សង្គ្រាមអ៊ុយក្រែន

ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសអឺរ៉ុបនៅទីក្រុងកៀវ បង្កើនក្ដីសង្ឃឹមខ្ពស់សម្រាប់អ៊ុយក្រែនក្នុងការក្លាយជាសមាជិកEU


ដូចការគ្រោងទុក មេដឹកនាំកំពូលៗរបស់ប្រទេសអាឡឺម៉ង់ បារាំង និងអ៊ីតាលី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយវត្តមានរបស់មេដឹកនាំប្រទេសអឺរ៉ុបទាំងនេះ ក៏បានផ្តល់ក្តីសង្ឃឹមខ្ពស់ដល់អ៊ុយក្រែនក្នុងការទទួលបានសិទ្ធិក្លាយជាសមាជិកសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខនេះផងដែរ ចំពេលដែលប្រទេសនេះកំពុងស្វែងរកជំនួយកាន់តែច្រើន ពិសេសសព្វាវុធទំនើបៗ ដើម្បីការពារការខ្លួនប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters)។
ដំណើរទស្សនកិច្ចមេដឹកនាំប្រទេសអឺរ៉ុបនៅទីក្រុងកៀវ បង្កើនក្ដីសង្ឃឹមខ្ពស់សម្រាប់អ៊ុយក្រែនក្នុងការក្លាយជាសមាជិកEU (រូបភាព៖ AP)
ដោយ

សំឡេងស៊ីរ៉ែនពីលើអាកាសបានបន្លឺសម្លេងលាន់រំពង​នៅក្នុងទីក្រុង Kyiv ខណៈដែលដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុន (Emmanuel Macron), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ឈូល និងនាយករដ្ឋមន្រ្តីអ៊ីតាលី លោក ម៉ារីអូ ដ្រេហ្គី (Mario Draghi) បានឈានជើងចូលក្នុងទីក្រុង Kyiv ដោយមេដឹកនាំទាំងបីនេះ បានធ្វើដំណើរទៅកាន់ទីប្រជុំជន​ក្បែរនោះ ដែលត្រូវបានបំផ្លាញស្ទើរក្លាយជាផេះផង់ទៅហើយ ដោយសារតែ​ការប្រយុទ្ធគ្នា​ដ៏ខ្លាំងក្លា​រវាង​កងទ័ពអ៊ុយក្រែន និងកងទ័ពរុស្ស៊ី។

បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី (Volodymyr Zelenskiy) មេដឹកនាំទាំងបី បានផ្តល់សញ្ញាថា អ៊ុយក្រែនគួរតែត្រូវបានផ្តល់​ភ្លើងខៀវ​ក្នុងការចូលជាសមាជិកនៃសហភាពអឺរ៉ុប ដែលនេះ​ជានិមិត្តរូប​មួយក្នុ​ងការទាញទីក្រុង Kyiv ឱ្យចូលទៅក្នុងប្លុកសេដ្ឋកិច្ចអឺរ៉ុប។

លោក អូឡាហ្វ ឈូលអធិការបតីអាល្លឺម៉ង់ បាននិយាយថា អាឡឺម៉ង់បានទទួលយកជនភៀសខ្លួនអ៊ុយក្រែន ៨ សែននាក់រួចមកហើយ ដែលបានភៀសខ្លួនចេញពីសង្រ្គាម ហើយលោកនឹងនៅបន្តគាំទ្រជនភៀសខ្លួនអ៊ុយក្រែន​បន្ថែមទៀត ដរាបណាមានការស្នើឲ្យជួយ ដោយលោកបានបញ្ជាក់ទៀតថា "អ៊ុយក្រែនជាគ្រួសាររបស់អឺរ៉ុប" ។

យ៉ាងណាមិញ​ នៅលើសមរភូមិ មន្ត្រីអ៊ុយក្រែន​បានពិពណ៌នាថា កងទ័ពរបស់ពួកគេ​នៅតែទប់ទល់​នឹងការទម្លាក់គ្រាប់បែក​ឥតត្រាប្រណីពីរុស្ស៊ី​នៅក្នុងទីក្រុងសៀវរីរ៉ូដូណេ(Sievierodonetsk) ភាគខាងកើត ហើយថា រុស្សីបានវាយសម្រុកជាថ្មីនៅ​ភាគខាងត្បូងប្រទេស។

ប៉ុន្តែពួកគេបាននិយាយថា ការប្រយុទ្ធទប់ទល់​នឹងរុស្សី គឺត្រូវការចាំបាច់ខ្លាំង​ណាស់​នូវជំនួយ​សព្វាវុធពីលោកខាងលិច ជាពិសេសកាំភ្លើងធំ ដែលមានសមត្ថភាព​ក្នុងការ​រាំងខ្ទប់កងទ័ពរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះដែរ លោក Macron ប្រធានាធិបតីបារាំង បាននិយាយថា ប្រទេសបារាំងនឹងបង្កើនការផ្តល់អាវុធ​ដល់ទីក្រុង Kyiv ខណៈដែលនៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូ បានសន្យានឹងផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន ស្របពេលដែលអង្គការណាតូត្រៀមរៀបចំ​ផែនការដើម្បីពង្រឹង​សម្ព័ន្ធមិត្តយោធា​ដែលដឹកនាំ​ដោយសហរដ្ឋអាមេរិកផងដែរ។

មែនទែនទៅ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ​របស់មេដឹកនាំសហភាពអឺរ៉ុប​ដ៏មានឥទ្ធិពលបំផុតទាំងបីរួមមាន​មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលីនេះ ត្រូវបានគេមើលឃើញថាបានប្រើពេលជាច្រើនសប្តាយ៍ក្នុងការរៀបចំ ហើយវាជាសក្ខីភាពមួយ​បញ្ជាក់យ៉ាងច្បាស់ថា​ អឺរ៉ុបនឹង​នៅតែឈរជាមួយ​ប្រជាជនអ៊ុយក្រែន ដែលស្រលាញ់សេរីភាព និងសន្តិភាព។ ត្បិតតែមានមតិរិះគន់ថា វាហាក់បីដូចជាចង់ហួសពេលទៅហើយដែលមេដឹកនាំប្រទេសទាំងបីនេះ បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ព្រោះសង្រ្គាមបានចាប់ផ្តើមជាងបីខែមកហើយនោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Macron បានសង្កត់ធ្ងន់ថា “ការធ្វើដំណើរ​របស់លោក​មកកាន់ទីក្រុងកៀវនេះ គឺដើម្បីសន្តិភាពរបស់អឺរ៉ុប មិនមែនសង្គ្រាមទេ” ។​ ហើយលោកមេដឹកនាំទាំងបីសុទ្ធតែនិយាយដូចគ្នាថា ពួកគេគឺនៅតែគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង ដោយបានចាត់វិធានការជាក់ស្តែង ដូចជាការកាត់បន្ថយការពឹងផ្អែកខ្លាំង​របស់អឺរ៉ុប​លើថាមពលរុស្ស៊ី ថែមទាំងស្វះស្វែងផ្តល់​អាវុធនិង​ជំនួយផ្សេងៗទៀតដល់ទីក្រុង Kyiv​ ផងដែរ។

បើក្រឡេកទៅមើលសមរភូមិប្រយុទ្ធដ៏ក្តៅគគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពអ៊ុយក្រែន និងរុស្ស៊ី បាននឹងកំពុងប្រយុទ្ធគ្នា​យ៉ាងខ្លាំងនៅក្នុងទីក្រុងសៀវរីរ៉ូដូណេ​ (Sievierodonetsk) ភាគខាងកើត ដែលមានជនស៊ីវិលរាប់រយនាក់ត្រូវបានប្រមូលផ្តុំនៅក្នុងរោងចក្រគីមី។ ខណៈពេលដែល នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនវិញ កងកម្លាំងរបស់ខ្លួន​បាននិយាយថា ខ្លួនកំពុងដណ្តើមផ្លូវចូល​ទៅក្នុង​ខេត្ត ឃើសុន (Kherson) ដែលរុស្ស៊ីបានកាន់កាប់នៅដើមដំបូងនៃការឈ្លានពានរបស់ខ្លួនវិញហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Sony និង Honda បណ្តាក់ទុនរួមគ្នា លើការផលិតរថយន្តអគ្គិសនី និងគ្រោងចេញលក់នៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ជប៉ុនធំៗពីរ គឺ Sony និង Honda Motor បានយល់ព្រមជាផ្លូវការក្នុងការបណ្តាក់ទុនរួមគ្នាលើការផលិតរថយន្តអគ្គិសនី …

លោកជំទាវ ជា សិរី៖ ការរក្សាបាននូវស្ថិរភាពស្ថានភាពហិរញ្ញវត្ថុជួយឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ២,៩% ទោះស្ថិតក្នុងពេលកូវីដ១៩រាតត្បាតខ្លាំង

ព័ត៌មាន
ភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស បានជំរុញដល់ការងើបឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ