Advertisement
ទេសចរណ៍​-​បោះ​ជំរំ

យុវជន​នាំ​គ្នា​បោះ​ជំរំ​នៅ​តំបន់​ទេសចរណ៍​អាថ៌​កំបាំង ដើម្បី​ផ្សព្វផ្សាយ​និង​ផ្តល់​ចំណូល​ដល់​ម្ចាស់​ស្រុក


រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​មាន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង ដែល​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​បាន​ទៅ​ទស្សនា​នៅ​ឡើយ។ តំបន់​ទេសចរណ៍​ខ្លះ ត្រូវ​បាន​គេ​បំភ្លេច​ចោល ខណៈ​តំបន់​ខ្លះ​ទៀត មាន​មនុស្ស​តិច​តួច​មែន​ប៉ុណ្ណោះ ដែល​បាន​ទៅ​ដល់ បើ​ទោះ​បី​នៅ​ទី​នោះ មាន​ទេសភាព​ដ៏​គួរ​ឲ្យ​គយគន់ មិន​ចាញ់​ទីកន្លែង​ល្បីៗ​នៅ​បរទេស​ក៏​ដោយ។
ក្រុម Khmer Camping នាំ​គ្នា​ទៅ​បោះ​ជំរំ​ទេសចណ៍​ នៅ​ខេត្ត​កោះកុង។
ដោយ
Advertisement

ក្រុម​យុវជន Khmer Camping ដែល​បង្កើត​ឡើង​ជិត​១​ឆ្នាំ​ហើយ បាន​ធ្វើ​សកម្មភាព​កៀរ​គរ​យុវជន​ខ្មែរ ឲ្យ​ចូលរួម​កម្មវិធី​បោះ​ជំរំ​នៅ​តំបន់​អាថ៌​កំបាំង​ជា​ច្រើន​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ទេសចរ​ជាតិ​និង​អន្តរជាតិ ឲ្យ​បាន​ស្គាល់ ដែល​ជា​ការ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក និង​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន។

ព្រះតេជគុណ កុយ ភិរុណ ប្រធាន​ក្រុម Khmer Camping ដែល​គេ​ស្គាល់​ថា ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្សង​ព្រេង បាន​នាំ​យុវជន​ខ្មែរ​ទៅ​បោះ​ជំរំ​នៅ​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​បាន​ភ្លក្ស​រស​ជាតិ​នៃ​ខ្សល់​ដ៏​បរិសុទ្ធ កន្លែង​ដ៏​ទាក់​ទាញ ទេសភាព​ដ៏​ស្រស់​ត្រកាល និង​បាន​ចូលរួម​ជួយ​ផ្តល់​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន​ផង​ដែរ។

ព្រះតេជគុណ​មាន​សង្ឃ​ដីកា​ថា៖ «អត្មា​នាំ​យុវជន​ទៅ​បោះ​ជំរំ ព្រោះ​ចង់​ឲ្យ​ពួក​គេ​សប្បាយ និង​បាន​ស្គាល់​កន្លែង​ទេសចរណ៍​ដែល​គេ​មិន​ទាន់​អភិវឌ្ឍ និង​មាន​មនុស្ស​តិច​តួច​បាន​ស្គាល់។ ការ​បោះ​ជំរំ​នេះ អាត្មា​ច្រើន​តែ​ឲ្យ​អ្នក​ភូមិ​ធ្វើ​បាយ​ម្ហូប ហើយ​យុវជន​នឹង​យក​លុយ​ទៅ​ចាយ​នៅ​មូលដ្ឋាន ដែល​នេះ​ជា​ការ​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន»។

ក្រុម​ Khmer Camping ដឹកនាំ​ដំណើរ​ទេសចរណ៍​បោះ​ជំរំ នៅ​ខេត្ត​កោះកុង។

បើតាម​ព្រះតេជគុណ កុយ ភិរុណ ការ​បោះ​ជំរំ​បាន​បណ្តុះ​គំនិត​យុវជន​ឲ្យ​ស្រឡាញ់​បរិស្ថាន មាន​ភាព​សាមគ្គី​គ្នា​និង​បាន​ផ្សព្វផ្សាយ​កន្លែង​ទេសចរណ៍​នានា ដែល​គេ​មិន​ទាន់​បាន​ស្គាល់ ប្រាប់​ដល់​មហាជន​ផង​ដែរ។

ព្រះតេជគុណ កុយ ភិរុណ បន្ត​ថា តំបន់​ទេសចរណ៍​ដែល​ព្រះអង្គ​ទៅ​ដល់ ច្រើន​តែ​មិនទាន់​បាន​កែច្នៃ​និង​អភិវឌ្ឍន៍​នៅ​ឡើយ។ ព្រះអង្គ​បន្ថែម​ថា ប្រទេស​កម្ពុជា​មាន​តំបន់​ទេសចរណ៍​ស្ទើរ​គ្រប់​ខេត្ត មាន​ទាំង​ទឹក​ជ្រោះ ព្រៃ​ភ្នំ សមុទ្រ… ប៉ុន្តែ ពលរដ្ឋ​នៅ​មិន​ទាន់​បាន​ស្គាល់​អស់​នៅ​ឡើយ​ទេ។

ព្រះតេជគុណ មាន​សង្ឃ​ដីកា​យ៉ាង​ដូច្នេះ​ថា៖ «អាត្មា​ចង់​ឲ្យ​គេ​ស្គាល់​កន្លែង​ទេសចរណ៍​ធម្មជាតិ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ព្រោះ ពេល​គេ​ស្គាល់​ច្រើន គេ​នាំ​គ្នា​ទៅ​លេង នោះ​ជា​ការ​បង្កើត​ចំណូល​ដល់​ម្ចាស់​ស្រុក​ហើយ។ ក្រៅពី​ឲ្យ​សប្បាយ អាត្មា​បាន​ដឹក​ពួកគេ រើស​សំរាម ដែល​អ្នក​ភូមិ​និង​អ្នក​ទេសចរ​បោះ​ចោល​ដើម្បី​សម្អាត​តំបន់​ទេសចរណ៍​យើង​ឲ្យ​ស្រស់​ស្អាត​ផង​ដែរ»។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី២៨-២៩ ខែ​តុលា ក្រុមយុវជន Khmer Camping បាន​រៀបចំ​កម្មវិធី​បោះ​ជំរំ​មួយ​ទៀត​នៅ​ខេត្ត​កោះកុង។ 

អ្នកចូលរួម​នឹង​បាន​ជិះ​រថយន្ត​ក្រុង​ទំនើប ងូត​ទឹក​សមុទ្រ គេង​ក្នុង​តង់​ដ៏​ស្រស់​ស្អាត​នៅ​ឆ្នេរ​ខ្សាច់​នា​រំដូវ​រំហើយ គយគន់​ផ្កាយ និង​សត្វ​អំពិល​អំពែក ពិសារ​អាហារ​៥​ពេល ហូប​គ្រឿង​សមុទ្រ​និង​លេង​ល្បែង​កម្សាន្ត​នៅ​ជុំវិញ​ភ្លក់​ភ្លើង ហាត់ Yoga និង​កម្មវិធី​សប្បាយ​ជា​ច្រើន ព្រមទាំង​ចូល​លេង​កម្សាន្ត​នៅ​ពិចនិល ទឹក​ធ្លាក់​អូរ​គគីរ និង​ទឹក​ធ្លាក់​ថ្មរូង ដោយ​គ្រាន់​តែ​បង់​វិភាគ​ទាន​ចំនួន ៣៥​ដុល្លារ តែ​ប៉ុណ្ណោះ។

ព័ត៌មាន​លម្អិត សូម​ទាក់ទង​ចុះ​ឈ្មោះ​តាម​ទូរស័ព្ទ​លេខ៖ ០៩៦ ៧៣ ៣៩ ៤៣៧ /០៨៦ ៧២៣ ០៤៦៕




អត្ថបទបន្ទាប់


ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី១​និង​ជា​សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​ទស្សនា​ខែ​ធ្នូ!

ព័ត៌មាន
មិន​មាន​ការ​ពន្យារ​ពេល​ទៀត​ទេ សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សា...

ជប៉ុន​ចង់​បាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​​នៅ​កម្ពុជា

ព័ត៌មាន
ប្រទេស​ជប៉ុន​និយាយ​ថា ខ្លួន​ចង់​ឲ្យ​មាន​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ក៏​ចង់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ