សន្ទស្សន៍អភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ស៊ីនហួ-បាល់ទិក (ISCDI) ដែលជាការវាយតម្លៃប្រចាំឆ្នាំរួមគ្នាដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ និងក្រុមហ៊ុនផ្តល់ព័ត៌មានដែនសមុទ្រល្បីល្បាញរបស់អង់គ្លេស Baltic Exchange បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយបង្ហាញថា កំពង់ផែសៀងហៃរបស់ចិន បានឡើងមកគ្រងចំណាត់ថ្នាក់លេខ២ ដោយបានវ៉ាដាច់កំពង់ផែទីក្រុងឡុងដ៍របស់អង់គ្លេស។ សន្ទស្សន៍វាយតម្លៃនេះបានវាស់ស្ទង់សមត្ថភាពមជ្ឈមណ្ឌលដឹកជញ្ជូនទូទាំងសកលលោក ដោយផ្ដល់៨០% ទៅលើគុណភាពសេវាកម្មផ្លូវសមុទ្រ និងបរិយាកាសធុរកិច្ច ខណៈ២០%ទៀតផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបែបប្រពៃណី។
លោក ចាង ជីងយូ (Zhang Jingyou) ប្រធានក្រុមហ៊ុន Baltic Exchange ប្រចាំតំបន់អាស៊ី បានអះអាងថា ទីក្រុងសៀងហៃ នៅតែស្ថិតនៅជួរមុខគេនៃមជ្ឈមណ្ឌលដឹកជញ្ជូនសកល ដោយសារតែទីក្រុងនេះ មិនត្រឹមតែមានប្រៀបខាងបរិមាណកុងតឺន័រ និងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រដ៏មហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដ៏រឹងមាំ ស៊ីចង្វាក់គ្នា និងធំទូលាយបំផុត។ លោកបានបន្ថែមថា ទំហំដ៏មហិមានេះបានអនុញ្ញាតឱ្យសៀងហៃ អាចប្រមូលផ្តុំខ្សែច្រវាក់តម្លៃដែនសមុទ្រទាំងមូល តាំងពីក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ ស្ថាប័នហិរញ្ញវត្ថុ ការធានារ៉ាប់រងដែនសមុទ្រ សេវាកម្មច្បាប់ រហូតដល់ឧស្សាហកម្មសាងសង់កប៉ាល់ទំនើបៗកម្រិតខ្ពស់ថែមទៀតផង។
នៅក្នុងការវាយតម្លៃចុងក្រោយបំផុតលើមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ឈានមុខទាំង៤៣កន្លែងលើពិភពលោក ប្រទេសសិង្ហបុរី នៅតែរក្សាបានតំណែងជើងឯកកំពូលគ្មានគូប្រជែងជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមសមុទ្រលេខ១ លើលោក។ ខណៈដែលទីក្រុងសៀងហៃ ដណ្តើមបានលេខ២ ដោយរុញទីក្រុងឡុងដ៍ ឱ្យធ្លាក់មកនៅលេខ៣។ ដោយឡែកទីក្រុងហុងកុង នៅតែបន្តរក្សាតំណែងលេខ៤របស់ខ្លួនដដែលចាប់តាំងពីឆ្នាំ២០២០ មក ក្រោយពេលធ្លាក់ពីចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០១៩។
ចំពេលដែលភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយសកលកំពុងកើនកម្តៅខ្លាំងលើវិស័យនាំចេញ ទីក្រុងសៀងហៃបានក្លាយជាក្បាលម៉ាស៊ីន និងជាខែលការពារសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ចិន តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីឋានៈជាកំពង់ផែដ៏មមាញឹកបំផុតលើលោក គួបផ្សំនឹងការធ្វើជាមជ្ឈមណ្ឌលសាងសង់កប៉ាល់ដ៏ធំចម្បង និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានឥទ្ធិពល៕
អត្ថបទៈ សួន ឡង់ទី