វិស័យការបរទេស

តើមេដឹកនាំពិភពលោកនឹងជជែកគ្នាលើបញ្ហារសើបអ្វីខ្លះនៅក្នុងកិច្ចប្រជុំកំពូល APEC នៅសប្តាហ៍នេះ?


តើមានបញ្ហាធំៗអ្វីខ្លះ ដែលមេដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ត្រូវជជែកគ្នាតឹងសរសៃកនៅក្នុងកិច្ចប្រជុំ ដែលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះនៅក្នុងសប្តាហ៍នេះ? ក្រុមអ្នកវិភាគមើលឃើញថា បញ្ហាដ៏រសើប និងក្តៅគគុកទាំងនោះរួមមាន វិបត្តិពាណិជ្ជកម្មសកល សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែ និងសង្គ្រាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
កិច្ចប្រជុំកំពូល APEC

បណ្តាសារព័ត៌មានអន្តរជាតិ ធំៗបានរាយការណ៍ថា របៀបវារៈដ៏ក្តៅគគុក ដែលនឹងត្រូវលើកយកមកជជែកតឹងសរសៃកដាក់គ្នានៅក្នុងកិច្ចប្រជុំកំពូល APEC នាទីក្រុងស៊ិនជិន ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺគ្របដណ្ដប់ចាប់តាំងពីបញ្ហាពាណិជ្ជកម្ម សង្គ្រាមភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែ រហូតដល់បញ្ញាសិប្បនិម្មិត។

សារព័ត៌មាន CNA បានកត់សម្គាល់ថា ចំណុចដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត គឺជំនួបត្រីភាគីជាប្រវត្តិសាស្ត្ររវាងមហាអំណាចកំពូលទាំង៣ គឺសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាពាណិជ្ជកម្ម គឺជារបៀបវារៈកំពូល ស្របពេលដែលភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ជាប្រធានបទ ដែលមិនអាចខ្វះបាន រួមជាមួយនឹងក្តីបារម្ភដ៏ធំរបស់ពិភពលោក ជុំវិញអាវុធនុយក្លេអ៊ែ និងបច្ចេកវិទ្យា AI។

ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា ភាពតានតឹងផ្នែកពាណិជ្ជកម្មនឹងក្លាយជាប្រធានបទគ្របដណ្ដប់លើកិច្ចប្រជុំទាំងមូល បន្ទាប់ពីគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកលក្រឡាប់ចាក់ និងប្រែប្រួលយ៉ាងខ្លាំង។

ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណាន់យ៉ាង នៅសិង្ហបុរី និងអ្នកស្រាវ​ជ្រាវនៅវិទ្យាស្ថានគោលនយោបាយអាស៊ី នៅសហរដ្ឋអាម៉េរិក បានលើកឡើងស្រដៀងគ្នាថា ក្រៅពីរឿងពាណិជ្ជកម្ម សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា គឺជារបៀបវារៈដែលខកខានមិនបានឡើយ ជាពិសេសនៅពេលដែលមេដឹកនាំកំពូលទាំង៣រូប គឺលោក ស៊ី ជីនពីង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន មកជួបជុំគ្នា ដ្បិតអ្នកទាំង៣សុទ្ធតែជាបុគ្គលមានឥទ្ធិពល ដែលការសម្រេចចិត្តរបស់ពួកគេអាចធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។

បន្ថែមពីលើនេះបញ្ហាអាវុធនុយក្លេអ៊ែ ក៏ជាវិញ្ញាសាមិនអាចរំលងបានដែរ ព្រោះមហាអំណាចទាំង៣សុទ្ធ​តែជាម្ចាស់ឃ្លាំងអាវុធប្រល័យលោកដ៏ធំបំផុត ហើយឫសគល់នៃជម្លោះដែលកំពុងបន្តអូសបន្លាយនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ក៏កំពុងជាប់គាំងដោយសារបញ្ហានុយក្លេអ៊ែនេះផងដែរ។

ដោយឡែក សង្គ្រាមបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរឹតតែក្តៅគគុកខ្លាំងឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងប្រឈមដាក់គ្នាទៅវិញទៅមក ក្នុងនោះចិន បានកាន់កាប់ប្រភព និងស្តុករ៉ែកម្រដ៏ធំ ដែលជាវត្ថុធាតុដើមស្លាប់រស់សម្រាប់ផលិតបន្ទះឈីប AI ខណៈអាម៉េរិកជាម្ចាស់មូលនិធិ និងធនធានខួរក្បាលស្នូល នៃបច្ចេកវិទ្យាទំនើបនេះ។ បច្ចុប្បន្នមហាអំណាចសេដ្ឋកិច្ចទាំងពីរកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញ ខណៈរុស្ស៊ីកំពុងដើរតួជាអ្នកប្រើប្រាស់ផលិតផលបច្ចេកវិទ្យា AI ដ៏ធំ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ និង អនុទីន ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្ដីពីពាណិជ្ជកម្ម ខណៈថៃសន្យាទិញផលិតផលកសិកម្មអាមេរិកបន្ថែម ២,៦ពាន់លានដុល្លារ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្ម ន…

បារាំង ចាប់ដៃម៉ាឡេស៊ី បង្កើតសម្ព័ន្ធយុទ្ធសាស្ត្រថ្មីលើវិស័យយោធា និងរ៉ែកម្រ ខណៈលោកខាងលិចកំពុងរកវិធីកាត់បន្ថយការពឹងផ្អែកលើចិន

បារាំង និងម៉ាឡេស៊ី កំពុងបោះជំហានកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល និងរ៉ែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ