វិស័យ​កសិកម្ម

ចោរកម្មលួចទិន្នផលកសិកម្ម! តើអាជ្ញាធរគួរចាត់វិធានការបែបណា​ដើម្បីការពារញើសឈាមកសិករ?


បញ្ហាចោរកម្មលួចទិន្នផលកសិកម្មនៅតាមចម្ការក្នុងរដូវប្រមូលផលកំពុងវិវត្តពីបញ្ហាបុគ្គលទៅជាវិបត្តិសន្តិសុខក្នុងសហគមន៍ ដែលគួរឱ្យព្រួយបារម្ភបំផុត។ សកម្មភាពទាំងនេះមិនត្រឹមតែប្លន់យកញើសឈាមរបស់កសិករ និងម្ចាស់ចម្ការប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគក្នុងវិស័យកសិកម្ម។ អ្នកជំនាញបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យពង្រឹងចំណាត់ការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីស្ដារសន្តិសុខមូលដ្ឋាន និងធានាថា វិស័យកសិកម្មនៅតែជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព។
វិស័យ​កសិកម្ម
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នាពេលកន្លងមក សមាគមស្វាយចន្ទីកម្ពុជា ទទួលបានការស្នើសុំជួយអន្តរាគមន៍ពីក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មលើដំណាំស្វាយចន្ទីនៅក្នុងខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារសកម្មភាពចោរកម្មលួចទិន្នផលនៅក្នុងចម្ការ។ បើតាមអ្នកជំនាញរូបនេះ ករណីចោរកម្មលួចទិន្នផលកសិកម្មនេះ ក៏កើតមាននៅតំបន់មួយចំនួនតាមបណ្ដាខេត្តផ្សេងទៀតផងដែរ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យអាជ្ញាធរគួរមានចំណាត់ការឱ្យបានតឹងរ៉ឹង ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ចម្ការ និងក្រុមហ៊ុនវិនិយោគ បើពុំដូច្នោះទេ វានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគក្នុងការបោះទុនវិនិយោគក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្មផ្ទាល់ ក៏បានកត់សម្គាល់ឃើញនូវនិន្នាការដ៏គួរឱ្យបារម្ភនេះដែរ។ អ្នកជំនាញរូបនេះបានអះអាងថា កសិករ និងម្ចាស់ចម្ការមួយចំនួនកំពុងរងគ្រោះដោយសារចោរកម្មជាប្រចាំ ហើយអ្វីដែលគួរឱ្យបារម្ភជាងនេះ គឺសកម្មភាពលួចបានវិវត្តទៅជាការគំរាមកំហែងដល់សុវត្ថិភាពម្ចាស់ចម្ការ នៅពេលពួកគេព្យាយាមការពារទ្រព្យសម្បត្តិខ្លួនឯង។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើសន្តិសុខមូលដ្ឋានមិនត្រូវបានពង្រឹងទេ វានឹងក្លាយជាថ្នាំពុលបំផ្លាញបរិយាកាសវិនិយោគក្នុងវិស័យកសិកម្មទាំងមូលរបស់កម្ពុជា។
ដើម្បីដោះស្រាយបញ្ហានេះឱ្យដល់ឫសគល់លោក អួន ស៊ីឡុត បានផ្តល់ជាយោបល់ថា អាជ្ញាធរមិនត្រូវបង្ក្រាបតែអ្នកលួចនោះទេ ប៉ុន្តែត្រូវតាមដានដល់ខ្សែច្រវាក់អ្នកទទួលផលចោរកម្ម ឬម៉ូយទិញទំនិញ ដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ លោក ក៏បានលើកសរសើរដល់ចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលថ្មីៗនេះបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងរហូតកាត់បន្ថយបទល្មើសចោរកម្មក្នុងចម្ការបានមួយកម្រិតធំ ដែលនេះ គឺជាគំរូដែលបណ្ដាខេត្តផ្សេងទៀតគួរយកគំរូតាម។ សរុបមកការដោះស្រាយបញ្ហាចោរកម្មក្នុងចម្ការមិនមែនត្រឹមតែជាការការពារទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារមុខមាត់សេដ្ឋកិច្ចជាតិ និងការរក្សាស្ថិរភាពសង្គម ក្នុងសហគមន៍កសិកម្មទាំងមូលផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


CDC ជំរុញឱ្យវិនិយោគិនវិនិយោគលើការផលិតវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរ ដើម្បីកាត់បន្ថយការនាំចូល និងពង្រឹងខ្សែច្រវាក់តម្លៃ

​​វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែជាសសរស្ដម្ភ​ដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ