ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកសេដ្ឋកិច្ចកំពូលៗលើពិភពលោកជាង ២០០នាក់ បានចេញលិខិតចំហរួមគ្នាផ្ញើសារព្រមានទៅកាន់រដ្ឋាភិបាលទូទាំងសកលលោកថា ត្រូវតែចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗពីពេលនេះ ដើម្បីទប់ស្កាត់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមុនពេលវារុញច្រានពិភពលោកឱ្យធ្លាក់ចូលទៅក្នុងវិបត្តិដែលគ្មានផ្លូវកែខៃ។
ទីភ្នាក់ងារព័ត៌មាន អេភី បានរាយការណ៍ថា អ្នកជំនាញសេដ្ឋកិច្ចជាង២០០នាក់ បានចេញលិខិតចំហររួមគ្នាមួយ ដោយជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ត្រូវតែអន្តរាគមន៍ជាបន្ទាន់ទៅលើផលប៉ះពាល់សេដ្ឋកិច្ច និងហានិភ័យនៃការផ្លាស់ប្តូរបរិយាកាសការងាររបស់មនុស្ស ដែលបណ្តាលមកពី AI។ ដើម្បីដោះស្រាយ និងត្រៀមលក្ខណៈទប់ទល់នឹងរបត់ថ្មី ដែល AI អាចនឹងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់មុខរបរ និងការងារធ្វើ ក្រុមអ្នកជំនាញទាំងនោះបានសង្កត់ធ្ងន់ថា ពិភពលោកពិតជាគ្មានពេលសម្រាប់បង្អែបង្អង់ ឬយឺតយ៉ាវសូម្បីតែមួយវិនាទីទៀតឡើយ ព្រោះល្បឿននៃការវិវត្តរបស់ AI នាពេលបច្ចុប្បន្ន គឺលឿនរហូតមិនអាចគ្រប់គ្រងបាន។
អ្នកជំនាញសេដ្ឋកិច្ចរួមជាមួយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងនាយកប្រតិបត្តិមកពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សល្បីៗរួមមាន Anthropic, Google និង OpenAI ផងនោះបានអះអាងថា AI នឹងកាន់តែមានឥទ្ធិពល និងអនុភាពខ្លាំងក្លាជាងនេះទ្វេដងក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងសម្ទុះរីកចម្រើនរបស់ AI នាពេលអនាគត មនុស្សជាតិចាំបាច់ត្រូវតែបង្កើតកម្មវិធី និងគម្រោងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចសកល។ ក្រុមអ្នកជំនាញព្រមានថា ផលប៉ះពាល់ពីការរំខានរបស់ AI គឺធំធេង និងខ្លាំងក្លាជាងឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មកាលពីអតីតកាលឆ្ងាយណាស់។ ពួកគេបានចង្អុលបង្ហាញថា AI អាចបង្កជាហានិភ័យដ៏គួរឱ្យខ្លាច ក្នុងនោះរួមមានការបាត់បង់ការងារក្នុងទ្រង់ទ្រាយធំ ដែលអាចធ្វើឱ្យស្តង់ដាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសកលលោកត្រូវប្រែប្រួល និងធ្លាក់ចុះយ៉ាងគំហុក។
ពាក់ព័ន្ធនឹងក្តីបារម្ភនេះ តំណាងសាកលវិទ្យាល័យលំដាប់ពិភពលោក Stanford បានលើកឡើងថា ដើម្បីប្រឈមមុខ និងទប់ទល់នឹងឥទ្ធិពលរបស់ AI មនុស្សជាតិចាំបាច់ត្រូវកសាងយន្តការលើកទឹកចិត្ត ពង្រឹងរបាំងការពារផ្នែកច្បាប់ និងបង្កើតស្ថាប័នរឹងមាំ ដើម្បីដឹកនាំទិសដៅអភិវឌ្ឍន៍របស់ AI ឱ្យក្លាយជាឧបករណ៍បំពេញបន្ថែមដល់សមត្ថភាពរបស់មនុស្ស និងផ្តល់ផលប្រយោជន៍ពិតប្រាកដដល់សង្គមជាតិ។
លោក យូសហួ បេនជីអូ (Yoshua Bengio) អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ម្នាក់ក្នុងការបង្កើតបច្ចេកវិទ្យា AI ក៏បានព្រមានដែរថា គន្លងនៃការអភិវឌ្ឍន៍របស់ AI ពិតជានឹងផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចរបស់មនុស្សជាតិទាំងស្រុងនៅពេលខាងមុខ។ លោក បានសង្កត់ធ្ងន់ថា មនុស្សជាតិត្រូវតែមានឆន្ទៈរួមគ្នា និងធ្វើការជ្រើសរើសដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាជាងការបណ្តោយឱ្យកម្លាំងទីផ្សារសេរី ត្រូវបានក្រឡុក និងបំពុលដោយឥទ្ធិពលដែលមិនអាចគ្រប់គ្រងបានរបស់ AI៕
ដោយៈ សរ សុជាតិ