វិស័យ SME

តើការបន្តនាំចូលទំនិញថៃ ពីសំណាក់ឈ្មួញមួយចំនួន អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពហិការរបស់ពលរដ្ឋយ៉ាងណាដែរ?


ទោះបីកម្ពុជា និងថៃ បានបិទច្រកព្រំដែន ហើយពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ ក៏ដោយ តែគេសង្កេតឃើញថា ទំនិញរបស់ថៃ នៅតែត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ឈ្មួញឆ្លៀតឱកាសមួយចំនួន។ ជាក់ស្ដែងនាពេលថ្មីៗ អាជ្ញាធរបានរកឃើញទំនិញរាប់សិបតោននាំចូលពីថៃ ស្តុកទុកក្នុងឃ្លាំងជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ដែលនាំចូលដោយឈ្មួញដ៏មានឥទ្ធិពលម្នាក់។ ការនាំចូលនេះបានធ្វើឱ្យមានការចោទជាសំណួរថា តើទំនិញទាំងនោះបាននាំចូលមកត្រឹមត្រូវដែរ ឬទេ?
វិស័យ SME
ដោយ

ស្របពេលប្រជាពលរដ្ឋកម្ពុជា កំពុងនាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចថៃ ជាការសងសឹកនឹងការឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា ទំនិញថៃ មួយចំនួន ដែលមិនស្ថិតក្នុងបញ្ជីខ្មៅរបស់រាជរដ្ឋាភិបាល នៅតែត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា ពីសំណាក់ឈ្មួញឆ្លៀតឱកាសមួយចំនួន។ បញ្ហានេះ វាកំពុងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តជាតិនិយមរបស់ប្រជាពលរដ្ឋ ដែលនាំគ្នាធ្វើពហិការទំនិញថៃ និងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ដែលកំពុងមានការកើនឡើងខ្លាំង។

ពាក់ព័ន្ធបញ្ហានេះឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា ពុំបានចេញវិធានការហាមឃាត់ទំនិញរបស់ថៃ ទាំងស្រុងនោះទេ។ តែយ៉ាងណា អ្នកជំនាញរូបនេះអំពាវនាវដល់ស្ថាប័នជំនាញតាមព្រំដែនគួរត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីអនុវត្តវិធានការរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទោះកម្ពុជា បិទមិនឱ្យនាំចូលទំនិញយុទ្ធសាស្រ្តសំខាន់ៗរបស់ថៃ មកទីផ្សារកម្ពុជា ក៏ដោយ តែទំនិញផ្សេងៗទៀតដែលស្ថិតនៅក្រៅបញ្ជីនៅតែត្រូវបានឈ្មួញនាំចូលដដែល។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះចោទជាសំណួរថា តើការហូរទំនិញរបស់ថៃ មកទីផ្សារកម្ពុជា អាចចរាចរបានតាមច្រកណា និងមានការត្រួតពិនិត្យលើគុណភាព និងបានបង់ពន្ធបានត្រឹមត្រូវដែរឬទេ? នៅក្នុងស្ថានភាពនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះយល់ថា ស្ថាប័នជំនាញគួរតែបង្ហាញពីតម្លាភាពពេញលេញក្នុងការអនុវត្តការងារ បើពុំដូច្នោះទេ ពួកគេអាចនឹងរងនូវការរិះគន់ពីប្រជាពលរដ្ឋ ខណៈកងទ័ពកំពុងការពារព្រំដែន និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

​ដោយឡែកលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ប្រសិនបើការនាំចូលទំនិញជាការបំពេញនូវតម្រូវការខ្វះខាតនោះមិនប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចកម្ពុជា នោះទេ តែប្រសិនបើមានការនាំចូល ទាំងដែលកម្ពុជាផលិតបាននោះ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ច។ បើតាមអ្នកជំនាញរូបនេះ ទោះបីកម្ពុជាកំពុងគោរពគោលការណ៍នៃច្បាប់ពាណិជ្ជកម្មក៏ដោយ ក៏កម្ពុជាមានសិទ្ធិអនុវត្តលក្ខខណ្ឌផ្អាកការនាំចូលក្នុងរយៈពេលណាមួយប្រសិនបើទំនិញពីខាងក្រៅនោះមានផលប៉ះពាល់ដល់ទំនិញក្នុងស្រុក។

​គួរបញ្ជាក់ថា កាលពីកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការហាមឃាត់ការនាំចូលនូវមុខទំនិញរបស់ថៃមកកម្ពុជាចំនួន៣មុខដូចជាបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ ដោយក្រៅពី៣មុខនេះមិនមែនជាទំនិញហាមឃាត់នោះឡើយ។ តែយ៉ាងណាគេសង្កេតឃើញថា ក្រោយថៃបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសមួយក្នុងការជំរុញការគាំទ្រផលិតផលក្នុងស្រុក៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ចិន ផ្ដួលអាម៉េរិក ក្នុងសង្គ្រាមប្រកួតប្រជែងនាំចេញថាមពលទៅកាន់ពិភពលោក

មហាយក្សចិន និងសហរដ្ឋអាម៉េរិក កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីដណ្ដើមទីផ្សារនាំចេញថាមពលទៅកាន់ប្រទេសនានា ជុំវិញពិភពលោក។ ស្របពេលសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ