វិស័យកាត់ដេរ

CDC ជំរុញឱ្យវិនិយោគិនវិនិយោគលើការផលិតវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរ ដើម្បីកាត់បន្ថយការនាំចូល និងពង្រឹងខ្សែច្រវាក់តម្លៃ


​​វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែជាសសរស្ដម្ភ​ដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលនាំចេញដ៏សម្បើមទៅកាន់ទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណា បញ្ហាប្រឈមដ៏ធំបំផុតដែលវិស័យនេះកំពុងជួបប្រទះ គឺកង្វះខាតរោងចក្រផលិតវត្ថុធាតុដើមក្នុងស្រុក ដែលធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកម្ពុជា បន្តពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីបរទេស។
វិស័យកាត់ដេរ
ដោយ

ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវឱ្យវិនិយោគិនពិចារណាបោះទុនវិនិយោគលើការបង្កើតរោងចក្រផលិតអំបោះ និងក្រណាត់នៅកម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែង និងធានានិរន្តរភាពនៃការនាំចេញនាពេលអនាគត។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ទោះបីជាកម្ពុជា សម្រេចបាននូវតួលេខនាំចេញដ៏គួរឱ្យមោទនភាពក្នុងវិស័យកាត់ដេរ ក៏ពិតមែន ប៉ុន្តែភាពទន់ខ្សោយផ្នែកវត្ថុធាតុដើមនៅតែជាឧបសគ្គ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឱ្យឧស្សាហកម្មនេះកាន់តែរឹងមាំ និងមានតម្លៃបន្ថែមខ្ពស់ កម្ពុជា ត្រូវការជាចាំបាច់នូវការវិនិយោគលើរោងចក្រផលិតក្រណាត់ និងគ្រឿងបន្សំផ្សេងៗនៅក្នុងស្រុក។ ទន្ទឹមនឹងនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា រាល់ការស្រូបទាញគម្រោងវិនិយោគទាំងនេះត្រូវរៀបចំជាបណ្តុំឧស្សាហកម្ម និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតក្រណាត់ដ៏ធំមួយរបស់ចិន ដែលជាអ្នកផ្គត់ផ្គង់ឈានមុខគេលើពិភពលោក បានបង្ហាញឆន្ទៈក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា។ ការសន្យានេះធ្វើឡើងក្រោមលក្ខខណ្ឌ នៃការគោរពតាមច្បាប់បរិស្ថានយ៉ាងតឹងរ៉ឹង ដែលវានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញឱ្យវិស័យកាត់ដេរកម្ពុជា កាន់តែរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស។
បើតាមការលើកឡើងរបស់ឯកឧត្តម ជា វុទ្ធី មូលហេតុដែលកម្ពុជា ត្រូវតែពន្លឿនការផលិតវត្ថុធាតុដើមក្នុងស្រុក គឺដោយសារតែកម្ពុជា គ្រោងនឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩។ បន្ទាប់ពីការចាកចេញនេះ រាល់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនឹងត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញយ៉ាងតឹងរ៉ឹង ពោលគឺផលិតផលកាត់ដេរត្រូវតែប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក ទើបអាចទទួលបានការអនុគ្រោះពន្ធ។ បើពុំនោះទេ ផលិតផលដែលប្រើក្រណាត់ ឬអំបោះនាំចូល នឹងមិនត្រូវបានចាត់ទុកជាផលិតផល Made in Cambodia នោះឡើយ។ ចំណុចរបត់នេះ គឺជាឱកាសមាសសម្រាប់វិនិយោគិន ដែលចង់ពង្រីកអាជីវកម្មក្នុងខ្សែច្រវាក់តម្លៃកម្រិតខ្ពស់ ដោយសារតម្រូវការវត្ថុធាតុដើមក្នុងស្រុកនឹងហក់ឡើងខ្ពស់ខ្លាំងនាពេលខាងមុខ ដែលជាការធានានូវផលចំណេញ និងស្ថិរភាពអាជីវកម្មរយៈពេលវែងនៅកម្ពុជា៕




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវដាក់លក្ខខណ្ឌបែបណា មុនសម្រេចចិត្តបើកច្រកព្រំដែនជាមួយថៃ ឡើងវិញ?

ពន្លឺនៃការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ចាប់ផ្តើមមានសញ្ញាវិជ្ជមានឡើងវិញ ក្រោមយន្តការសម្របសម្រួលរបស់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធាន…

ចោរកម្មលួចទិន្នផលកសិកម្ម! តើអាជ្ញាធរគួរចាត់វិធានការបែបណា​ដើម្បីការពារញើសឈាមកសិករ?

បញ្ហាចោរកម្មលួចទិន្នផលកសិកម្មនៅតាមចម្ការក្នុងរដូវប្រមូលផលកំពុងវិវត្តពីបញ្ហាបុគ្គលទៅជាវិបត្តិសន្តិសុខក្នុងសហគមន៍ ដែលគួរឱ្យព្រួយបារម្ភបំផុត។ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ