វិស័យប្រេងកម្ពុជា

កម្ពុជាកំពុងបន្ដស្វែងរកក្រុមហ៊ុនវិនិយោគថ្មីពីក្រៅប្រទេស ដើម្បីបន្ដអភិវឌ្ឍវិស័យប្រេងកម្ពុជា


ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលបានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្ដស្វែងរកការវិនិយោគពីក្រៅប្រទេស សម្រាប់ការអភិវឌ្ឍវិស័យប្រេងរបស់កម្ពុជា នៅក្រោយពេលដែលក្រុមហ៊ុនរុករកប្រេង KrisEnergy បានផ្អាកប្រតិបត្តិការបូមប្រេងរបស់ខ្លួននៅកម្ពុជា ព្រោះជួបវិបត្តិក្ស័យធន ខណៈដែលប្រេងកម្ពុជាដែលត្រូវបានលួចយកទៅប្រហែល៣០ម៉ឺនបារ៉ែលនោះ មកទល់ពេលនេះក៏មិនទាន់មានពន្លឺថា អាចយកមកវិញបាននៅពេលណានោះទេ។
កម្ពុជាកំពុងបន្ដស្វែងរកក្រុមហ៊ុនវិនិយោគថ្មីពីក្រៅប្រទេស ដើម្បីបន្ដអភិវឌ្ឍវិស័យប្រេងរបស់ខ្លួន
ដោយ

យ៉ាងណាក៏ដោយ ថ្មីៗនេះ មន្ត្រីការទូតរបស់​អ៊ីរ៉ង់​បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់​ក្នុងការកៀរគរវិនិយោគិនអ៊ីរ៉ង់ឲ្យមកបោះទុនវិនិយោគលើវិស័យប្រេងកាត និងថាមពលនៅកម្ពុជា។ ក្រៅពីប្រទេសអ៊ីរ៉ង់ កម្ពុជា ក៏បាននិងកំពុងទាក់ទង និងពិភាក្សាជាមួយបណ្តាប្រទេសមួយចំនួនទៀត ឲ្យមកអភិវឌ្ឍន៍លើវិស័យប្រេងកាតនៅកម្ពុជា។

នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើការអភិវឌ្ឍន៍វិស័យថាមពល និងប្រេងជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ិស្លាមអ៊ីរ៉ង់បានបង្ហាញជំហរចង់ចូលរួមអភិវឌ្ឍន៍វិស័យបូមប្រេងនៅកម្ពុជា ដែលកំពុងជាប់គាំង ក្រោយក្រុមហ៊ុនរុករក និងបូមប្រេងនៅកម្ពុជា Kris Energy ក្ស័យធន ក្រោយគ្មានលទ្ធភាពសងបំណុល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល។

បើតាមឯកឧត្តម ជៀប សួរ គោលបំណងនៃកិច្ចពិភាក្សាខាងលើ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនិងប្រេងកាតរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតអ៊ិស្លាមអ៊ីរ៉ង់បានបង្ហាញការប្តេជ្ញានៅចំពោះមុខថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលថា ខ្លួននឹងខិតខំទាក់ទាញ និងកៀរគរវិនិយោគិនអ៊ីរ៉ង់ឲ្យមកសម្លឹងមើលឱកាសវិនិយោគលើវិស័យថាមពល និងប្រេងកាតនៅកម្ពុជា។ 

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះបានគូសបញ្ជាក់ទៀតថា ក្រៅពីប្រទេសអ៊ីរ៉ង់ កម្ពុជាក៏បាននិងកំពុងទាក់ទង និងពិភាក្សាជាមួយប្រទេសផ្សេងទៀត ដើម្បីទាក់ទាញវិនិយោគិនក្នុងប្រទេសទាំងនោះឲ្យមកបោះទុនវិនិយោគលើវិស័យបូមប្រេងនៅកម្ពុជា ដែលបានផ្អាកប្រតិបត្តិការបូម និងរុករកអស់រយៈពេលជាច្រើនខែកន្លងមកនេះផងដែរ។ តែយ៉ាងណា ឯកឧត្តមមិនទាន់អាចបញ្ជាក់ពីឈ្មោះប្រទេសទាំងនោះទេ។

គិតមកទល់ពេលនេះមានរយៈពេលប្រមាណជាង៨ខែហើយ ដែលការបូមប្រេងពីប្លុក A នៅតំបន់អប្សារ៉ាក្នុងឈូងសមុទ្រកម្ពុជាបានផ្អាកប្រតិបត្តិការ បន្ទាប់ពីក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy ស្នើសុំតុលាការសិង្ហបុរីប្រកាសក្ស័យធន និងសុំលក់ទ្រព្យសម្បត្តិ ដើម្បីសងម្ចាស់បំណុល។ ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនបូមប្រេងមួយនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះគ្មានលទ្ធភាពសងបំណុលជូនដល់ម្ចាស់បំណុល ក្រោយខ្លួនអស់ជម្រើសក្នុងការកៀរគរទុន និងបំណុលកើនលើសតម្លៃទ្រព្យសកម្ម។ ការបូមប្រេងពីអណ្តូងនៅកម្ពុជាទទួលបានទិន្នផលតិចជាងការរំពឹងទុក ក៏ជាមូលហេតុមួយ ដែលធ្វើឲ្យក្រុមហ៊ុននេះ ប្រឈមនឹងបន្ទុកបំណុលវណ្ឌកផងដែរ។

ដោយឡែក ប្រេងរបស់កម្ពុជាជិត ៣០ម៉ឺនបារ៉ែល ដែលត្រូវបានក្រុមនាវិករបស់នាវាស្ដុកប្រេង MT Strovolos លួចដឹករត់ចេញពីដែនសមុទ្រកម្ពុជា ហើយត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីចាប់ទុកមកពេលនេះមិនទាន់មានពន្លឺថា នឹងអាចមកវិញបាននៅពេលណានោះទេ។ ខណៈកន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការលើបញ្ហានេះជាមួយភាគីឥណ្ឌូណេស៊ីជាច្រើនលើកមកហើយដែរ តែមិនទាន់មានលទ្ធផលជាដុំកំភួននោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកហក់ឡើងក្រឺតដល់ ១០០ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែផ្ដើមឡើង

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លារអាម…

អ្នកជំនាញUN៖ ចិន និងរុស្សីជាលក់អាវុធឲ្យរបបសឹកភូមាយកទៅវាយប្រហារលើជនស៊ីវិល

ព័ត៌មាន
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយថា រុស្ស៊ី និងចិនបាននិងកំពុងផ្តល់ឲ្យរបបសឹកភូមា នូវយន្តហោះចម្បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ