្ត្រ និងឱសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្ត ជាដើម។ សម្ដេច ហ៊ុន សែន បានធានានៅចំពោះមុខក្រុមធុរកិច្ចជនបារាំង ផងដែរ អំពីបរិស្ថានវិនិយោគ ភាពអំណោយផល ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជុំវិញស្ថានភាពវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា នៅរយៈពេល ១១ខែ ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង មានតម្លៃសរុបជាង ៥០០លានដុល្លារ កើនឡើង ២៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសបារាំង មានទំហំទឹកប្រាក់សរុបជិត ៣៨៩ពាន់ដុល្លារ កើនឡើង ២៩% ខណៈការនាំចូលទំនិញពីបារាំងវិញ មានទំហំទឹកប្រាក់សរុប ១១១ពាន់ដុល្លារ កើនឡើងជិត ២៤% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា៕




អត្ថបទបន្ទាប់


Toyota ចាប់ដៃ CP លើគម្រោងឥន្ធនៈអ៊ីដ្រូសែនសម្រាប់រថយន្ត ដែលជាជម្រើសថ្មីនៃការកាត់បន្ថយផ្សែងពុល

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសថៃ ដើម្បីអភិវឌ្ឍគម្រោងចំហេះអ៊ីដ្រូសែន សម្រាប់រ…

កូរ៉េពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ ក្រោយផ្ដល់កម្ចីសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ព័ត៌មាន
ក្រោយចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឥណទានសម្បទាន ប្រហែល ២៤៦លានដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ