បទល្មើសនេសាទ

វៀតណាម រីកមុខរីកមាត់ ក្រោយឭថា អឺរ៉ុបនឹងដកកាតលឿង ពិន័យលើបទល្មើសនេសាទ ចេញវិញ


រដ្ឋាភិបាលវៀតណាម បានអះអាងថា នៅឆ្នាំក្រោយនេះ អឺរ៉ុប នឹងពិចារណាដកកាតលឿងចេញពីវៀតណាមវិញ ដែលកាតលឿងនេះ ជាការពិន័យ ទាក់ទងនឹងការរកឃើញ បទល្មើសនេសាទសមុទ្ររបស់វៀតណាមនាពេលកន្លងមក។ ដ្បិតថា នេះជាដំណឹងដ៏រីករាយ ប៉ុន្ដែ ក្នុងអំឡុងវៀតណាម ជាប់កាតលឿង ប្រទេសនេះ ក៏ដេកភ័យបុកពោះមិនតិចដែរ។
ទូកនេសាទសមុទ្រវៀតណាម កំពុងចតនៅច្រាំង (https://www.voanews.com)
ដោយ

ក្រោយពី​ទទួល​បានការ​ពិន័យ​កាត​លឿង ពីសហភាព​អឺរ៉ុប ទាក់ទឹង​នឹងការ​នេសាទ​សមុទ្រ​ខុស​ច្បាប់ កាលពី​ចុងឆ្នាំ ២០១៧ ប្រទេស​វៀតណាម បាន​ភ័យ​បុកពោះ​អស់​មួយរយៈ។ បុកពោះ​ ​ព្រោះថា ខ្លាច​ជលផល​សមុទ្រ​របស់​ខ្លួន នឹងត្រូវ​ហាមឃាត់ នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប បើសិនជា អាជ្ញាធរ​អឺរ៉ុប​រកឃើញ​ថា បទ​នេសាទ​ខុសច្បាប់​នៅតែបន្ត​កើតមាន​ឡើង ឬគ្មាន​ដំណោះស្រាយ​ជាក់លាក់​ណាមួយ​ដែលជាការ​ប៉ះប៉ូវ​ហេតុការណ៍​ដែលបានកើតឡើង​នាពេលកន្លងមក​។ 

ត្រូវបាន​ដកស្រង់​សម្ដី ដោយ​សារព័ត៌មាន វៀតណាម Express កាលពីពេល​ថ្មីៗនេះ ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​ បានអះ​អាងថា បន្ទាប់​ពីបានធ្វើការ​វាយតម្លៃ​ចុងក្រោយ​កាលពី​ថ្ងៃទី ១៥ ដល់ថ្ងៃទី​២៤ ខែឧសភា កន្លង​ទៅនេះ គណៈ​កម្មការ​សហគមន៍​អឺរ៉ុប ដែលជា​អង្គភាព ប្រតិបត្តិ​នៃប្លុក​២៨ប្រទេស រួមទាំង​ចក្រភព​អង់គ្លេស​ផងនោះ បានសម្រេច​ចិត្តថា នឹង​ពិចារណា ដកកាត​លឿង ដែល​ជាការ​ពិន័យ​លើបទល្មើស​ជលផល​សមុទ្រ ចេញ​ពីវៀតណាម​វិញហើយ។ ការដក​កាតលឿង​នេះ នឹងត្រូវ​ធ្វើឡើង​ នៅខែ​មករា ឆ្នាំ ២០១៩​ខាងមុខ ដោយគណៈ​កម្មាការ​សហគមន៍​អឺរ៉ុប (EC) មើល​ឃើញថា វៀតណាម​ មានការ​កែប្រែឲ្យ​មានភាព​ប្រសើរ​ឡើង ជុំវិញ​នឹងប្រតិបត្តិការ​នេសាទ​សមុទ្រ​របស់ខ្លួន។

គណៈ​កម្មការ​សហគមន៍​អឺរ៉ុប បានចេញ​កាតលឿង​ព្រមាន វៀតណាម កាលពី​ចុងខែ​តុលា ឆ្នាំ២០១៧ ដោយសារ​រកឃើញ​ថា ប្រទេសនេះ​មានប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសនឹង​គោលការ​ច្បាប់​កំណត់ ហើយប្រសិន​​ជា មិនមាន​ដំណោះស្រាយ​លើបញ្ហា​ទាំងអស់​នេះទេ ឬនៅតែ​បន្ត​ឲ្យ​មាន​បទល្មើស​ថ្មីបន្ថែម​ទៀត នោះ​វៀតណាម​នឹងត្រូវ​ទទួលបាន​កាត​ក្រហម ដែលជា​ការហាម​ឃាត់​ការនាំចូល​ផលិត​គ្រឿងសមុទ្រ​ទៅកាន់​អឺរ៉ុប។

បច្ចុប្បន្ន វៀតណាម មាននាវា​នេសាទ​សមុទ្រ ប្រហែល ៣៣.០០០ គ្រឿង ប៉ុន្ដែ ក្នុងចំណោម​នោះ មានតែ ៣​.០០០ គ្រឿង​ប៉ុណ្ណោះ ឬស្មើនឹង ៩% ដែល​មានបំពាក់​ឧបករណ៍​នាវាចរណ៍ តាមប្រព័ន្ធ​ផ្កាយ​រណប តាម​អ្វីដែលជា​ការស្នើសុំ​របស់​សហគមន៍​អឺរ៉ុប។ ទោះយ៉ាងណា​ តាមក្រុម​អ្នកនេសាទ​ទាំងនោះ បានលើកឡើងថា ការបំពាក់​នូវឧបករណ៍​ទាំងនេះ មានការ​ចំណាយ​ខ្ពស់ពេក​សម្រាប់ពួកគេ។

វៀតណាម ត្រូវបាន​អង្គការ FAO ចាត់​ចំណាត់​ថ្នាក់ថា ជាប្រទេស​មួយ ក្នុងចំណោម​កំពូល​ប្រទេស​ទាំង១០ នៅទូទាំង​ពិភពលោក ដែលមាន​ការផលិត​គ្រឿងសមុទ្រ ច្រើនជាងគេ។ ក្នុងនោះ អឺរ៉ុប ជាអ្នក​នាំចូលត្រី​ច្រើនជាងគេ​នៅទូទាំង​ពិភពលោក។

សូមជម្រាបថា មិនមែន​តែវៀត​ណាមទេ ដែលទទួល​បានការ​ពិន័យកាត​លឿងពីសហគមន៍​អឺរ៉ុប ពោលគឺ មុន​វៀតណាម​ទទួលបាន​កាតលឿនេះ ប្រទេសថៃ ក៏ធ្លាប់​ទទួលបាន កាតលឿងនេះ​ដែរ ខណៈ​ដែលកម្ពុជា គឺទទួល​បានកាត​ក្រហម​តែម្ដង ហើយសហភាព​អឺរ៉ុប ក៏បាន​បិទមិនឲ្យ​កម្ពុជា​នាំចូល​ផលិតផល​នេសាទ​សមុទ្រ​ទៅអឺរ៉ុប​ផងដែរ។

បើ​តាម​​រដ្ឋមន្ត្រី​​ក្រសួង​​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេង សាខុន ធ្លាប់​បាន​លើក​​ឡើង​ថា ការ​ពិន័យ​​​កាត​ក្រហម​​មក​លើ​​កម្ពុជា​នេះ គឺ​ដោយ​សារ​តែ​​សហភាព​​អឺរ៉ុប​បាន​រក​​ឃើញ​ទូក​នេសាទ​​របស់​​កម្ពុជា​បាន​​ធ្វើការ​នេសាទ​​មិន​ស្រប​​ច្បាប់ កាល​ពី​​ពេល​កន្លង​​ទៅ។

ទោះ​យ៉ាង​ណា រាជ​រដ្ឋាភិបាល​​នឹង​នៅ​តែ​​បន្ត​ជំរុញ​​ឲ្យ​​សហភាព​អឺរ៉ុប ដក​កាត​​ក្រហម​ចេញ​​ពី​កម្ពុជា ដើម្បី​បើក​ចំហ​ទីផ្សារ​​ជលផល​​សមុទ្រ​​កម្ពុជា សម្រាប់​​នាំ​ចេញ​ទៅ​​កាន់​អឺរ៉ុប​នៅថ្ងៃ​អនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី៖ «ច្បាប់គណនេយ្យ​និងសវនកម្ម» នឹង​ជួយ​ដល់​អ្នក​វិនិយោគ​បាន​កាន់​តែ​ច្រើន

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ច្បាប់គណនេយ្យ និងសវនកម្ម បានចូលរួមចំណែកជួយដល់វិស័យសាធារណៈ…

លោកឧកញ៉ា សៀ ឫទ្ធី៖ វិនិយោគិនបរទេសហូរចូលកម្ពុជាយ៉ាងសម្បើម ដោយសារសម្លឹងឃើញកត្តាសំខាន់ ២

ព័ត៌មាន
កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការហូរចូលនូវការវិនិយោគពីក្រៅប្រទេសយ៉ាងសម្បើម និងស្ទើរតែជ្រាបទៅដល់គ្រប់វិស័យ។ សេដ្ឋីល្បីឈ្មោះ និងមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ