ខែលហិរញ្ញវត្ថុ

ចិន នៅតែពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែកំពុងប្រញាប់កសាង “ខែលហិរញ្ញវត្ថុ” ដើម្បីត្រៀមទប់ទល់នឹងទណ្ឌកម្មពីអាម៉េរិក


ការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ចថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងឡើងកម្តៅយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ ស្របពេលរដ្ឋបាលលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មលើធនាគារ និងក្រុមហ៊ុនចិន ដែលជួយអ៊ីរ៉ង់ គេចវេះពីទណ្ឌកម្ម ទីក្រុងប៉េកាំង ក៏កំពុងតែប្រញ៉ាប់ពង្រឹងខែលការពារហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។
ខែលហិរញ្ញវត្ថុ
ដោយ

យ៉ាងណាមិញ ចិន បានអះអាងថា ខ្លួននឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន ប៉ុន្តែអ្នកវិភាគមើលឃើញថា ទីក្រុងប៉េកាំង កំពុងប្រឈមតុល្យភាពដ៏លំបាកនោះ គឺចិន ត្រូវការប្រាក់ដុល្លារ តែមិនចង់ឱ្យក្រុងវ៉ាស៊ីនតោនកាន់កាប់ ប៊ូតុង បញ្ជាសេដ្ឋកិច្ចរបស់ខ្លួនជាដាច់ខាត។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន CNBC និង ANN នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានថា ក្រុមហ៊ុន និង ធនាគារដែលជួយអ៊ីរ៉ង់ គេចវេសពីទណ្ឌកម្ម អាចនឹងត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាម៉េរិក។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) ក៏បានព្រមានដែរថា ធនាគារចិន ដែលជាប់ពាក់ព័ន្ធនឹងការបំប្លែងចំណូលពីការលក់ប្រេងរបស់អ៊ីរ៉ង់ អាចក្លាយជាគោលដៅទណ្ឌកម្ម។ តែយ៉ាងណា ចិន បានច្រានចោលការគំរាមនេះ ដោយហៅទណ្ឌកម្មជាឯកតោភាគីរបស់អាម៉េរិកថា ខុសច្បាប់ និងព្រមានថា សម្ពាធសេដ្ឋកិច្ចបែបនេះអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអស្ថិរភាព។
មុនផ្ទុះសង្គ្រាម ចិន បានប្រមូលទិញប្រេងប្រមាណ៩០% នៃប្រេងនាំចេញរបស់អ៊ីរ៉ង់ ដែលធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងតេអេរ៉ង់។ ទណ្ឌកម្មថ្មីរបស់អាម៉េរិក ក៏បានកំណត់គោលដៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលមានមូលដ្ឋាននៅចិនផងដែរ។ ជាមួយគ្នានេះ ចិន កំពុងកសាងផ្លូវហិរញ្ញវត្ថុដើម្បីជំនួស តាមរយៈការពង្រីកប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន CIPS និងបង្កើនកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយប្រទេសដទៃ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រាក់ដុល្លារអាមេរិក។

តែយ៉ាងណា ប៉ុន្តែប្រាក់ដុល្លារអាម៉េរិកនៅតែជាកម្លាំងស្នូលនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដោយគ្របដណ្ដប់ជាងពាក់កណ្តាលនៃការទូទាត់ទូទាំងពិភពលោក ខណៈប្រាក់យន់ចិនគ្របដណ្ដប់ត្រឹមប្រមាណ ៣,១%ប៉ុណ្ណោះ ដូច្នេះទីក្រុងប៉េកាំង ទំនងជាមិនអាចបោះបង់ប្រព័ន្ធប្រាក់ដុល្លារអាមេរិកភ្លាមៗ ឬប្រឈមមុខដោយផ្ទាល់ជាមួយក្រុងវ៉ាស៊ីនតោននោះឡើយ។ ផ្ទុយទៅវិញចិនកំពុងរក្សាទំនាក់ទំនងជាមួយប្រព័ន្ធប្រាក់ដុល្លារ ទន្ទឹមនឹងការកសាងផែនការបម្រុង ដើម្បីការពារខ្លួនពីទណ្ឌកម្មនាពេលអនាគត។ យ៉ាងណាក៏ដោយ គេរំពឹងថាលោក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នឹងជួបគ្នាឆាប់ៗខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផលិតផលស្ពៃក្ដោប និងស្ពៃស្រួយរបស់ចិន ជាប់សង្ស័យប្រើថ្នាំត្រាំសាកសព ដើម្បីរក្សាឱ្យស្រស់ ខណៈប្រទេស​មួយចំនួនរឹតបន្ដឹងការនាំចូល

ប្រទេសចិនត្រូវបានគេស្គាល់ថា ជាស្ដេចផលិតស្ពៃ ដោយប្រមូលផលបាន​ជាង ៣០លាន​តោន​ក្នុងមួយឆ្នាំ ពោលគឺគ្របដណ្តប់ជិតពាក់កណ្តាលនៃតម្រូវការពិភពលោក និ…

តើប្រទេសណាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់ច្រើនជាងគេ?

ថ្វីត្បិតតែរងសម្ពាធពីទណ្ឌកម្មសហរដ្ឋអាម៉េរិក យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ៊ីរ៉ង់ មិនមែនជាប្រជាជាតិដែលឯកោនោះឡើយ ដោយស្ថិតិផ្លូវការបានបង្ហាញថា ទីក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ