គ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃ

គ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ថ្លៃចំពេលទិន្នផលធ្លាក់ចុះនៅដើមឆ្នាំនេះ


ម្ចាស់ចំការស្វាយចន្ទីនៅតាមខេត្តជាច្រើនបានត្អូញត្អែរថា នៅមួយរយៈចុងក្រោយនេះ តម្លៃគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះជាងមុនេះ នៅចំពេលដែលទិន្នផលប្រមូលបានតិចជាងឆ្នាំមុន ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។ តាមការអះអាងរបស់ម្ចាស់ចម្ការស្វាយចន្ទី បានឲ្យដឹងថា គ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ថ្លៃពីជាង ១.៥០០ដុល្លារ ក្នុង១តោន កាលពីឆ្នាំ២០២០ មកនៅត្រឹមតែជាង១.១០០ដុល្លារប៉ុណ្ណោះក្នុងមួយតោនគិតមកទល់ចុងខែមីនានេះ។
ចម្ការ​ស្វាយចន្ទី
ដោយ

ប្រធាន​សមាគម​ស្វាយចន្ទី និង​ម្ចាស់​ចម្ការ​សុទ្ធតែ​អះអាង​ថា តម្លៃ​ស្វាយចន្ទី​ស្រស់​ចុះថ្លៃ​នេះ ដោយសារ​តែ​កម្ពុជា ពឹងផ្អែក​តែ​លើ​ទីផ្សារ​វៀតណាម​តែ​មួយ រួម​ទាំង​កង្វះខាត​រោងចក្រ​កែ​ច្នៃ និង​ឃ្លាំង​ស្តុក​ស្វាយចន្ទី​ស្ងួត​ជាដើម​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម ស្វាយចន្ទី កម្ពុជា បាន​ប្រាប់ ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​គ្រាប់ស្វាយចន្ទី ស្រស់​នៅ​ឆ្នាំ​នេះ គ្រាប់​តូច​ធ្លាក់​ពី​តម្លៃ​៤.០០០​រៀល មក​នៅ​ត្រឹម ៣.៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​គ្រាប់​ធំ​ធ្លាក់​ពី ៥.៥០០​រៀល មក​៤.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​គ្រាប់ស្វាយចន្ទី​ស្រស់​នេះ គឺ​នៅ​ទូ​ទាំង​ប្រទេស ដោយសារ​តែ​សមាជិក​របស់​សមាគម​ទាំង​១០​ខេត្ត បាន​រាយការណ៍​មក​ថា ស្វាយចន្ទី​មានការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន នៅ​គ្រា​ដែល​ទិន្នផល​ប្រមូល​បាន​តិច​ដោយសារ​បញ្ហា​អាកាសធាតុ​ផង​នោះ​។

លោក អួន ស៊ី​ឡុ​ត បាន​បញ្ជាក់​ថា សម្រាប់​ចំការ​របស់​លោក​ផ្ទាល់ គឺ​ខាត​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​នៅ​ឆ្នាំ​នេះ​។

លោក តុ​ប វ​ណ្ឌី ម្ចាស់​ចម្ការ​ស្វាយចន្ទី​ខេត្តកំពង់ចាម និង​លោក ណុ​ក ប៊ុ​ន​ថន ម្ចាស់​ចម្ការ​ស្វាយចន្ទី​ប្រចាំ​ខេត្តកំពង់ធំ បាន​លើក​ឡើង​ស្រ​ដៀង​គ្នា ទិន្នផល​ឆ្នាំ​នេះ​កាន់តែ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ដោយសារ​តែ​កត្តា​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​យឺត​ជាង​ឆ្នាំ​មុន​ផង គួប​ផ្សំ​នឹង​តម្លៃ​ចន្ទី​ស្រស់​ធ្លាក់​ចុះ​ខ្លះ​ទៀត ធ្វើ​ឲ្យ​កសិករ​ខាត ស្ទើរតែ​មិន​អាច​ទូទាត់​ថ្លៃ​ជី និង​ថ្នាំ​បាញ់​ផង​។

ដោយឡែក លោកស្រី អ៊ិ​ន ឡៃ​ហួត នាយក​គ្រប់គ្រង​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ឡៃ​ហួត នៅ​ខេត្តកំពង់ធំ​វិញ​បាន​ឲ្យ​ដឹង​ដឹង​ថា បើ​តាម​លោកស្រី​ដឹង តម្លៃ​គ្រាប់ស្វាយចន្ទី​ដែល​ឈ្មួញកណ្តាល​ដទៃ​ទៀត​ទិញ​ពី​កសិករ​ពិតជា​មានការ​ចុះថ្លៃ​មែន​។ ប៉ុន្តែ​បច្ចុប្បន្ន សិប្បកម្ម​របស់​លោកស្រី​មិន​ទាន់​ទទួល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កសិករ​នៅឡើយ​ទេ ដោយ​ជា​ទូទៅ​ទាល់​ពាក់កណ្តាល​ខែមេសា​ទើប​ចាប់ផ្តើម​ទិញ​។ ទោះ​យ៉ាងណា លោកស្រី​បញ្ជាក់​ថា លោកស្រី​នឹង​មិន​ទិញ​ទម្លាក់​ថ្លៃ​នោះ​ទេ ពោល​គឺ​ទិញ​នៅ​ក្នុង​តម្លៃ​ដូច​ឆ្នាំ​មុន​ដដែល ប៉ុន្តែ​សម្រាប់​តែ​កសិករ​ជា​សមាជិក​របស់​សហគមន៍​លោកស្រី​ប៉ុណ្ណោះ​។

ជុំវិញ​ការ​ត្អូញត្អែរ​របស់​អ្នក​ដាំ​ស្វាយចន្ទី​នៅ​ឆ្នាំ​នេះ​ដែរ លោក វ៉ា រុត​សាន ម្ចាស់​ចំការ​ស្វាយចន្ទី​នៅ​កំពង់ចាម និង​ជា​អ្នក​បទ​ពិសោធន៍​ជាង​២​ទសវត្សរ៍​ក្នុង​ការ​ដាំ​ដុះ និង​ស្រាវជ្រាវ​ពូជ​ស្វាយចន្ទី​នៅ​កម្ពុជា​ផង​ដែរ​នោះ បាន​ពន្យល់​ថា បញ្ហា​តម្លៃ​គ្រាប់ស្វាយចន្ទី​ស្រស់​ធ្លាក់​ថ្លៃ​នេះ គឺ​កើត​មាន​រាល់​ឆ្នាំ​។​ប៉ុន្តែ​ឆ្នាំ​នេះ ដោយ​មាន​បញ្ហា​មួយ​ចំនួន ទើប​ធ្វើ​ឲ្យ​តម្លៃ​ចុះ​ជាង​ឆ្នាំ​មុន​បន្តិចទៀត​។

យ៉ាងណាមិញ ចំពោះ​ដំណោះស្រាយ​បញ្ហា​ទាំង​អស់នេះ ត្រូវ​បាន​លោក វ៉ា រុត​សាន បញ្ជាក់​ថា មាន​វិធានការ​មួយ​ចំនួន គឺ​បាន​ចែង​នៅ​ក្នុង​គោលនយោបាយ​ជាតិ​ស្វាយចន្ទី ដែល​ក្រុមការងារ​ពាក់ព័ន្ធ​កំពុង​រៀបចំសេចក្តី​ព្រាង​នៅឡើយ​។ ទោះ​យ៉ាងណា លោក​បញ្ជាក់​ថា បើសិនជា​អាច​កសិករ​គួរតែ​ហាល​គ្រាប់ស្វាយចន្ទី​ទុក​សិន ចាំ​បាន​ថ្លៃ​ចាំ​លក់ ប៉ុន្ដែ​វា​ក៏​ត្រូវ​តែ​បង្កើត​ឃ្លាំង​សហគមន៍ ហើយ​ក៏​រដ្ឋ​ត្រូវ​ជួយ​ផ្តល់​ដើមទុន​សម្រាប់​ការងារ​ទាំង​អស់នេះ​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ន កម្ពុជា​មាន​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ធំ​ៗ​ចំនួន​តែ​៤​ប៉ុណ្ណោះ ដោយ​រោងចក្រ​ទាំង​៤​នេះ មាន​សមត្ថភាព​កៃ​ច្នៃ​គ្រាប់ស្វាយចន្ទី​បាន​ត្រឹមតែ​ប្រមាណ ១០​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ទូ​ទាំង​ប្រទេស​អាច​ផលិត​ស្វាយចន្ទី​បាន​លើស​ពី ៦០​ម៉ឺន​តោន​។ ដូចនេះ គ្រាប់ស្វាយចន្ទី​ប្រមាណ​ជាង​៥០​ម៉ឺន​តោន​ទៀត ត្រូវ​ពឹង​លើ​ទីផ្សារ​វៀតណាម​ទាំងស្រុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វៀតណាម​អាច​ទម្លាក់​តម្លៃ​ទៅ​តាម​ចិត្តបាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស ប៊ី អាយ លី ហួរ សាខា​ច្បារ​អំពៅ២​បាន​​បើក​​សម្ពោធ​​ជា​ផ្លូវការហើយ

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង នៅ…

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបញ្ចេញកម្ចីបាន៤៥%ហើយនៃដើមទុន៥៥លានដុល្លារ

ព័ត៌មាន
គិតតាំងពីខែមករា មកត្រឹមខែមីនាឆ្នាំ២០២១នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ចេញប្រាក់កម្ចីបាន៤៥%ហើយ នៃទំហំកម្ចី ៥៥លានដុល្លារអាមេរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ