នៅក្រោមអនុស្សរណៈនៃការយោគយល់នេះ ផ្សារទំនើប ឡាក់គី នឹងក្លាយជាអ្នកចែកចាយ និងលក់រាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា សម្រាប់ផលិតផលដែលផ្គត់ផ្គង់តាមរយៈក្រុមហ៊ុន Carrefour។ ភាពជាដៃគូនេះនឹងពង្រីកមុខទំនិញមកពីអន្តរជាតិ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាលើប្រភេទទំនិញសំខាន់ៗចំនួន ៤ប្រភេទគឺ៖ ផលិតផលអាហារ គ្រឿងទេសប្រចាំថ្ងៃ ផលិតផលស្រស់ និងផលិតផលត្រជាក់ មានដូចជាឈីសបារាំង ផលិតផលទឹកដោះគោ និងសាច់កែច្នៃ ផលិតផលថែរក្សាខ្លួន និងសម្រស់ សម្ភារៈប្រើប្រាស់ចាំបាច់នៅក្នុងគេហដ្ឋាន ព្រមទាំងសម្ភារៈសម្រាប់ផ្ទះបាយ និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។
អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមអធិបតីភាព និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋ មន្ត្រីក្រសួងកិច្ចការនារី ឯកឧត្ដម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Emmanuel Ly-Batallan ទីប្រឹក្សា និងប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលនេះបានគូសបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសបារាំង និងព្រះរាជាណាចក្រកម្ពុជា។
ភាពជាដៃគូដែលផ្អែកលើភាពជាអ្នកដឹកនាំក្នុងវិស័យលក់រាយ
ភាពជាដៃគូនេះកើតឡើងស្របពេលដែលអ្នកប្រើប្រាស់កម្ពុជាកំពុងស្វែងរកជម្រើសកាន់តែច្រើន ជាមួយនឹងតម្លៃសមរម្យ និងការទទួលបានផលិតផលពីអន្តរជាតិកាន់តែទូលំទូលាយ។ ទីផ្សារលក់រាយផ្នែកអាហារ និងគ្រឿងទេសនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានការកើនឡើង ៩,៣% ជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០២៦ និងឆ្នាំ ២០៣២ ដែលជំរុញដោយនគរូបនីយកម្ម ការកើនឡើងនៃប្រាក់ចំណូល និងការបន្តរីកចម្រើននៃទម្រង់លក់រាយបែបទំនើប។
តាមរយៈការរួមបញ្ចូលគ្នារវាងប្រព័ន្ធផ្គត់ផ្គង់ទំនិញសកល និងជំនាញក្នុងការអភិវឌ្ឍផលិតផលក្រោមម៉ាកផ្ទាល់ខ្លួនរបស់ Carrefour ជាមួយនឹងបទពិសោធន៍លក់រាយនៅក្នុងស្រុកជាងបីទសវត្សរ៍ និងបណ្តាញសាខាជាច្រើនមានជាង ១១៥ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជារបស់ផ្សារទំនើប ឡាក់គី ភាពជាដៃគូនេះនឹងនាំមកនូវផលិតផលរបស់ប្រទេសបារាំងដ៏ពេញនិយមជាង ១.០០០ មុខ មកកាន់អ្នកប្រើប្រាស់កម្ពុជា ឱ្យមានភាពកាន់តែងាយស្រួល និងតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារខ្មែរ និងសហគមន៍ជនបរទេសដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក Patrick Lasfargues អគ្គនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិប្រចាំក្រុមហ៊ុន Carrefour បានមានប្រសាសន៍ថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងអំឡុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញមួយនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ពួកយើង ក្នុងការពង្រឹងការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ តាមរយៈភាពជាដៃគូផ្ដាច់មុខជាមួយនឹងផ្សារទំនើប ឡាក់គី ពួកយើងទទួលបានដៃគូលក់រាយឈានមុខគេមួយប្រចាំកម្ពុជា ដើម្បីនាំយកនូវបទពិសោធន៍យ៉ាងពេញលេញរបស់ក្រុមហ៊ុន Carrefour ដោយមានដូចជាផលិតផលអាហារដែលមានកម្រិតគុណភាពខ្ពស់ ផលិតផលស្រស់ៗ ថែមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋាន និងទំនិញទូទៅជាច្រើនមុខទៀត មកកាន់ទីផ្សារអ្នកប្រើប្រាស់ដែលមានសន្ទុះរីកចម្រើនខ្លាំងបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
លោក Charlie Bettencourt អគ្គនាយកក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍បន្ថែមថា៖ «ពួកយើងមានមោទនភាពក្នុងការបង្កើតភាពជាដៃគូមួយនេះជាផ្លូវការ ក្រោមវត្តមានរបស់អ្នកតំណាងមកពីក្រសួងពាណិជ្ជកម្ម ស្ថានទូតបារាំង និងក្រសួងកិច្ចការនារី។ កំណត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានបង្ហាញឱ្យឃើញពីតួនាទីរបស់ផ្សារទំនើប ឡាក់គី ក្នុងនាមជាស្ពានតភ្ជាប់ដ៏គួរឱ្យទុកចិត្តរវាងប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ភាពជាដៃគូនេះបានគាំទ្រទៅដល់យុទ្ធសាស្ត្រជាបន្តបន្ទាប់របស់ផ្សារទំនើប ឡាក់គី នៅក្នុងការពង្រីកមុខទំនិញពីអន្តរជាតិ និងឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តដែលកំពុងវិវត្តរបស់អតិថិជន ដោយផ្តល់ជូនពួកគាត់នូវជម្រើសកាន់តែសម្បូរបែប ជាពិសេសគឺផលិតផលរបស់ប្រទេសបារាំងពិតប្រាកដបានកាន់តែច្រើនប្រភេទ សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ នៅក្នុងតម្លៃសមរម្យ ដោយគិតចាប់តាំងពីម្ហូបអាហារដែលពួកគាត់ត្រូវទទួលទាន រហូតដល់សម្ភារៈសម្រាប់ថែទាំគេហដ្ឋានរបស់ពួកគាត់ថែមទៀតផង»។
ផលិតផល Carrefour មានដាក់លក់នៅតាមបណ្តាសាខាផ្សារទំនើបឡាក់គី
ផលិតផលដំបូងពី Carrefour មានដាក់តាំងបង្ហាញ និងលក់នៅទីតាំងកម្មវិធីសម្រាប់អ្នកចូលរួមទាំងក្នុង ក្នុងភូមិ ហ្វ្រង់កូហ្វូនី អតិថិជនអាចទិញបានភ្លាមៗ។ អតិថិជនក៏អាចឃើញតំបន់តាំងបង្ហាញផលិតផល Carrefour ដោយឡែកនៅតាមសាខា ផ្សារទំនើប ឡាក់គី ហើយអាចរង់ចាំចូលរួមកម្មវិធីប្រូម៉ូសិនពិសេសដែលនឹងរៀបចំឡើងនៅតាមសាខា ផ្សារទំនើប ឡាក់គី និង ឡាក់គី អ៊ិចប្រេស ទូទាំងប្រទេស។