សង្រ្គាម-ប្រទេសលោកខាងលិច

ចិនចោទអាម៉េរិក អុចឱ្យមាន«បដិវត្តន៍ពណ៌» ខណៈរុស្ស៊ីថាលោកខាងលិចកំពុងធ្វើឱ្យសង្គ្រមរាលដាលដល់អាស៊ី


មន្ត្រីការពារជាតិជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃចន្ទបានប្រើប្រាស់វេទិកាសន្តិសុខក្នុងទីក្រុងប៉េកាំង ចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថា កំពុងបង្កើនកម្តៅនៃភ្លើងសង្គ្រាម។ ការរិះគន់ធ្ងន់ៗពីសំណាក់ប្រមុខការពារជាតិជាន់ខ្ពស់ចិន ក៏បានបង្ហាញពីសញ្ញាចង់បើកបណ្តាញទំនាក់ទំនងយោធាជាមួយសហរដ្ឋអាម៉េរិកឡើងវិញដែរ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីឯណោះវិញបានចោទបស្ចឹមលោកថា កំពុងមានបំណងពង្រីកជម្លោះនៅអ៊ុយក្រែនមកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សង្រ្គាម-ប្រទេសលោកខាងលិច
ដោយ

នៅថ្ងៃចន្ទទី៣០ តុលា ក្នុងវេទិកាសន្តិសុខនៅទីក្រុងប៉េកាំង ដែលចិនធ្វើម្ចាស់ផ្ទះបានកោះហៅគណៈប្រតិភូការពារជាតិ និងយោធាមកពីជុំវិញពិភពលោករួមទាំងពីប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក ឱ្យចូលរួមដូចអ្វីដែលតែងធ្វើឡើងក្នុងកិច្ចប្រជុំសន្តិសុខតំបន់ Shangri-La។

លោកឧត្តមសេនីយ៍ ហ្សាង យូហ្សៀ(Zhang Youxia) អនុប្រធានគណៈកម្មការយោធាកណ្តាលរបស់ប្រទេសចិនដ៏មានឥទ្ធិពល បានថ្លែងសុន្ទរកថាវាយប្រហាររិះគន់ទៅកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថា កំពុងប៉ុនប៉ងសាបព្រួសភាពចលាចលនៅក្នុងតំបន់ និងសូម្បីតែនៅក្នុងប្រទេសចិន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដោយស្រង់សំដីលោក ហ្សាង យូហ្សៀ បាននិយាយថា «ប្រទេសមួយចំនួនមានចេតនាបង្កើតភាពចលាចល អស្ថិរភាព ជ្រៀតជ្រែកក្នុងកិច្ចការតំបន់ និងក្នុងប្រទេសដទៃ និងបង្កឱ្យមានបដិវត្តន៍ព័ណ៌។ លោក ក៏បានសង្កត់ធ្ងន់ទៀតថា ការប៉ុនប៉ងបំបែកតៃវ៉ាន់ចេញពីប្រទេសចិន គឺជារឿងដែលយោធាចិនមិនអាចអត់ឱនឱ្យបានឡើយ។

តៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយគោលការណ៍ចិនតែមួយ" គឺជាការយល់ស្របទូទៅរបស់សហគមន៍អន្តរជាតិ»។ ក្នុងនោះ ប្រមុខការពារជាតិកំពូលទីពីររបស់ប្រទេសចិននេះបានគូសបញ្ជាក់ដែរថា ចិនបានត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងយោធាអាម៉េរិកនិងចិន ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

ស្របពេលជាមួយគ្នានេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu បានចោទប្រកាន់លោកខាងលិចថា ចង់ពង្រីកជម្លោះនៅអ៊ុយក្រែនមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកបានថ្លែងនៅក្នុងវេទិកាសន្តិសុខ Xiangshan នៅទីក្រុងប៉េកាំងថា សម្ព័ន្ធភាពណាតូដែលដឹកនាំដោយសហរដ្ឋអាម៉េ​រិក គឺកំពុងកសាងកម្លាំងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងបំណងទាំងការសន្ទនា រៀបចំសម្ព័ន្ធភាព និងភ្ជាប់ខ្សែប្រតិបត្តិការយោធាជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់»។

ប្រមុខការពារជាតិរុស្ស៊ីរូបនេះបាននិយាយចោទប្រកាន់ត្រង់ៗថា ស្របពេលដែលជម្លោះនៅអ៊ឺរ៉ុបកំពុងបន្ត លោកខាងលិចកំពុងស្វែងរកការពង្រីកជម្លោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងក្នុងទិសដៅជាច្រើនទៀត។

លោកបានបន្ថែមថា ណាតូមិនត្រឹមតែជំរុញឱ្យមានការប្រកួតប្រជែងអាវុធនៅអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែការលេចឡើងនៃប្លុកសន្តិសុខដូចជា Quad និង AUKUS ក៏កំពុងធ្វើឱ្យខូចតួនាទីរបស់អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងមិនសាយភាយនុយក្លេអ៊ែនៅអាស៊ីផងដែរ។ ក្នុងនោះ ការផ្លាស់ប្តូរព័ត៌មាននៃការបាញ់មីស៊ីលរបស់កងកម្លាំងសហរដ្ឋអាម៉េ​រិកជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល គឺមានបំណងរារាំងរុស្ស៊ី និងចិន។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានការឆ្លើយតបជុំវិញការលើកឡើងរបស់ប្រមុខការពារជាតិទាំងពីរពីសំណាក់អាម៉េ​រិក ឬសម្ព័ន្ធមិត្តណាមួយទេ។ ក៏ប៉ុន្តែ វេទិកាសន្តិសុខអន្តរជាតិរយៈពេលបីថ្ងៃនេះ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យ និងសន្មតបិទបញ្ចប់នៅថ្ងៃអង្គារ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាម៉េរិក និងនៅពេលដែលប្រទេសរុស្ស៊ី ក៏កំពុងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយប៉េកាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើថៃសន្យាជួយឡាវអ្វីខ្លះពេលលោក ស្រ៊ីថា ទៅបំពេញទស្សនៈកិច្ចនៅប្រទេសនេះ?

ព័ត៌មាន
នៅចំពោះមុខថ្នាក់ដឹកនាំប្រទេសឡាវ លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានសន្យាថា ថៃនឹងប្តេជ្ញាជួយប្រែក្លាយឡាវទៅជាប្រទេស ដែលមានទំនាក់ទំន…

IMF វាយតម្លៃចុងក្រោយថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៣% នៅឆ្នាំ២០២៣ និងជំរុញឲ្យមានការពង្រឹង និងពន្លឿនការងារកែទម្រង់

ព័ត៌មាន
IMF បានវាយតម្លៃចុងក្រោយនេះថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ នឹងកើន ៥,៣% ដែលគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា រួមផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ