ប្រសិនបើលោកមិនព្រមទូទាត់បំណុលពន្ធដ៏សម្បើមនេះទេ រដ្ឋាភិបាលថៃអាចនឹងចាត់វិធានការតាផ្លូវច្បាប់ ប្រកាសឱ្យមហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះក្ស័យធន។
នាយកដ្ឋានប្រាក់ចំណូល នៃក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានព្រមានថា ខ្លួនអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្ដឹង និងប្រកាសឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្ស័យធន ប្រសិនបើលោកមិនព្រមទូទាត់បំណុលពន្ធ ដែលលោកនៅជំពាក់រដ្ឋចំនួន៥៣៨លានដុល្លារ។ ការព្រមាននេះកើតឡើងបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសថៃ បានគាំទ្រការវាយតម្លៃពន្ធ ដែលថា លោក ថាក់ស៊ីន ត្រូវតែទូទាត់បំណុលពន្ធឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ អាជ្ញាធរពន្ធដារថៃ ពេលនេះកំពុងតាមប្រម៉ាញ់ទ្រព្យសម្បត្តិរបស់លោក ថាក់ស៊ីន ទាំងនៅក្នុងប្រទេសថៃ និងនៅបរទេស ហើយអាចនឹងរឹបអូស ឬបង្កកទ្រព្យសម្បត្តិទាំងនោះដើម្បីយកប្រាក់មកវិញ។
ក្រុមមន្ត្រីថៃព្រមានថា ប្រសិនបើរាល់កិច្ចខិតខំប្រឹងប្រែងប្រមូលបំណុលពន្ធពីលោក ថាក់ស៊ីន ត្រូវបរាជ័យ ហើយបំណុលនៅតែមិនទាន់ទូទាត់ រដ្ឋាភិបាលថៃ នឹងចាត់វិធានការប្រកាសឱ្យលោក
ថាក់ស៊ីន ក្ស័យធន។
សូមបញ្ជាក់ថា ជម្លោះពន្ធដារនេះបានកើតចេញពីការលក់ក្រុមហ៊ុន Shin Corp ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់លោក ថាក់ស៊ីន ដែលលក់ឱ្យទៅក្រុមហ៊ុន Temasek Holdings ក្នុងឆ្នាំ២០០៦ ក្នុងតម្លៃប្រហែល១,៩ពាន់លានដុល្លារ។ ការលក់នេះត្រូវបានបិទបញ្ចប់ដោយមិនបានបង់ពន្ធជូនរដ្ឋ ដែលបង្កឱ្យមានភាពចម្រូងចម្រាសនយោបាយដ៏ធំ និងបាតុកម្មតវ៉ា ដែលនៅទីបំផុតឈានទៅដល់ការធ្វើរដ្ឋប្រហារយោធាដែលបានដកលោក ថាក់ស៊ីន ចេញពីអំណាច។
ពេលនេះលោក ថាក់ស៊ីន ដែលមានវ័យ៧៦ឆ្នាំ ត្រូវបានដោះលែងពីពន្ធនាគារកាលពីខែឧសភា កន្លងទៅថ្មីៗនេះ បន្ទាប់ពីអនុវត្តទោសបាន៨ខែ នៃទោសពុករលួយដែលត្រូវបានកាត់បន្ថយ។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា លោក ថាក់ស៊ីន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដែលបានលុបចោលការរឹតបន្តឹងការធ្វើដំណើរ ដែលនៅសល់របស់លោក៕