ការវិនិយោគពីក្រៅប្រទេស

លោកឧកញ៉ា សៀ ឫទ្ធី៖ វិនិយោគិនបរទេសហូរចូលកម្ពុជាយ៉ាងសម្បើម ដោយសារសម្លឹងឃើញកត្តាសំខាន់ ២


កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការហូរចូលនូវការវិនិយោគពីក្រៅប្រទេសយ៉ាងសម្បើម និងស្ទើរតែជ្រាបទៅដល់គ្រប់វិស័យ។ សេដ្ឋីល្បីឈ្មោះ និងមានបទពិសោធន៍ចាស់ទុំលើវិថីជំនួញ លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងថា វិនិយោគិនបរទេសសម្រុកហូរចូលមកបណ្ដាក់ទុនរាប់ពាន់លានដុល្លារ នៅកម្ពុជានេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្ដែ ដោយសារពួកគេសម្លឹងឃើញនូវកត្តាស្នូលដ៏សំខាន់ពីររបស់កម្ពុជា។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

បើតាម ការគូស​បញ្ជាក់ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង ខេមបូណូមីស កាលពីពេលថ្មីៗនេះ លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ត្រូវ​បាន​មហាជន​​ស្គាល់ថា ជាសេដ្ឋី​​វ័យកណ្ដាល​ក្នុងជំនួញ​​ពហុវិស័យ​នោះ បានអះអាង​ថា កត្តាស្នូលពីរ​យ៉ាង ដែលវិនិយោគិន​បរទេស ជាប់ចិត្ត​ស្អិត​បេះមិន​ចេញ ពីកម្ពុជា​នោះ រួមមាន៖

កត្តា ទី១ គឺដោយសារ​​មាន​គោល​​​នយោ​បាយ​​​លើកទឹកចិត្ត​​ពី​រាជ​រដ្ឋា​ភិបាល និងស្ថិរ​ភាព​នយោបាយ​ក្នុងប្រទេស

លោក​ឧកញ៉ា សៀ ឫទ្ធី បានលើក​ឡើងថា ក្នុងនាម​លោកជា វិនិយោគិន​ក្នុងស្រុក​មួយរូប លោក​ពិត​ជាមានការ​ដឹងគុណ ចំពោះ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលជា​អាណា​ព្យាបាល ក្នុងការ​ជំរុញលើក​ទឹកចិត្ត​​ដល់​សហគ្រិន ក៏ដូចជា​វិនិយោគិន​ក្នុង​ស្រុក និងក្រៅ​ស្រុក ជាមួយនឹង​ការធានា​បាន​នូវស្ថិរ​ភាព​នយោបាយ និងសន្ដិសុខ​ក្នុង​ប្រទេស។ ទាំងអស់នេះហើយ ដែលត្រូវ​បាន​លោក​ឧកញ៉ា សៀ ឫទ្ធីអះអាងថា ​ជាអ្វីដែល​​វិនិយោគិន​​បរទេស តែងតែ​សម្លឹងឃើញ​មុនគេ មុននឹង​ពួកគេ​សម្រេចចិត្ត​បោះទុន​វិនិយោគ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បានគូស​បញ្ជាក់​ទៀតថា បើធៀប​នឹងប្រទេស​ក្នុងតំបន់ កម្ពុជា​មានគោល​នយោបាយ​បើកចំហ​ច្រើន​ណាស់ សម្រាប់​អ្នក​វិនិយោគ ដោយលោក​ឧកញ៉ា បានអះអាង​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាចនិយាយ​បាន​ថា មាន​ការបើកចំហរ​លំដាប់​លេខ​២ បន្ទាប់​ពីប្រទេស​សិង្ហបុរី នេះ​បើគិត​ក្នុង​ក្របខណ្ឌ​ប្រទេស​អាស៊ាន។ មួយវិញ​ទៀត កម្ពុជា​មានប្រជាជន​ដែលមាន​សមត្ថភាព​ចូលធ្វើការ​ច្រើន ពោលគឺ​ប្រជាជន​វ័យ​ក្រោម ៣០ឆ្នាំ មានរហូត​ដល់ ជាង ៧០% នៃចំនួន​ប្រជាជន​សរុប ដែលជា​ធនធាន​ អំណោយផល​មួយ​ក្នុងចំណោម​ធនធាន​ផ្សេង​ៗទៀត សម្រាប់​ឲ្យក្រុមហ៊ុន​ផលិត កែច្នៃ​ជាច្រើន​អាចចូល​មកបង្កើត​រោងចក្រ ឬក្រុមហ៊ុន​កម្ពុជា។

កត្តាទី២ គឺ​សមត្ថភាព​របស់​ដៃគូ​ដែលជា​វិនិយោគិន​ក្នុងស្រុក

ជាទូទៅ ការ​ចូលមក​វិនិយោគ​នៅកម្ពុជា ពីសំណាក់​វិនិយោគិន​បរទេស មានភាគច្រើន​ ពួកគេ​រមែងស្វែង​រកក្រុមហ៊ុន​ដៃគូ​សហការ​ក្នុង​ស្រុក ដើម្បី​បង្កើន​សមត្ថភាព​កាន់តែ​រឹងមាំ​ក្នុងការ​ឈរជើង​លើ​ទីផ្សារ​។ ត្រង់ចំណុចនេះ លោកឧកញ៉ា សៀ ឫទ្ធី បានលើក​ឡើងដែរ​ថា សមត្ថភាព​របស់​វិនិយោគិន ក៏ដូចជា អ្នកជំនួញ​ក្នុងស្រុក ក៏ជាផ្នែក​សំខាន់​មួយ ក្នុងការ​អូសទាញ​​ក្រុមហ៊ុន​ធំៗ ដែលមាន​ដើមទុនច្រើន ឲ្យចូល​មកបណ្ដាក់​ទុនរកស៊ី​នៅកម្ពុជា​ផងដែរ។ 

ទោះយ៉ាងណា បើតាម​ការបង្ហើប​ឲ្យដឹង ពីអ្នក​ជំនួញ​ចាស់​វស្សា បទពិសោធន៍​ជោកជាំ ក្នុងការ​កៀរគរ​វិនិយោគិន​ពីក្រៅប្រទេស​​រូបនេះ បានលើក​ឡើងថា មានចំណុច ៣ សំខាន់ៗ ដែល​វិនិយោគិន​ក្នុងស្រុក ត្រូវមាន បើចង់​សណ្ដោង​ចាប់ដៃគូ​ជាមួយ​នឹងក្រុមហ៊ុន​ពីក្រៅ​ស្រុក ទទួល​ជោគជ័យ។ 

ទី១ គឺភាពស្មោះត្រង់​ជាមួយ​នឹងដៃគូ ព្រោះភាព​ស្មោះត្រង់​នេះ ជាដើម​ទុនដ៏​សំខាន់បំផុត​ក្នុងកា​រធ្វើជំនួញ។ 

ទី២ គឺការ​ត្រៀមខ្លួន​ឲ្យបានរួចរាល់​ទាំងធនធាន​ហិរញ្ញវត្ថុ និងធនធាន​មនុស្ស។ 

និងទី៣ គឺតម្លាភាព​នៃការ​ប្រតិបត្តិការ​ក្នុង​ជំនួញ ដូចជា រកស៊ី​មានបង់​ពន្ធជូន​រដ្ឋ​ត្រឹមត្រូវ និងអនុវត្ត​អ្វីទៅតាម​គោលការណ៍​ច្បាប់​កំណត់។ ចំណុចនេះ សំខាន់ ព្រោះថា ក្រុមហ៊ុនធំៗ​ដែលមក​បណ្ដាក់​ទុន គេយក​ចិត្តទុក​ដាក់ណាស់ អំពី​ភាពច្បាស់​លាស់​នៅក្នុងការ​ប្រតិបត្តិការ ដើម្បី​ជៀស​វាង​ការកើត​វិវាទ​ទៅ​ថ្ងៃក្រោយ។ 

សូម​ជម្រាបថា ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​កម្ពុជា នៅ​រយៈពេល​ពេញ​មួយ​ឆ្នាំ ឆ្នាំ​២០១៧ មាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​ប្រមាណ​ជាង ៥​ពាន់ ២០០លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើន​ឡើង​ប្រមាណ​ជាង ៤៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦ ដែល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ទឹក​​ប្រាក់​ចំនួន​ជាង ៣ពាន់ ៦​លាន​ដុល្លារអាមេរិក​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់​ថា ស៊ី ឌី ស៊ី។

បើតាម​ការប្រមើល​មើល របស់​លោក​ឧកញ៉ា សៀ ឫទ្ធី នៅ៥ ឆ្នាំ ក្រោយនេះ សេដ្ឋកិច្ច​កម្ពុជា នៅតែបន្ត​កំណើន​រឹងមាំ​របស់ខ្លួន​ដដែល ដែលគាំទ្រ​ដោយវិស័យ​សំខាន់ ដូចជា វិស័យដីធ្លី និងសំណង់ វិស័យ​ទេសចរណ៍ វិស័យ​កសិកម្ម និងវិស័យ​ផ្សេង​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រីកមុខរីកមាត់ ក្រោយឭថា អឺរ៉ុបនឹងដកកាតលឿង ពិន័យលើបទល្មើសនេសាទ ចេញវិញ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានអះអាងថា នៅឆ្នាំក្រោយនេះ អឺរ៉ុប នឹងពិចារណាដកកាតលឿងចេញពីវៀតណាមវិញ ដែលកាតលឿងនេះ ជាការពិន័យ ទាក់ទងនឹងការរកឃើញ ប…

JICA រៀបចំផែនការមេ៥ឆ្នាំ ជួយវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាឲ្យមានតម្លៃថោក

ព័ត៌មាន
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានធ្វើផែនការមេរយៈពេល៥ឆ្នាំ ដើម្បីកែលម្អប្រព័ន្ធភស្តុភារកម្ម (បណ្តាញដឹកជញ្ជូនទំនិញ)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ