
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ វាជាវិធីសាស្ត្រមួយដ៏ល្អក្នុងការដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ ដែលបានឈ្លានពានកម្ពុជា ទាំងគឃ្លើន និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ទោះការធ្វើពហិការរបស់ពលរដ្ឋខ្មែរមិនអាចបំបាក់សេដ្ឋកិច្ចថៃ បានទាំងស្រុងក៏ពិតមែន តែវាក៏អាចធ្វើឱ្យសេដ្ឋកិច្ច និងនយោបាយកាទូតថៃ រងការរង្គោះរង្គើលផងដែរ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះ ស្នើឱ្យម្ចាស់អាជីវកម្មក្នុងស្រុកពង្រីកផលិតកម្មឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជាពិសេសកុំដំឡើងថ្លៃ ដើម្បីជៀសវាងនាំឱ្យពលរដ្ឋ ដែលកំពុងពហិការផលិតផលថៃ ខកចិត្ត។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានវាយតម្លៃថា តាមទិន្នន័យសេដ្ឋកិច្ចរយៈពេល៩ខែ ឆ្នាំនេះ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានតម្លៃសរុបប្រមាណ២,៩ពាន់លានដុល្លារ បានថយចុះប្រមាណ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចូលទំនិញពីប្រទេសថៃ មានប្រមាណ២,៣ពាន់លានដុល្លារ ថយចុះជាង៧,៦%។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កត្តាដែលនាំឱ្យការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ ថយចុះនេះដោយសារបញ្ហាជម្លោះតាមបណ្ដោយព្រំដែន ក្រោយភាគីថៃ បិទច្រកព្រំដែនជាឯកតោភាគី ដែលធ្វើឱ្យទំនិញរបស់ថៃ កកស្ទះ មិនអាចនាំចូលមកកម្ពុជា បានច្រើនដូចមុន គួបផ្សំថៃ កំពុងជួបវិបត្តិចរន្តសេដ្ឋកិច្ចក្នុងស្រុកផងនោះ បានធ្វើឱ្យថៃ កំពុងប្រឈមនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។
ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានចាត់ទុកការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរ ជាមធ្យោបាយមួយ ដើម្បីឆ្លើយតបចំពោះការចូលឈ្លានពានយ៉ាងគឃ្លើនលើទឹកដីខ្មែរពីសំណាក់ក្រុមយោធាថៃ តែយ៉ាងណាការធ្វើពហិការនេះ ក៏ជាឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ដែលមិនអាចដាក់កំហិតចំពោះអ្នកដែលនៅមានតម្រូវការប្រើប្រាស់ទំនិញថៃ បាននោះទេ។ បើតាមអ្នកជំនាញរូបនេះ សព្វថ្ងៃនេះដំណាំបន្លែរបស់ខ្មែរផលិតបានច្រើន ដែលទាមទារឱ្យអាជ្ញាធរជួយចាត់វិធានការបង្វែរទៅស្រុកតំបន់ណាដែលខ្វះខាត ជៀសវាងតំបន់ដែលខ្វះខាតទាំងនោះនាំចូលពីក្រៅស្រុក ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
គួរបញ្ជាក់ថា ក្រោយពលរដ្ឋបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយមកគាំទ្រផលិតខ្មែរក្នុងស្រុក បានធ្វើឱ្យកំណើនការផលិតក្នុងស្រុកកើនឡើងទ្វេដង ក្នុងអំឡុងពេលថៃចូលឈ្លានពានកម្ពុជា ទាំងកម្រោលមកនេះ។ ជាក់ស្ដែងក្នុងខែសីហា ឆ្នាំ២០២៥ មានចំនួនផលិតករបានចុះឈ្មោះបញ្ជីម៉ាកផលិតផលនៅក្រសួងពាណិជ្ជកម្មរហូតដល់ទៅ៣២៤ ផលិតផលកើនឡើងជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ ជា ម៉ារ៉ា