ហិង្សា​ក្នុង​សង្គម​ខ្មែរ

រឿង​ហិង្សា​ក្នុង​សង្គម​ខ្មែរ​កាន់​ពុះ​កញ្ជ្រោល​​នៅ​ដើម​ឆ្នាំ​២០១៧


វា​ពិត​ជា​គួរ​ឲ្យ​ចម្លែក​ណាស់​សម្រាប់​ជន​ជាតិ​ខ្មែរ អ្នក​កាន់​ពុទ្ធ​សាសនា ដែល​តាម​ការ​សង្កេត​ជា​ទូទៅ គឺ​បាន​លេច​ចេញ​នូវ​ហិង្សា​បែប​ប្លែកៗ សឹង​មិន​គួរ​ឲ្យ​ជឿ ។ ខណៈ​សម័យ​បច្ចេក​វិជ្ជា​កាន់​តែ​ទំនើប​នេះ ដើម​ឆ្នាំ​២០១៧ ករណី​ហិង្សា​ក៏​កាន់​តែ​ពុះ​កញ្ជ្រោល​ទ្វេ​ដង​និង​កាន់​តែ​គួរ​ឲ្យ​ខ្លាច។
ចូរ​យើង​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា !

ករណី​ហិង្សា​ទាំង​នេះ ស្តាប់​ទៅ​ដូចជា​រឿង​ប្រឌិត ខណៈ​ដែល​សង្គម​មនុស្ស​កំពុង​រីក​ចម្រើន​លើ​ការ​អប់រំ និង​ប្រកួត​ប្រជែង​លើ​ចំណេះ​ដឹង។ 

រឿង​រ៉ាវ​ថ្មីៗ រួម​មាន​បុរស​ខ្លះ​ចាប់​ប្រពន្ធ​កូន ចង​វាយ​ធ្វើ​បាប​យ៉ាង​ព្រៃ​ផ្សៃ មាន​ឪពុក​ខ្លះ​វាយ​សម្លាប់​និង​រំលោភ​កូន​ឯង មាន​គូ​កំណាន់​ខ្លះ​សម្លាប់​គ្នា​ក្នុង​ពេល​នាំ​ទៅ​ឡើង​ឋាន​សួគ៌ មាន​ស្ត្រី​ខ្លះ​ផឹក​ថ្នាំ​ពុល​ព្រោះ​តែ​ខឹង​ប្តី ខ្លះ​មាន​រហូត​គ្រាន់​តែ​ភ្ញៀវ​ឈ្លោះ​គ្នា​ពេល​ស៊ីការ ក៏​បង្ខំ​ឲ្យ​កូន​លែងលះ​កាត់​សង្វាស​គ្នា ឬ​ករណី​កាប់​សម្លាប់​គ្នា​រវាង​បង​ប្អូន​ថ្លៃ ហើយ​និង​រឿង​ប្រឈ្លោះ​ដណ្តើម​កូន​គ្នា និង​រឿង​ធ្វើ​អត្តឃាត​ដោយ​ចង​ក និង​លោត​ទឹក​សម្លាប់​ខ្លួន ជាដើម។ 

ខាង​ក្រោម​នេះ​គ្រាន់​តែ​ជា​សម្រង់​នូវ​ហេតុការណ៍​មួយ​ចំនួន ដែល​កើត​ឡើង​ក្នុង​អំឡុង​ខែ​មករា​នេះ​តែ​ប៉ុណ្ណោះ ហើយ​ការ​លើក​មក​នេះ​ក៏​គ្រាន់​តែ​ជា​គតិ​ខ្លះ ដើម្បី​យក​ទៅ​ធ្វើការ​ពិចារណា​រក​ផ្លូវ​បញ្ចៀស​នូវ​អំពើ​ហិង្សា និង​ងាក​មក​រក​វិធី​ដោះស្រាយ​គ្នា​ដោយ​សន្តិ​វិធី តាម​ផ្លូវ​ព្រះធម៌​អហិង្សា ដូច​ដែល​ព្រះពុទ្ធ​លោក​ប្រៀន​ប្រដៅ​សត្វ​លោក។ 

នៅ​អាទិត្យ​ចុង​ខែ​មករា​នេះ ស្ត្រី​កំណាន់​របស់​បុរស​ជា​ប្រជា​ការពារ​ភូមិ ដែល​មាន​ប្រពន្ធ​ហើយ បាន​រង​ការ​វាយដំ​ឡើង​ជាំ​ភ្នែក ខណៈ​ដែល​នាង​គ្រាន់​តែ​ឃាត់​ប្រុស​ស្នហ៍​មិន​ឲ្យ​ជិះ​ម៉ូតូ ទាំង​ស្រវឹង​ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់។ ហេតុការណ៍​កើត​ឡើង​កាល​ពី​ម៉ោង​៧ យប់​ថ្ងៃ​២១ មករា ២០១៧ នៅ​ក្នុង​ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ។ 


កាន់​តែ​ឃោរ​ឃៅ បុរស​ជា​ប្តី​បាន​ចង​ប្រពន្ធ​និង​កូន​វាយ​យ៉ាង​ព្រៃ​ផ្សៃ

ហេតុការណ៏​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​១៩ មករា ២០១៧ នៅ​ភូមិ​កោះត្រាច ឃុំ​ស្វាយទង ស្រុក​កំពង់ត្រាច ខេត្ត​តាកែវ បន្ទាប់​ពី​បុរស​ជា​ប្តី​ចិត្ត​ឃោរឃៅ ឈ្មោះ អួន យន អាយុ ៣១​ឆ្នាំ បាន​ចង​ប្រពន្ធ​ឈ្មោះ ពេជ គិ អាយុ​៣៣​ឆ្នាំ និង​កូនៗ​ពីរ​នាក់ នឹង​ខ្សែ​ភ្លើង ហើយ​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ។ រឿងហេតុ​បង្ក​ពី​ការ​ប្រច័ណ្ធ ព្រោះ​ខឹង​ប្រពន្ធ​មិន​នៅ​ផ្ទះ តែ​ជន​ល្មើស​រូប​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន រួច​ចាត់ការ​បង្ក​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់។ 

នេះ​​ជា​អំពើ​អមនុស្សធម៌​បំផុត និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ឋានៈ​ខ្លួន​ជា​មេ​គ្រួសារ តើ​គាត់​សម​នឹង​មាន​ទោស​ដែរ​ទេ?

ជា​គន្លឹះ​នៃ​ការ​លុប​បំបាត់​អំពើ​ហិង្សា គួរ​រៀន​ពី​ វិធី​រម្ងាប់​សេក្ដី​ក្រោធ

រឿង​ល្ងង់​ខ្លៅ ស្ត្រី​ម្នាក់​ខឹង​សុំ​ប្តី​មក​លេង​ភ្នំពេញ​មិន​បាន ផឹក​ថ្នាំ​ពុល​ស្លាប់

ស្ត្រី​រូប​នេះ​ឈ្មោះ សុទ្ធ សុផាលីស អាយុ​២៤​ឆ្នាំ រស់នៅ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់ដំបង។ ស្ត្រី​រូប​នេះ​បាន​ផឹក​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា ដោយសារ​ខឹង​ប្ដី​របស់​ខ្លួន​ដែល​មិន​ព្រម​ឲ្យ​លុយ​ទៅ​លេង​នៅ​ភ្នំពេញ។ 

ស្ត្រី​រូបនេះ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ ដោយសារ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេក។ ហេតុការណ៍​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១១​និង​២៣​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ ខែ​មករា នេះ ក៏​ជា​រឿង ដែល​គ្រប់​គ្រួសារ​ត្រូវ​តែ​មាន​ការ​អប់រំ​និង​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ដែរ ព្រោះ​ថា ជីវិត​មិន​មាន​លក់​នៅ​ទីផ្សារ​ទេ។


មិន​ថា​តែ​ស្រី​ទេ បុរស​ក៏​គិត​ខ្លី​ដែរ ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន ទុក​ប្រពន្ធ​កូន​២​នាក់​ឲ្យ​កំព្រា

ប្លែក​ពី​រឿង​ខាង​លើ​បន្តិច ស្ត្រី​ម្នាក់​បាន​ស្រែក​​យំ​ខ្លាំងៗ ឡើង​ផ្អើល​អ្នក​ជិត​ខាង​នៅ​ភូមិ​ថ្កូវ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ រហូត​ផ្អើល​ដល់​​សមត្ថកិច្ច ដោយសារ​តែ​បុរស​ជា​ប្តី ឈ្មោះ ភាព វិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មិន​ដឹង​ជា​ខឹង​ចិត្ត​រឿង​អី បាន​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន ទុក​ឲ្យ​នាង​នៅ​មេម៉ាយ និង​កំព្រា​កូន​ពីរ​នាក់ កាល​ពី​រំលង​អាធ្រាត្រ យប់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ ករណី​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​រក​មូលហេតុ​ឃើញ​ទេ។ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ងួន ណយ អាយុ​៣៦​ឆ្នាំ មាន​កូន​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ មុខ​របរ​ធ្វើ​ស្រែ​ចម្ការ។


ជា​រឿង​ហិង្សា​កម្រ​ដែរ ឪពុក​វាយ​កូន​ដល់​ស្លាប់

រឿង​រ៉ាវ​ឃាតកម្ម​នេះ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គរ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ។ ដោយ​បុរស​ជា​ឪពុក បាន​យក​ចប​ជីក​វាយ​សំពង​ក្បាល​កូន​ប្រុស​ខ្លួន​ឯង​រហូត​ទាល់​តែ​ស្លាប់។ ជន​ដៃ​ដល់​ជា​ឪពុក ឈ្មោះ លាស់ ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​កសិករ ចំណែក​កូន​ប្រុស​រង​គ្រោះ​ឈ្មោះ លាស់ ទិត្យ អាយុ​២១​ឆ្នាំ។ តាម​អ្នក​ជិត​ខាង​និយាយ​ថា បុរស​ជា​កូន​តែង​តែ​បង្ក​រឿង​នៅ​ក្នុង​គ្រួសារ ចំណែក​បុរស​ជា​ឪពុក ក៏​អ្នក​ភូមិ​សង្ស័យ​ដែរ​ថា គាត់​មាន​សតិ​មិន​គ្រប់។ រឿង​នេះ​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ជា​ឪពុក យក​ទៅ​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់។

គន្លឹះ​នៃ​ការ​ក្លាយ​ជា​មនុស្ស​ល្អ​ប្រកប​ដោយ​ធម៌ គេ​គប្បី​ប្រកាន់​ខ្ជាប់​ សីលប្រាំ


រឿង​គ្រួសារ​ឆ្លង​សាសន៍ ប្តី​កូរ៉េ​ប្រពន្ធ​ខ្មែរ​ឈ្លោះ​ដណ្តើម​កូន​គ្នា​ឡើង​ផ្អើល​ភូមិ

បន្ទាប់​ពី​ព្យាយាម​សុំ​កូន​ស្រី​ពី​ប្រពន្ធ​យក​មក​ចិញ្ចឹម​មិន​បាន បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​ក៏​ប្រឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​ខ្មែរ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ភូមិ តាម​បណ្តោយ​ផ្លូវ​លំ នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ បុរស​កូរ៉េ ឈ្មោះ SHIN DONG BAEK អាយុ​៥១​ឆ្នាំ ស្នាក់​នៅ ​ផ្ទះ​លេខ​២៨៨B សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ បាន​គ្នា​១០​ឆ្នាំ​ជាមួយ​ប្រពន្ធ​ឈ្មោះ ជួង បុប្ផា អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ មាន​កូន​ស្រី​តូច​ម្នាក់​អាយុ​៤​ឆ្នាំ​ជា​ចំណង​ដៃ។ 

គេ​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ទេ នៃ​ជម្លោះ​រវាង​ពួក​គេ​ទេ តែ​ករណី​នេះ អាជ្ញាធរ​បាន​អន្តរាគមន៍ និង​កោះ​ហៅ​ទៅ​ដោះស្រាយ​នៅ​បុស្តិ៍។ នេះ​ក៏​ជា​ហិង្សា​ខាង​ផ្លូវ​ចិត្ត​មួយ រវាង​ចំណង​ស្នេហ៍​ឆ្លង​ជាតិ​សាសន៍ ដែល​កំពុង​តែ​កើន​ឡើង​ក្នុង​សង្គម​ខ្មែរ​សម័យ​ទំនើប​នេះ​ដែរ។


រឿង​អយុត្តិធម៌​របស់​ចាស់​ទុំ ធ្វើ​ឲ្យ​រាត្រី​ទឹក​ឃ្មុំ​កូនៗ ក្លាយ​ជា​រាត្រី​ទឹក​ខ្មេះ 

រាត្រី​ទឹក​ឃ្មុំ​របស់​កូន​កម្លោះ​កូន​ក្រមុំ បាន​ក្លាយ​ជា​រាត្រី​ទឹក​ខ្មេះ ព្រោះ​រាត្រី​ផ្សំ​ដំណេក​ត្រូវ​ចាស់ៗ​បំបែក ដើម​ហេតុ​មក​ពី​ឪពុក​កូន​កម្លោះ​ហៅ​កូន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ប្រញាប់ បន្ទាប់​ពី​ភ្ញៀវ​ខាង​ប្រុស​និង​ភ្ញៀវ​ខាង​ស្រី​ឈ្លោះ​គ្នា រហូត​ដល់​វាយ​តប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេច​ឆ្វាច​ពេញ​រោងការ ធ្វើ​ឲ្យ​អ្នក​ចូលរួម​ពិធី​និង​ក្រុម​តន្ត្រី​រត់​ចែក​ផ្លូវ​គ្នា កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​កឹក ឃុំ​ប្រាសាទ​ភ្នំ​ខ្យង ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ ហិង្សា​ក្នុង​រោងការ​ដែល​ទទួល​ភ្ញៀវ​៤០​តុ​មួយ​នេះ បាន​ក្លាយ​ជា​រន្ទះ​បាញ់​បំបែក​គូ​ស្នេហ៍​មួយ​នេះ ឲ្យ​ដិត​ដាម​ដោយ​អពមង្គល​ក្នុង​ជីវិត​ពិបាក​នឹង​បំភ្លេច។


ស្រី​កំណាន់​ត្រូវ​គូ​ស្នេហ៍​ល្បួង​ទៅ​ធ្វើ​ឃាត​នៅ​ផ្ទះ​សំណាក់

ជា​រឿង​ដ៏​សោក​សៅ ស្ត្រី​ម្នាក់​ត្រូវ​សង្សារ​នាង​ល្បួង​យក​ទៅ​សម្លាប់ ក្នុង​បន្ទប់​ផ្ទះ​សំណាក់​«ម៉ារី​មាន​ជ័យ» ដែល​ស្ថិត​នៅ​ភូមិ​កំពង់​ស្វាយ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ។ ហិង្សា​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ បន្ទាប់​គេ​សង្ស័យ និង​រក​ឃើញ​សព​ក្នុង​បន្ទប់​ផ្ទះ​សំណាក់ ដែល​ប៉ូលិស​ថា ត្រូវ​គេ​ច្របាច់​ក​និង​ខ្ទប់​ច្រមុះ​នឹង​ខ្នើយ។  ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ​៤០ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ មុខ​របរ​លក់​ចាប់ហួយ និង​ជា​គ្រូទាយ​សន្លឹក​បៀ រស់​នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ។ ហិង្សា​កើត​ចេញ​ពី​រឿង​ស្នេហា​ក្រៅ​ផ្ទះ​នេះ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ហើយ​នេះ​ក៏​ជា​រឿង​ដែល​ស្ត្រី​នៅ​លីវៗ គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​មួយ​ដែរ៕




អត្ថបទបន្ទាប់


ចិន​ធ្វើ​ដំណើរ​២​ពាន់​៩រយ​លាន​ជើង​ក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ព័ត៌មាន
នៅ​កម្ពុជា​គ្រាន់​តែ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ម្ដងៗ យើង​ឃើញ​ចរាចរណ៍​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ​ជាតិ​ចេញ​ពី​…

មហាសេដ្ឋីពិភពលោក ប៊ីល ហ្គេត រក​បាន​ចំណូល​បន្ថែម​២៥​ពាន់​លាន​ដុល្លារ​ក្រោយ​ចាក​ចេញ​ពី Microsoft ១០​ឆ្នាំ

ព័ត៌មាន
លោក ប៊ីល ហ្គេត (Bill Gates) សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​នេះ នៅ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេល​នោះ លោក​មាន​ទ្រព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ