សន្តិភាពរវាងកម្ពុជា និងថៃ

ផ្អែកតាមលក្ខខណ្ឌដែលនាយករដ្ឋមន្ត្រីថៃ ដាក់ឱ្យលោក ត្រាំ តើកិច្ចប្រជុំចរចាស្វែងសន្តិភាពរវាងកម្ពុជា និងថៃ អាចទៅរួចទេ?


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការសម្របសម្រួលក្នុងការធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅពេលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី នាចុងខែតុលា នេះ។
សន្តិភាពរវាងកម្ពុជា និងថៃ
ដោយ

ប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពរបស់លោក ត្រាំ សម្រាប់ប្រទេសជិតខាងទាំងពីរ ទំនងជាពិបាកនឹងកើតមានឡើងណាស់ ក្រោយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌឱ្យលោក ត្រាំ បញ្ចុះបញ្ចូលឱ្យកម្ពុជា ដកទ័ព និងសព្វាវុធ និងជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ជាមុនសិន ទើបលោកយល់ព្រមចូលតុចរចាសន្ដិភាព។ តើលោក ត្រាំ អាចជួយសម្របសម្រួលឱ្យមានការចរចាសន្តិភាពរវាងកម្ពុជា និងថៃដែរ ឬទេ បើផ្អែកតាមលក្ខខណ្ឌនេះ?

​​លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការស្នើធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែអ្នកជំនាញរូបនេះយល់ថា អាម៉េរិក មិនគួរហាមឃាត់មិនឱ្យភាគីចិនចូលរួមក្នុងកិច្ចការនេះនោះទេ ដ្បិតវាមិនមែនជាការដោះស្រាយដែលមានលក្ខណៈស្ថាបនានោះទេ តែបែរជារុញឱ្យជម្លោះកម្ពុជា-ថៃ បង្កទៅជាបញ្ហាជម្លោះភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចទៅវិញ។ សម្រាប់លោកបណ្ឌិត គិន ភា បញ្ហានេះត្រូវប្រើយន្តការអាស៊ាន ដែលមានស្រាប់ ដើម្បីដោះស្រាយដោយសន្តិវិធីនៅចំពោះមុខប្រទេសមហាអំណាយទាំងពីរ គឺជារឿងដែលល្អបំផុត ពីព្រោះកន្លងមកការដោះស្រាយកម្រិតទ្វេភាគី គឺថៃ មិនដែលគោរពតាមអ្វីដែលបានឯកភាពគ្នានោះទេ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពក្នុងតំបន់ គឺជាបំណងរួមរបស់អាស៊ាន ខណៈកិច្ចព្រមព្រៀង ឬទស្សនៈណាមួយ ដែលអាចជួយរក្សាសន្តិភាពរបស់ប្រជាជន គឺកម្ពុជាគាំទ្រយ៉ាងពេញលេញ។ អ្នកជំនាញរូបនេះមានសុទិដ្ឋិនិយមថា ប្រសិនបើលោក ដូណាល់ ត្រាំ ពិតជាចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាពេលខាងមុខនេះមែន នោះ វានឹងអាចជួយបង្កើនសារៈសំខាន់បន្ថែមទៀតរបស់កិច្ចប្រជុំកំពូលនេះ ក្នុងការឈានទៅដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញថា ពិភពលោក និងប្រទេសមហាអំណាចធំៗកំពុងគាំទ្រការដោះស្រាយបញ្ហាជម្លោះកម្ពុជា-ថៃដោយសន្តិវិធីដូចដែលកម្ពុជាចង់បាន។

គួរបញ្ជាក់ថា កាសែត Politico របស់អាម៉េរិកកាលពីថ្ងៃទី៧ ខែតុលា បានចុះផ្សាយអត្ថបទដោយស្រង់សម្ដីប្រភពច្បាស់ការមួយចំនួនថា សេតវិមានអាម៉េរិកកំពុងរៀបចំលក្ខខណ្ឌ ដើម្បីឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកអាចចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៦-២៨ ខែតុលា។ ជាមួយគ្នានេះ លោក ត្រាំ ក៏មានបំណងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានផងដែរ ប៉ុន្ដែទីក្រុងវ៉ាស៊ីនតោនចង់ឱ្យប្រធានប្ដូរវេនអាស៊ានផាត់ប្រទេសចិនចេញ ដោយមិនឱ្យចូលរួមក្នុងពិធិចុះហត្ថលេខាកិច្ចព្រមព្រៀងសន្ដិភាពនេះឡើយ។

តែយ៉ាងណាគោលបំណងចង់ស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃរបស់លោក ត្រាំ ទំនងជាពិបាកនឹងកើតឡើង ព្រោះនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល បានដាក់លក្ខខណ្ឌដ៏លំបាកចំនួន ដែលកម្ពុជាតែងតែបដិសេដឱ្យលោក ត្រាំ ជួយសម្របសម្រួលមុននឹងលោកចូលតុចរចាជាមួយកម្ពុជា។ ក្នុងនោះលោក អនុទីន បានដាក់លក្ខខណ្ឌឱ្យលោក ត្រាំ បញ្ចុះបញ្ចូលឱ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់តាមរយៈការដកកងទ័ព សព្វាវុធ និងជម្លៀសពលរដ្ឋខ្មែរចេញពីទឹកដីខ្មែរក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាបញ្ហាកម្ពុជាមិនអាចធ្វើបាន។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ The Nation៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើកម្ពុជា គួរហៅភាគីសំខាន់ៗណាខ្លះឱ្យចុះទៅឃ្លាំមើលនៅក្នុងថ្ងៃឱសានវាទថៃ គ្រោងដេញពលរដ្ឋខ្មែរចេញពីភូមិ?

តាមការគ្រោងទុកកងទ័ពថៃ គ្រោងប្រើច្បាប់ព្រៃបណ្តេញពលរដ្ឋខ្មែរចេញទឹកដីខ្មែរនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្…

១០ តុលា ២០២៥ ជាថ្ងៃដែលកូនខ្មែរត្រូវត្រៀមកត់ត្រាទង្វើព្រៃផ្សៃរបស់កងកម្លាំងថៃ ធ្វើដាក់មកលើពលរដ្ឋស្លូតត្រង់ខ្មែរ

ប្រជាពលរដ្ឋខ្មែរនៅទីណាក៏ដោយ កុំភ្លេចតាមដានអ្វី ដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃកំណត់ត្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ