Advertisement
ទេសចរណ៍-​កម្សាន្ត

មហា​សេដ្ឋី លី យ៉ុងផាត់ វិនិយោគ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី


សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ដែល​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក នឹង​បើក​ដំណើរការ​​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ហើយ។
រូបភាព​គំរូ​នៃ​គម្រោង​វិនិយោគ​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ គ្រោង​សាងសង់​នៅ​កម្ពុជា តម្លៃ​ទឹកប្រាក់​ជាង ៣០​លានដុល្លារអាមេរិក។
ដោយ
Advertisement

សួន​ទឹក​កម្សាន្ត​ធំ​ទី​១​នៅ​អាស៊ី​មួយ​នេះ មាន​ឈ្មោះ​ថា Angkor Water Park ដែល​វិនិយោគ​សាង​សង់​ឡើង​ដោយ​មហា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ឧកញ៉ា លី យ៉ុង ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ៦​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក  វិនិយោគ​សាងសង់​នៅ​ទល់​មុខ​គ្នា​នឹង​សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ សាហ្វារី ដែល​មាន​តម្លៃ​វិនិយោគ ១០​លាន​​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅ​ក្នុង​ខែ​ធ្នូ ចុង​ឆ្នាំ​២០១៧​នេះ។

រូបភាព​គំរូ​នៃ​គម្រោង​វិនិយោគ​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ នឹងសាងសង់​នៅ​កម្ពុជា។
Advertisement

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បាន​អះអាង​ថា សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក​ នេះ គឺ​ជា​គម្រោង​ធំ​ជាង​គេ​ទី១​ក្នុង​តំបន់​អាស៊ី ពោល​គឺ​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅប៉ាតាយ៉ា ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា Cartoon Network Waterpark រហូត​ដល់​ទៅ ៥០​ភាគរយ​ឯណោះ។

លោក​ឧកញ៉ា សេង ញ៉ក់ បាន​បន្ត​ថា  ក្រុមហ៊ុន​លោក​នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​សួន​ទឹក​កម្សាន្ត អង្គរវ៉តធើផាក នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ហើយ ហើយ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ លោក​ឧកញ៉ា សេង ញ៉ាក់ បញ្ជាក់​ថា សម្ភារៈ​បរិក្ខារ​សម្រាប់​ផ្គត់ផ្គង់​សួន​ទឹក​កម្សាន្ត​ត្រូវ​បាន​ក្រុមហ៊ុន​ទិញ​រួច​រាល់​អស់​ហើយ។

រូបភាព​គំរូ​នៃ​គម្រោង​​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ នឹងសាងសង់​នៅ​កម្ពុជា។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក ផ្នែក​ការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែ​ម្តង។

លក្ខណៈ​ពិសេស​របស់​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹក​រាំ​តាម​​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ជាច្រើន និង​កន្លែង​សំខាន់ៗ​ផ្សេង​ទៀត។ 

សួន​​ទឹក​​កម្សាន្ត អង្គរ ​វ៉តធើផាក នេះ សាងសង់​រំលេច​ទៅ​តាម​បែប​រចនាបថ​សម័យ​អង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរ​វត្ត លាយ​ឡំ​ទៅ​នឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក​ផង​ដែរ។

រូបភាព​គំរូ​នៃ​គម្រោង​វិនិយោគ​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ នឹងសាងសង់​នៅ​កម្ពុជា។
Advertisement

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មើល​ឃើញថា នៅ​រាជ​ធានី​ភ្នំពេញ​យើង ក៏​ដូចជា​ប្រទេស​ខ្មែរ​យើង ខ្វះ​កន្លែង​កម្សាន្ត​កម្រិត​ស្តង់ដារ​អន្តរជាតិ​បែប​នេះ ហើយ​ទើប​ក្រុមហ៊ុន​លោក​សម្រេច​ចិត្ត​សាងសង់​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ជាង​គេ​មួយ​នេះ​ឡើង។

លោក​ឧកញ៉ា​សង្ឃឹម​ថា នៅ​ពេល​ដែល​សួន​ទឹក​កម្សាន្ត​នេះ​សាងសង់​រួច​រាល់​ហើយ វា​មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រៅ​ប្រទេស​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​​យើង​ផង​ដែរ។ ហើយ​នៅ​ពេល​នោះ អ្នក​រស់នៅ​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ស្រុក​នោះ​ដែរ។

លោក​ឧកញ៉ា សេង ញ៉ក់ បាន​បញ្ជាក់​បន្ថែម​ថា តាមរយៈ​ការ​វិនិយោគ​សួន​ទឹក​កម្សាន្ត​ អង្គរ វ៉តធើផាក ដ៏​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ី​នេះ ក្រុមហ៊ុន​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា និង​អន្តរជាតិ ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​វិនិយោគ​"មហាយាន" ទិញ​ដី​ដាំ​ឈើ​ប្រណីត​​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ជាយ​ភ្នំពេញ

ព័ត៌មាន
លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​បង្កើត​គម្រោង​ទិញ​ដី​មួយ​កន្លែង​ទំហំ​១០​ហិកតា នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាំ​ដើម​ឈើ​ប្រណី...

សុខ ពុទ្ធីវុធ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​បង់ក្លាដែស​ត្រូវ​​ខកខាន តែ​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​​ទេ

ព័ត៌មាន
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឯកឧត្តម សុខ ពុទ្ធីវុធ បាន​លើក​ឡើង​ថា ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​បង់ក្លាដែស នៅ​ដំណាក់កាល​ដំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ