វិស័យពាណិជ្ជកម្ម

ចិនជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេ តែអាម៉េរិកជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា


ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកាត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ចិនបានក្លាយជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង៣ពាន់២រយលានដុល្លារ។ តែយ៉ាងណាសហរដ្ឋអាម៉េរិក គឺជាទីផ្សារដែលបានស្រូបយកទំនិញពីកម្ពុជាធំច្រើនជាងគេ ដែលមានទំហំរហូតដល់ជិត២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ ខណៈកម្ពុជានាំចេញទៅចិនមានទំហំជាង៣រយលានតែប៉ុណ្ណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សហរដ្ឋអាម៉េ​រិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា នៅត្រីមាសទី១ដើមឆ្នាំ២០២៤ នេះ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ កើនឡើងជិត៩% ខណៈកម្ពុជានាំចូលទំនិញពីទីផ្សារនេះមកវិញមានទំហំតែជាង៥៧លានដុល្លារប៉ុណ្ណោះ។ បន្ទាប់មកទីផ្សារវៀតណាម បាននាំចូលទំនិញពីកម្ពុជាឈរលំដាប់ទីពីរជាមួយទំហំទឹកប្រាក់ជិត១ពាន់៤រយលានដុល្លារ ខណៈទីផ្សារចិន ឈរនៅលំដាប់ទី៣ ជាមួយទំហំទឹកប្រាក់ជាង៣៦៦លានដុល្លារ។

យ៉ាងណាក៏ដោយចិនដែលជាមួយមិត្តដែកថែមរបស់កម្ពុជា នៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរសម្រេចជាង៣ពាន់២រយលានដុល្លារអាម៉េរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីចិន មានទំហំរហូតជាង២ពាន់៨រយលានដុល្លារ ខណៈកម្ពុជានាំចេញទៅចិនវិញមានទំហំតែជាង៣៦៦លានដុល្លារតែប៉ុណ្ណោះ។

ជុំវិញដោះដូរពាណិជ្ជកម្មរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យ​សភាកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេសនៅដើមឆ្នាំ២០២៤ នេះ ហាក់មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសទៅកាន់ទីផ្សារអឺរ៉ុប និងអាម៉េ​រិកតែម្តង បើទោះបីបញ្ហាភាពតានតឹង និងសង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា មិនទាន់ធូរស្បើយក៏ដោយ​។ បើតាមអ្នកជំនាញរូបនេះ កំណើននៃការនាំចេញនេះ គឺដោយសារតម្រូវការបញ្ជាទិញផលិតផលក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ពីទីផ្សារទាំងនោះមានការកើនឡើង ដែលកត្តានេះធ្វើឱ្យសង្ឃឹមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងទីផ្សារ RCEP នឹងមានសម្ទុះកើនឡើងបន្ថែមទៀត។

​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅ៣ខែដំបូងឆ្នាំ២០២៣ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាផលិតអំបិលបានជាង៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំនេះ និងកំពុងពន្លឿនការចងក្រងសហគមន៍ពង្រឹងគុណភាព

ព័ត៌មាន
នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៤នេះ កម្ពុជាផលិតអំបិលបានចំនួនជាង៥ម៉ឺនតោន សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ខណៈអាកាសធាតុក្ដៅនៅដើមឆ្នាំនេះ…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ Tesla លក់បញ្ចុះតម្លៃនៅតាមទីផ្សារសំខាន់ៗ?

ព័ត៌មាន
ក្រុមហ៊ុនរថយន្តថេស្លា (Tesla) របស់សហរដ្ឋអាម៉េរិក បានកាត់បន្ថយតម្លៃលក់របស់ខ្លួនម្តងទៀតនៅតាមទីផ្សារធំៗមួយចំនួន រួមទាំងទីផ្សារសហរដ្ឋអាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ