គំនិត​អាជីវកម្ម

អ្នកឧកញ៉ា សៀ ឫទ្ធី៖ កុំ​ព្យាយាម​ហូប​នំ​តូច​​មួយ​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​មួយ​ជាមួយ​គេឯ​ង​វិញ​!


“កុំ​ព្យាយាម​ហូប​នំ​តូច​១​ម្នាក់​ឯង! ចូរ​ហូប​នំ​ធំ​១​ជាមួយ​គេ​ឯង​វិញ​ទៅ” នេះ​គឺ​ជា​សម្ដី​​មួយ​ឃ្លា​របស់​វិនិយោគិន​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ក្នុង​ជំនួញ​ពហុវិស័យ​នៅ​កម្ពុជា គឺ​អ្នកឧកញ៉ា សៀ ឫទ្ធី ដែល​បាន​ផ្ដល់​ជា​ដំបូន្មាន​ទៅ​កាន់​អ្នក​វិនិយោគ​ក៏​ដូចជា​សហគ្រិន​ក្នុង​ស្រុក​សម្រាប់​យក​ទៅ​ពិចារណា។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Land
ដោយ

ការ​ផ្ដល់​នូវ​គំនិត​ពិចារណា​ខាង​លើ​នេះ ដោយសារ​តែ​អ្នក​ឧកញ៉ា សៀ ឫទ្ធី បាន​កត់​សម្គាល់​ឃើញ​ថា ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​វិនិយោគ ក៏​ដូចជា​ការ​រក​ស៊ី​នា​ពេល​បច្ចុប្បន្ន បាន​និង​កំពុង​​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។ តួយ៉ាង មិន​ត្រឹមតែ​សហគ្រិន ក៏​ដូចជា​វិនិយោគិន​ក្នុង​ស្រុក​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​ដៃគូ​ប្រជែង​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្ដា​ក្រុមហ៊ុន​ក៏​ដូចជា​វិនិយោគិន​មក​ពី​ក្រៅ​ស្រុក​ផង​ដែរ។

តើ​ដំបូន្មាន​របស់​អ្នក​ឧកញ៉ា សៀ ឫទ្ធី ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ មាន​អត្ថន័យ​យ៉ាង​ដូច​ម្តេច?

ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន World Bridge Group ដែល​បាន​វិនិយោគ​លើ​វិស័យ​ជា​ច្រើន ពិសេស គឺ​វិស័យ​អចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី បាន​លើក​ឡើង​ថា ការ​វិនិយោគ​នា​សម័យ​នេះ គេ​ហៅ​ថា សម័យ​វិនិយោគ​មូលធន​និយម ពោល​គឺ​អ្នក​រកស៊ី​ធំៗ តែងតែ​ស៊ី​អ្នក​តូចៗ។ 

ក្នុង​កាលៈទេសៈ​នេះ ប្រសិន​បើ​សហគ្រិន​ក៏​ដូចជា​វិនិយោគិន​ក្នុង​ស្រុក មិន​មាន​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ​ទេ នោះ​ពួកគេ​ច្បាស់​ជា​នឹង​ត្រូវ​បរាជ័យ​ទីផ្សារ​មិន​ខាន​ឡើយ។ 

តាម​ការ​ពន្យល់​ពី​អ្នកឧកញ៉ា សៀ ឫទ្ធី នំ​មួយ​ដុំ​តូច​ដែល​ហូប​ម្នាក់​ឯង​នោះ គឺ​ជា​អាជីវកម្ម ឬ​ទីផ្សារ​ដែល​សហគ្រិន​កំពុង​ធ្វើ​តែ​ម្នាក់​ឯង​ដោយ​មិន​មាន​ដៃគូ រីឯ​នំ​មួយ​ដុំ​ធំ​ដែល​ហូប​គ្នា​ច្រើន​នោះ គឺ​ជា​ការ​សហការ​ជាមួយ​ដៃគូ​ដែល​មាន​សមត្ថភាព ពោល​គឺ​ជា​ក្រុមហ៊ុន​ធំៗ។ 

ម្ចាស់​គម្រោង​អគារ​ពាណិជ្ជ​កម្ម​ដ៏​ធំ The Bridge និង The Peak ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ដើម្បីអាច​ឈរ​ជើង​រឹងមាំ​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នេះ វិនិយោគិន​ក្នុង​ស្រុក ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់ និង​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់ ថា តើ​អ្នក​គួរតែ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ឯង ឬ​ចាប់​ដៃ​ជាមួយ​គេ​ដែល​ជា​ក្រុមហ៊ុន​ធំ​ដែល​មាន​រចនា​សម្ព័ន្ធ​រឹងមាំ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ? បើ​អ្នក​យល់​ថា មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​យក​ឈ្នះ​លើ​ដៃគូ​ប្រកួត​ប្រជែង ដើម្បី​អាច​ឈ​ជើង​រឹងមាំ​លើ​ទីផ្សារ​បាន​ទេ​នោះ អ្នក​គួរ​តែ​ចាប់​ដៃគូ​ជាមួយ​គេ​ដែល​មាន​សមត្ថភាព មិន​ថា ជា​ដៃគូ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ។

អ្នកឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​ថា ការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធំ នោះ​អ្នក​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​គេ​ផង និង​អាច​រៀនសូត្រ​បទ​ពិសោធន៍​ល្អៗ​ពី​គេ​បន្ថែម​ទៀត​ផង​ដែរ។ ចូរ​កុំ​ឃើញ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ធំៗ​ចូល​មក ខិតខំ​ប្រកួត​ប្រជែង​ជាមួយ​គេ​យក​ឈ្នះ​យក​ចាញ់ ព្រោះ​ជា​សហគ្រិន​ក្នុង​ស្រុក​ដែល​មាន​ធនធាន​មាន​កម្រិត មិន​ងាយ​នឹង​ប្រកួត​ប្រជែង​ឈ្នះ​ក្រុមហ៊ុន​ធំៗ​គ្រាក់ៗ​ពី​ក្រៅ​ប្រទេស​បាន​នោះ​ទេ។

ក្រុមហ៊ុន​បរទេស​ធំៗ​ចូល​មក ភាគច្រើន គេ​មាន​ធនធាន​ច្រើន ដែល​អាច​ទ្រាំ​ទ្រ​ទីផ្សារ​ប្រកួត​ប្រជែង​បាន​ខ្លាំង​ជាង​ក្រុមហ៊ុន​ក្នុង​ស្រុក ដោយសារ​ក្រុមហ៊ុន​បរទេស​ធំៗ​ទាំង​នោះ មាន​បណ្ដាញ​សាខា និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ​ទូទាំង​ពិភព​លោក។

អ្នកឧកញ៉ា សៀ ឫទ្ធី បាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “ឃើញ​ក្រុមហ៊ុន​ពី​ខាង​ក្រៅ​ចូល​មក ហើយ​យើង​ខិតខំ​រត់​ទៅ​ប្រកួត​ប្រជែង​ស្លាប់​រស់​ជាមួយ​គេ នោះ​យើង​មិន​អាច​ទៅ​រួច​នោះ​ទេ! សម្រាប់​ក្រុមហ៊ុន​បរទេស​គេ​ចូល​មក គេ​មាន​ធនធាន​ច្រើន​ជាង​យើង។ ឧទាហរណ៍៖ ក្រុមហ៊ុន​បរទេស​ធំៗ មួយ​ខែៗ​គេ​ហ៊ាន​ខាត​១០​ម៉ឺន​ដុល្លារ សម្រាប់​គេ​គឺ​តិចតួច​ណាស់ ព្រោះ​គេ​មាន​បណ្ដាញ​អាជីវកម្ម​ច្រើន​នៅ​ទូទាំង​ប្រទេស គេ​មាន​ចំណូល​ពី​គ្រប់​តំបន់។ ពួកគេ​មាន​គម្រោង​ផែនការ​ច្បាស់​លាស់​សម្រាប់​ការ​ខាត​បង់! មុខ​របរ​ខ្លះ​គេ​ហ៊ាន​ខាត​បី​ឆ្នាំ ឬ​៥ឆ្នាំ និង​មាន​មុខ​របរ​ខ្លះ​ទៀត គេ​ហ៊ាន​ខាត​រហូត​ដល់ ៨​ឆ្នាំ។ ប៉ុន្ដែ បើ​ងាក​មក​មើល​ក្រុមហ៊ុន​ក្នុង​ស្រុក​យើង​វិញ បើ​ហ៊ាន​ខាត​តែ​១០​ម៉ឺន​ដុល្លារ​តែ​៣​ឆ្នាំ ច្បាស់​ជា​រត់ចោល​ស្រុក​ហើយ។”

អ្នកឧកញ៉ា បន្ថែម​ថា សម្រាប់​ការ​ខាត​បង់​របស់​ក្រុមហ៊ុន​បរទេស​លើ​ទីផ្សារ​នៅ​ដំណាក់កាល​ដំបូង គឺ​ពួកគេ​មិន​ខ្លាច​ខាត​នោះ​ទេ សំខាន់​ពួកគេ​យល់​ថា ទីផ្សារ​នោះ​នឹង​មាន​និរន្តរភាព​នា​ពេល​អនាគត។ យ៉ាង​ណា​ក៏​ដោយ មាន​វិនិយោគិន​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ពី​ផែនការ​របស់​ក្រុមហ៊ុន​បរទេស​ធំៗ​នៅ​ឡើយ ដូច្នេះ ប្រសិន​បើ​ពួគ​គាត់​ខំ​ប្រកួត​ប្រជែង តែ​មិន​មាន​ស្វែងរក​ដៃគូ​សហការ​ឲ្យ​បាន​ល្អ នោះ​ពួកគាត់​នឹង​ងាយ​បរាជ័យ​ក្នុង​ទីផ្សារ។

ទោះ​យ៉ាង​ណា ការ​ចាប់​ដៃគូ​នេះ​ទៀត​សោត វិនិយោគិន​ក្នុង​ស្រុក ក៏​គួរតែ​មាន​ការសិក្សា​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ថា បច្ចុប្បន្ន ការ​បើក​ចំហ​ទ្វា​រ​ពាណិជ្ជកម្ម​សម្រាប់​ការ​វិនិយោគ​មក​កម្ពុជា ក៏​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​មក​ធ្វើការ​បោក​បញ្ឆោត​ពី​ការ​វិនិយោគ​នេះ​ផង​ដែរ។

ជាក់ស្ដែង បើ​តាម​ការ​បញ្ជាក់​ពីអ្នក​ឧកញ៉ា សៀ ឫទ្ធី មា​ន​អ្នក​ខ្លះ តាំង​នាម​ខ្លួន​ឯង​ជា​អ្នក​វិនិយោគ ប៉ុន្ដែ តាម​ពិត​គ្រាន់​តែ​ជា​អ្នក​គួកជេ​ប៉ុណ្ណោះ និង​អ្នក​ខ្លះ​ទៀត គ្មាន​​លុយ​តែម្ដង ហើយ​ពួកគេ​ចូល​មក​ស្រុក​ខ្មែរ​គ្រាន់តែ​មក​បោក​បញ្ឆោត​អ្នក​វិនិយោគ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ ពិសេស​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​វិនិយោគ វិនិយោគិន​ក្នុង​ស្រុក​គួរតែ​សិក្សា​ពី​ប្រវត្តិ​បុគ្គល ក៏​ដូចជា​ក្រុមហ៊ុន​នោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន តួយ៉ាង តាមរយៈ​ការ​សាកសួរ​ព័ត៌មាន​លម្អិត​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៩ខែ​ឆ្នាំ​២០១៧ ចំណូលពន្ធ​​ពី​វិស័យ​កាស៊ីណូ​ថយ​ចុះ​ជាង​៣០%

ព័ត៌មាន
ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ក្នុង​រយៈពេល ៩ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ ថមថយ​ចុះ​ជាង ៣០% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្…

អគារ​ពាណិជ្ជកម្ម The Bridge ៣០០​លាន​ដុល្លារ កំពុង​ពន្លឿន​បញ្ចប់​តាម​ផែនការ​មេ

ព័ត៌មាន
អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ដ៏​ទំនើប ខ្ពស់​ជាង​គេ​បង្អស់​នៅ​កម្ពុជា កំពុង​ពន្លឿន​សកម្មភាព​សាងសង់​យ៉ាង​មមាញឹក​ដើម្បី​បញ្ចប់​គម្រោង​សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ