វិស័យសេដ្ឋកិច្ច

ធនាគារពិភពលោកវាយតម្លៃថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងមានកំណើនសេដ្ឋកិច្ចល្អជាងគេបំផុតនៅឆ្នាំនេះ


ធនាគារពិភពលោកបានវាយតម្លៃថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែបន្តមានកំណើនសេដ្ឋកិច្ចល្អជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តំបន់នេះចាំបាច់ត្រូវធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតា និងខិតខំប្រឹងជម្នះភាពមិនច្បាស់លាស់ជាច្រើននៅលើសកលលោក។ បើតាមការព្យាកររបស់ធនាគារពិភពលោក តំបន់នេះនឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៤,៨% នៅឆ្នាំ២០២៥ មានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៤ ដែលបានសម្រេចបានប្រមាណ៥%។
វិស័យសេដ្ឋកិច្ច
ដោយ

តាមរយៈរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធនាគារពិភពលោកបានព្យាករថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណ៤,៨% មានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៤ ដែលសម្រេចបានប្រមាណ៥% ក្នុងនោះវៀតណាមនាំមុខគេដោយមានកំណើន៦,៦% បន្ទាប់មកប្រទេសម៉ុងហ្គោលី៥,៩% និងហ្វីលីពីន៥,៣%។ ដោយឡែក ចិន កម្ពុជា និងឥណ្ឌូនេស៊ីត្រូវបានព្យាករថា នឹងមានកំណើន៤,៨% ខណៈដែលបណ្តាប្រទេស និង កោះប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងមានកំណើន២,៧% និង ថៃ២%។

លោក កាឡូស ហ្វីលីព ចារាមីលឡូ (Carlos Felipe Jaramillo) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានគូសបញ្ជាក់ថា តំបន់នេះកំពុងមានស្ថានភាពបញ្រ្ចាសគ្នាមួយពាក់ព័ន្ធនឹងការងារ សេដ្ឋកិច្ចមានកំណើនរឹងមាំគួរសម ប៉ុន្តែបែរជាបង្កើតការងារដែលមានគុណភាពមិនបានគ្រប់គ្រាន់ទៅវិញ។ សម្រាប់លោក កំណែទម្រង់មោះមុតជាងមុន ដើម្បីលុបបំបាត់ឧបសគ្គដល់ការចូលរួម និងការប្រកួតប្រជែងរបស់ក្រុមហ៊ុន នឹងជំរុញឱ្យមានរំហូរដើមទុនឯកជនកាន់តែច្រើន បង្កភាពអំណោយផលដល់ក្រុមហ៊ុនដែលមានសក្តានុពលបង្កើនផលិតភាពឱ្យកាន់តែមានភាពរីកចម្រើន និងបង្កើតឱកាសការងារថ្មីៗ ថែមទៀត។

លោក អាត់ឌីតត្យា ម៉ាត់ធូ (Aaditya Mattoo) ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា កំណើនដែលផ្តោតលើការនាំចេញ និង ពឹងផ្អែកលើអតិពលកម្មនៅអាស៊ីបូព៌ា បានជួយមនុស្សមួយពាន់លាននាក់ឱ្យរួចផុតពីភាពក្រីក្រក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែតំបន់នេះកំពុងប្រឈមមុខនឹងបញ្ហាពីរក្នុងពេលតែមួយ គឺការការពារពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មការងារ។ លោកបានបន្ថែមថា កំណែទម្រង់បរិយាកាសធុរកិច្ច និងការកែលម្អការអប់រំអាចធ្វើឱ្យកាន់តែប្រសើរឡើងនូវឱកាស និងសមត្ថភាពនាំទៅរកកំណើនកាន់តែខ្ពស់ និងការងារកាន់តែប្រសើរជាងមុន។

ធនាគារពិភពលោកបានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចបង្ហាញឱ្យឃើញថា កំណើនសេដ្ឋកិច្ចកំពុងមានសន្ទុះធ្លាក់ចុះល្បឿន ការលក់រាយកំពុងកើនឡើង ខណៈដែលទំនុកចិត្តអ្នកប្រើប្រាស់មិនបានងើបឡើងវិញដល់កម្រិតមុនជំងឺកូវីដ-១៩ នៅឡើយទេ។ ទន្ទឹមនេះ ផលិតកម្មឧស្សាហកម្មមានភាពរឹងមាំ ប៉ុន្តែទំនុកចិត្តអាជីវកម្មនៅតែមានកម្រិតទាប ហើយការនាំចេញបានកើនឡើងមុនការដំឡើងពន្ធរបស់អាម៉េរិកនាពេលថ្មីៗនេះ ប៉ុន្តែការបញ្ជាទិញសម្រាប់នាំចេញថ្មីៗមានកម្រិតទាប។

ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះនៅឆ្នាំ២០២៦ នឹងថយចុះមកនៅត្រឹម៤,៣% ហើយលទ្ធផលកំណើននឹងរងឥទ្ធិពលពីការរឹតបន្តឹងពាណិជ្ជកម្មកាន់តែខ្ពស់ និងភាពមិនប្រាកដប្រជាសកល។

ធនាគារពិភពលោក បានជំរុញឱ្យធ្វើកំណែទម្រង់ និងការវិនិយោគលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងសេវាកម្ម និងគោលនយោបាយដើម្បីធានាឱ្យមានឱកាសការងារត្រូវតាមជំនាញរបស់ប្រជាជន។ វឌ្ឍនភាពលឿននៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, រ៉ូបូត និងវេទិកាឌីជីថល ទាមទារឱ្យក្រុមហ៊ុន កម្មករ និងអ្នកបង្កើតគោលនយោបាយ គិតគូរអំពីជំនាញថ្មីៗ និងភាពរហ័សរហួន និងការសម្របខ្លួនកាន់តែខ្លាំងជាងមុនទៅតាមសភាពការបច្ចុប្បន្ន៕




អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមសត្វនៅកម្ពុជាស្នើឱ្យរដ្ឋាភិបាលបិទការនាំចូលសាច់បង្កកទាំងស្រុងពីប្រទេសថៃ

គេសង្កេតឃើញថា សាច់បង្កកត្រូវបានឈ្មួញនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃយកមកលក់ចែកចាយនៅលើទីផ្សារកម្ពុជាជាបន្តបន្ទាប់ ហើយក៏ត្រូវបានសមត្ថកិ…

ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ កិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ