ស្វាយចន្ទី-​កសិកម្ម

ម្ចាស់​ចម្ការ​ស្វាយ​ចន្ទី​មាន​ទឹក​មាត់​លេប​វិញ​ហើយ! ខណៈ​ដែល​ទីផ្សារ​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ពន្លឺ​ប្រសើរ​ជាង​មុន


ការ​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី នៅ​ឆ្នាំ​នេះ កាន់តែ​កៀក​ខិត​ចូល​មក​ដល់​ហើយ ពោលគឺ​នៅ​ចន្លោះ​ខែ​ធ្នូ​ដល់​ខែ​មេសា ស្រប​គ្នា​នេះ​ដែរ ទីផ្សារ​គ្រាប់​ស្វាយ​ចន្ទី​នៅ​ឆ្នាំ​នេះ ក៏​ហាក់​បីដូច​ជា​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ច្រើន ខណៈ​ដែល​មាន​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ជំរុញ​ដល់​ការ​ដាំដុះ និង​បញ្ជា​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ពី​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។
នៅឆ្នាំនេះ កសិករ​ដាំ​ស្វាយ​ចន្ទី​ទំនង​ជា​នឹង​មាន​ហាង​ឆេង​ទីផ្សារ​ជាង​បណ្ដា​ឆ្នាំ​មុនៗ?
ដោយ

ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ សមាគម​គ្រាប់​ស្វាយ​ចន្ទី​វៀតណាម បាន​សម្រេច​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ ១,៥​ពាន់​លាន​ដុង ឬ​ស្មើនឹង​ប្រមាណ ៦៦,០០០​ដុល្លារ​អាមេរិក មក​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ដើម្បី​បង្កើន​ការ​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី​ឲ្យ​បាន​១​លាន​ដើម នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៥០​ម៉ឺន​ហិកតា ចាប់​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២២​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រ Vietnam News កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Nguyễn Đức Thanh ប្រធាន​សមាគម​​ស្វាយ​ចន្ទី​​វៀតណាម បាន​លើក​ឡើង​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ពិភព​លោក ដែល​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​បំផុត សម្រាប់​ការ​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី ហើយ​សមាគម​ស្វាយ​ចន្ទី​វៀតណាម ក៏​បាន​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា ដោយ​សង្ឃឹម​ថា នឹង​អាច​ពង្រីក​ការ​ដាំដុះ​ស្វាយចន្ទី​ឲ្យ​បាន​១​លាន​ដើម​ក្នុង​មួយ​ឆ្នាំ ដោយ​រាប់​ចាប់​ពី​ពេល​នេះ រហូត​ដល់​ឆ្នាំ​២០២២​ខាង​មុខ។

សមាគម​និង​ក្រុមហ៊ុន​ដែល​ជា​សមាជិក​របស់​សមាគម នឹង​បញ្ជា​ទិញ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ពី​កម្ពុជា និង​ធ្វើ​ការងារ​ជាមួយ​គ្នា​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដើម្បី​ពន្លឿន​គម្រោង​ការ​ដាំដុះ​ដំណាំ​ស្វាយ​ចន្ទី​នេះ។

តាម​ការ​លើក​ឡើង​ពី​ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​ប្រែប្រួល​នៃ​តម្លៃ​ទីផ្សារ និង​កម្សោយ​នៃ​ការ​គ្រប់គ្រង​របស់​កសិករ បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ដាំដុះ​ស្វាយ​ចន្ទី​នៅ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ថយ​ចុះ ពី ៣០​ម៉ឺន​ហិកតា ក្នុង​ឆ្នាំ​២០១៤ មក​នៅ​ត្រឹម​តែ ១០​ម៉ឺន​ហិកតា​ប៉ុណ្ណោះ។

ឯកឧត្តម​បន្ថែម​ថា ដើម្បី​ធានា​បាន​នូវ​ជោគជ័យ និង​ការ​ចូលរួម​ពី​កសិករ សមាគម​គ្រាប់​ស្វាយចន្ទី​វៀតណាម​គួរតែ​ផ្ដល់​នូវ​គ្រាប់​ពូជ​ល្អៗ វគ្គ​បណ្ដុះ​បណ្ដាល​កសិកម្ម បច្ចេកទេស និង​បច្ចេកវិទ្យា​ក្នុង​ការ​ប្រមូលផល ទើប​អាច​ធានា​បាន​នូវ​គុណភាព និង​អត្ថប្រយោជន៍​ខ្ពស់។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ វៀតណាម​រំពឹង​ថា នឹង​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ដែល​កែ​ច្នៃ​រួច ក្នុង​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ ៣,៥​ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​ក៏​នៅតែ​ឈរ​ក្នុង​លំដាប់​នាំមុខ​គេ​មួយ ដែល​ជា​ប្រទេស​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​នៅ​ទូទាំង​ពិភពលោក អស់​រយៈពេល ១១​ឆ្នាំ​មក​ហើយ។ 

វៀតណាម​ក៏​ជា​ប្រទេស​មួយ ដែល​មាន​ឧស្សាហកម្ម​ផលិតកម្ម​កែច្នៃ​ដ៏​រឹងមាំ​មួយ​ផង​ដែរ ខណៈ​វត្ថុ​ធាតុ​ដើម (គ្រាប់​ស្វាយ​ចន្ទី) សម្រាប់​ការ​ផលិត​ក្នុង​ស្រុក មាន​តែ​ប្រមាណ ២០ ទៅ ៣៥%​ប៉ុណ្ណោះ ដែល​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​បាន។ ដូច្នេះ​ហើយ​ទើប​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ បាន​នាំចូល​គ្រាប់​ស្វាយ​ចន្ទី​ប្រមាណ ១,២​លាន​តោន គិត​មក​ទល់​ឆ្នាំ​នេះ ដោយ​ភាគ​ច្រើន​បាន​នាំចូល​មក​ពី​ប្រទេស​អាហ្វ្រិក។

នៅ​ឆ្នាំ​២០១៤ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ទៅ​កាន់​វៀតណាម ប្រមាណតែ ៣០%​ប៉ុណ្ណោះ នៃ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ដែល​ខ្លួន​ផលិត​បាន ប៉ុន្ដែ នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ប្រមាណ​៩០% របស់​​កម្ពុជា ត្រូវ​បាន​នាំចេញ​ទៅ​កាន់​វៀតណាម ដោយ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ជា​ប្រទេស​ធំ​ជាង​គេ​ទី៥ ដែល​បាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ទៅ​វៀតណាម។

ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ក្រុមហ៊ុន Camcashew Company Limited ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន ណារ៉ូម៉ារីន របស់​កូរ៉េ​ខាង​ត្បូង ក្នុង​ការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ដែល​កែ​ច្នៃ​រួច ចំនួន​ប្រមាណ ១​ម៉ឺន​តោន​នៅ​ឆ្នាំ​ក្រោយ។

ក្រុមហ៊ុន Camcashew នេះ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ដើម្បី​ធ្វើការ​វិនិយោគ​លើ​គ្រាប់​ស្វាយ​ចន្ទី​នេះ ដួចជា ពង្រីក​ឃ្លាំង​ស្តុក​ទុក​គ្រាប់​ស្វាយ​ចន្ទី ពង្រីក​សម្ថភាព​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ពង្រីក​ផ្ទៃដី​ដាំដុះ​ស្វាយ​ចន្ទី និង​ការ​ប្រមូល​ផល​គ្រាប់​ស្វាយ​ចន្ទី​ពី​កសិករ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​ក្រោយ និង​ឆ្នាំ​បន្ត​បន្ទាប់​ផងដែរ។

លោក Syaiful Hazreen Bin Hj. Hasan Nodin ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Camcashew Company Limited បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ប្រមូល​ផល​ពី​សមាគម​ស្វាយ​ចន្ទី​ប្រមាណ ៣​ម៉ឺន​ហិកតា មក​ពី​ខេត្ត​សំខាន់​មួយ​ចំនួន ដូចជា កំពង់ចាម កំពង់ធំ រតនគិរី ព្រះវិហារ ជាដើម និង​ពង្រីក​ចម្ការ​ដាំដុះ​ផ្ទាល់​ខ្លួន ៤​ពាន់​ហិកតា​ផង​ដែរ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក ក៏​នឹង​ពង្រីក​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី ដែល​បច្ចុប្បន្ន មាន​សម្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ត្រឹម​តែ ១​តោន​ក្នុង​​មួយ​ថ្ងៃ ឲ្យ​បាន​រហូត​ដល់​ប្រមាណ ៥ ទៅ ៦​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។

លោក KIM Ki Chul ដែល​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ណារ៉ូម៉ារីន របស់​កូរ៉េខាង​ត្បូង បញ្ជាក់​ថា លោក​បាន​សិក្សា​ការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​មួយ​ឆ្នាំ​មក​ហើយ និង​ទើប​សម្រេច​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ពី​ប្រទេស​កម្ពុជា ដោយសារ​ការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក សម្រេច​ចិត្ត​យក​ការ​ផ្គត់ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​កែច្នៃ​ពី​កម្ពុជា។

គួរ​បញ្ជាក់​ផង​ដែរ កាលពី​ឆ្នាំ​មុន កម្ពុជា​បាន​ប្រមូលផល​គ្រាប់​ស្វាយចន្ទី​បាន​ប្រមាណ​ជាង ១០​ម៉ឺន​តោន​ដែល​ភាគច្រើន​វៀតណាម​ជា​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា ក្នុង​ការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​ដែល​មិន​ទាន់​កែច្នៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្មេងៗអាយុ១៥ ទៅ២២ឆ្នាំនៅវៀតណាម រកលុយបានតិច តែចាយលុយច្រើនលើការញ៉ាំចំណីក្រៅផ្ទះ

ព័ត៌មាន
យុវជនវ័យក្មេងវៀតណាម ដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់២២ឆ្នាំ ត្រូវបានការស្រាវជ្រាវមួយរកឃើញថា មានការចាយវាយធំលើការហូបចុកនំចំណីនៅក្រៅផ្ទះ ដោយ…

លោក យ៉ង សាំងកុមារ អំពាវនាវកសិករកុំសម្រុកលក់គ្រាប់ស្វាយចន្ទី ប្រយ័ត្នឈ្មួញបន្ថោកតម្លៃ

ព័ត៌មាន
ក្នុងរដូវប្រមូលផលស្វាយចន្ទីខាងមុខនេះ គេរំពឹងថា តម្លៃគ្រាប់ស្វាយចន្ទី អាចនឹងហក់ឡើងខ្ពស់ ពីព្រោះ អ្នកបញ្ជាទិញនៅខាង​សហគមន៍​អឺរ៉ុប មានតម្រូវគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ