កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ!

ប៉ាន សូរស័ក្តិ ប្រើ​កណ្តាប់​ដៃដែក​បំបែក​កំណត់ត្រា​ សម្រេច​ការងារ​អស្ចារ្យ​អ្វី​ខ្លះ ក្នុង​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ២​ឆ្នាំ​កន្លង​មក​នេះ!


សាធារណជន​ទូទៅ​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា ឯកឧត្តម ប៉ាន សូរស័ក្តិ ជា​នរណា? មក​ពី​ណា? ឆ្លើយ​ដោយ​ខ្លី មុន​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ ជា​អ្នក​រស់នៅនិង​សិក្សា​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក រដ្ឋ​កាលីហ្វ័រញ៉ា ជិត២០ឆ្នាំ ដោយ​​មាន​សញ្ញាបត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មក​ពី​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​បារាំង​​និង​សហរដ្ឋ​អាមេរិក ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រ​កុំព្យូរទ័រ។ល។
ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។
ដោយ

លោកបានត្រឡប់មកកាន់មាតុប្រទេសវិញ ដើម្បីបម្រើការងារប្រទេសជាតិនៅឆ្នាំ​១៩៩២ មុនការបោះឆ្នោតឆ្នាំ​១៩៩៣។ មិន​រៀបរាប់​ប្រវត្តិ​របស់​គាត់​វែង​ឆ្ងាយ​នោះ​ទេ សារព័ត៌មាន ខេមបូណូមីស សូម​លើក​យក​តែ​កិច្ចការងារ ជាពិសេស នៅក្នុង​រយៈពេល​២​ឆ្នាំ ដែល​ឯកឧត្តម ប៉ាន សូរស័ក្តិ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ទំនុក​ចិត្ត​ខ្ពស់ តែងតាំង​ឲ្យ​ឡើង​កាន់​កាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ធ្វើ​អ្វីខ្លះ។ 

តួនាទី​ការងារ​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ចូលរួម​ចំណែក​រុញ​ច្រាន​កំណើន​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​​និង​ប្រទេស​ជាតិ។ ដូច្នេះ ក្នុង​តំណែង​ជា​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម ២​ឆ្នាំ កន្លង​មក​នេះ តើ​គាត់​បាន​ប្រើ​ដាវ​អាជ្ញា​សឹក និង​កណ្តាប់​ដៃ​ដែក​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ឲ្យ បាន​​បំបែក​កំណត់​ត្រា​ស្នាដៃ​និង​ការងារ​អស្ចារ្យ​អ្វី​ខ្លះ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​ប្រទេស​ជាតិ​ទាំងមូល? 

អ្នក​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស លោក សាយ សមិទ្ធិ មាន​កិត្តិយស​ណាស់​ដែល​បាន​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ផ្តល់​​បទ​សម្ភាសន៍​ពិសេស​ផ្តាច់​មុខ​​មួយ ដើម្បី​បកស្រាយ​រាល់​ចម្ងល់​សំណួរ​ដែល​ ខេមបូណូមីស ចោទ​សួរ ជុំវិញ​ទៅ​នឹង​ដំណើរការ​វិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា និង​ស្នាដៃ​ការងារ ២​ឆ្នាំ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។ 

ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ចម្លើយ​ទាំង​ស្រុង​នៃ​កិច្ច​សម្ភាសន៍​ពិសេស រវាង​សារព័ត៌មាន ខេមបូណូមីស និង​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

ខេមបូណូមីស៖ បាទ! ជម្រាប​សួរ ឯកឧត្តម ជាដំបូង ខ្ញុំ​មាន​សំណួរ​មួយ ដែល​សាធារណជន​ទូទៅ​ចង់ដឹង ប៉ុន្តែ វា​ហាក់​បី​ដូចជា​ធំ​ទូលាយ​បន្តិច ចង់​ជម្រាប​សួរ ឯកឧត្តម​រដ្ឋមន្ត្រី ដោយ​ត្រង់ៗ ហើយ​ក៏​សុំ​ឯកឧត្តម មេត្តា​ឆ្លើយ​ជា​សង្ខេប​ខ្លីៗ ថា តើ​ក្នុង​រយៈពេល ២​ឆ្នាំ​នេះ នៅ​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម តើ​ឯកឧត្តម​បាន​ធ្វើ​កិច្ចការ​ខ្លះ? ហើយ​ស្នាដៃ​សំខាន់ៗ​អ្វីខ្លះ ដែល​ឯកឧត្តម គិត​ថា មាន​ភាព​លេច​ធ្លោ​ជាង​គេ ក្នុង​អាណត្តិ​ដឹកនាំ​របស់​ឯកឧត្តម? 

ឯកឧត្តម ប៉ាន សូរស័ក្តិ៖  (សើច…) សូម​អរគុណ​នូវ​សំណួរ​ដ៏​មាន​ន័យ​នេះ បាទ! ជា​ការពិត ក្នុង​រយៈពេល ២​ឆ្នាំ​​នេះ ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា ទាំង​ក្នុង​ប្រទេស និង​​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ ខ្ញុំ​សូម​លើក​យក​តែ​ស្នាដៃ​ដែល​ខ្ញុំ​គិត​ថា លេច​ធ្លោ​ក្នុង​អាណត្តិ​របស់​ខ្ញុំ​មួយ​ចំនួន​ដែល​មានដូចខាងក្រោម។ ប៉ុន្តែ មុន​នឹង​ជម្រាប​ជូន ខ្ញុំ​សូម​បញ្ជាក់​ថា បើសិន​គ្មាន​កិច្ច​សហការ​ជួយ​ជ្រោមជ្រែង ពី​សហការី​នៅ​ក្នុង​ក្រសួង និង​ការ​គាំទ្រ​ពី​ថ្នាក់​ដឹកនាំ​នៅ​អន្តរក្រសួង ជាពិសេស ប្រមុខ​រាជ​រដ្ឋាភិបាល សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា សមិទ្ធផល​ទាំង​អស់ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។

ទី១ កម្ពុជា​បាន​ចរចា​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន ដោយ​រួច​ពន្ធ​ចំនួន ២០​ម៉ឺន​តោន កាល​ពី​ឆ្នាំ​២០១៧ និង​បង្កើន​ដល់ ៣០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ ដោយ​ចាប់​ផ្តើម​ពី​ឆ្នាំ​នេះ។

ទី​២ កម្ពុជា​បាន​បំពេញ​តួនាទី​ជា​ប្រធាន​សម្រប​សម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍ៍​តិចតួច នៅក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) និង​បាន​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ​ពាណិជ្ជកម្ម លើក​ទីពីរ ដោយ​ជោគ​ជ័យ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។

ទី៣ ក្រសួង​​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​មន្ទីរ​ពិសោធន៍​កាំកុង​ត្រូល​ចល័ត និង​នៅ​តាម​ខេត្ត ដើម្បី​ការពារ​និង​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ទប់​ស្កាត់​សកម្មភាព​ធុរកិច្ច​មិន​ស្មោះ​ត្រង់។

ទី៤ ក្រសួង​បាន​​សហការ​​ជាមួយ​​ធនាគារ​ជាតិ​នៃ​កម្ពុជា លើក​​កម្ពស់​​ប្រាក់​រៀល តាមរយៈ​ការ​កំណត់​ឲ្យ​មាន​ការ​បិទ​តម្លៃ​ជា​ប្រាក់​រៀល ចំពោះ​រាល់​ទំនិញ​ប្រើប្រាស់​ដែល​ចរាចរណ៍​​លើ​​ទីផ្សារ​​តូច​ធំ​។

ទី៥ យើង​បាន​ដឹកនាំ និងការពារច្បាប់មួយចំនួន​ដោយ​ជោគជ័យ មាន​ដូចជា៖ ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ពិធីសារ​ធ្វើ​វិសោធនកម្ម​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​-ចិន អាស៊ាន​-កូរ៉េ អាស៊ាន​-ឥណ្ឌា និង​បាន​ចរចា​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-ហុងកុង ព្រមទាំង​កិច្ច​ព្រមព្រៀង​កម្ពុជា ឡាវ វៀតណាម ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ជាដើម។

ទី៦ ក្រសួង​បាន​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ចំនួន ៥​កន្លែង នៅ​តាម​បណ្តា​ទីក្រុង​នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន។ 

ទី៧ ក្រសួង​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ខ្មែរ តាមរយៈ​ការ​តាំង​ពិព័រណ៍​​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា៖ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខណ្ឌ​ទូទាំង​​ប្រទេស ពិព័រណ៍​ពិភពលោក ដែល​ធ្វើ​ឡើង​រយៈពេល ៦​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ពិព័រណ៍​អន្តរជាតិ​ដែល​ធ្វើ​ឡើង​រយៈពេល ០៣​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ឆ្លាស់​គ្នា​ជាមួយ​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ចិន-​អាស៊ាន ដែល​បាន​កំពុង​ធ្វើ​ឡើង​ជា​រៀងរាល់​​ឆ្នាំ។ តាមរយៈ​ការ​ចូលរួម​ពិព័រណ៍​ទាំង​នេះ ផលិតផល​ជាច្រើន​របស់​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ជំរុញ​ការ​នាំចេញ ដំណាល​គ្នា​ជាមួយ​នឹង​ការ​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាច្រើន រវាង​កម្ពុជា និង​បរទេស។

ក្រសួង​បាន​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផលិតផល​ហាឡាល់ (Halal) ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស។ បច្ចុប្បន្ន កិច្ចការ​នេះ​បាន​និង​កំពុង​ដំណើរការ​ទៅ​មុខ​សន្សឹមៗ ក្នុងនោះ យើង​បាន​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ហាឡាល់​កម្ពុជា រៀបចំសមាសភាព​គណៈកម្មាធិការ​អន្តរ​ក្រសួង​រៀបចំ​ប្រកាស​បង្កើត​លេខាធិការដ្ឋាន ប្រកាស​បង្កើត​ក្រុម​ឯកទេស ប្រកាស​ស្តីពី​នីតិ​វិធី​នៃ​ការ​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ស្លាក​សញ្ញា​ហាឡាល់ និង​ប្រកាស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ចំពោះ​ហាឡាល់ សម្រាប់​ភោជនីយដ្ឋាន អាហារដ្ឋាន និង​សត្តឃាតដ្ឋាន។ រហូត​មក​ដល់​ពេល​នេះ យើង​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ស្លាក​សញ្ញា​ហាឡាល់ ចំនួន ១៨​ច្បាប់ និង​បាន​ចេញ​វិញ្ញាបន​បត្រ​បញ្ជាក់​ហាឡាល់ ជូន​សហគ្រាស​ក្នុង​ស្រុក​ចំនួន ០៣​ប័ណ្ណ ដែល​មាន​មុខ​ទំនិញ​សរុប​ចំនួន ៣៩។

ខេមបូណូមីស៖ ឯកឧត្តម​រដ្ឋមន្ត្រី ចង់​ជម្រាប​សួរ​ថា តើ​ឯកឧត្តម បាន​មើល​ឃើញ​ពី​បរិយាកាស​ការ​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​នៅ​កម្ពុជា មាន​វឌ្ឍនភាព​យ៉ាង​ណា​ខ្លះ ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក​នេះ?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បាទ! ជា​ការពិត​ណាស់ សម្រាប់​រយៈពេល ២​ឆ្នាំ​​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​ថា បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម មាន​វឌ្ឍនភាព​ល្អ​ប្រសើរ។ កំណើន​នៃ​ការ​វិនិយោគ និង​ការ​នាំចេញ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ នេះ​ក៏​ដោយសារ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ បាន​ដាក់​ចេញ​នូវ​កម្មវិធី​កំណែ​ទម្រង់ និង​គោល​នយោបាយ​ទាក់ទាញ​វិនិយោគិន​បរទេស ក៏​ដូចជា​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដែល​ក្នុង​នោះ​មាន​ដូចជា៖ ផ្តល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ ១០០% ដោយ​ពុំ​ចាំបាច់​មាន​ភាគហ៊ុន​ពី​វិនិយោគិន​ក្នុង​ស្រុក លើកលែង​ពន្ធ​ចំពោះ​វត្ថុ​ធាតុ​ដើម​ដែល​នាំចូល ផ្តល់​ការ​លើកលែង​ពន្ធ​ដើរ​កម្សាន្ត 0% រហូត​ដល់​៩​ឆ្នាំ លើកលែង​ទិដ្ឋាការ​ចំពោះ​វិនិយោគិន បន្ទាប​តម្លៃ​អគ្គិសនី ពី ៨២០​-៩២០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង មក​នៅ​ត្រឹម ៧៨០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង កាល​ពី​ឆ្នាំ​២០១៦ និង​បន្ត​ទម្លាក់​ឲ្យ​នៅ​ត្រឹម​តែ ៧៣០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង មុន​ឆ្នាំ​២០២០ ជាដើម។

នៅក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​វិញ ចំនួន​សហគ្រាស​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៧.៣៦៨ គឺ​បាន​កើន​ឡើង​ចំនួន ៣.២៧៩ សហគ្រាស ក្រុមហ៊ុន ដែល​ស្មើ​នឹង​ជាង ៨០% ដោយ​ធៀប​ក្នុង​ឆ្នាំ​២០១៦។ ដោយឡែក​សម្រាប់​ពេល ៣​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន មាន​ការ​កើន​ឡើង​ចំនួន ២.១៧៩​ក្រុមហ៊ុន ស្មើ​នឹង​ជាង ១៥៩% ដោយ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៧។ ទាំង​នេះ បង្ហាញ​ពី​ការ​ទុកចិត្ត​លើ​បរិយាកាស ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ល្អ​នៅ​កម្ពុជា។

ខេមបូណូមីស៖ ចុះ​តើ​បញ្ហា​អ្វី​ខ្លះ ដែល​ឯកឧត្តម​គិត​ថា នៅតែ​ជា​បញ្ហា​ប្រឈម​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា? តើ​អី្វ​ខ្លះ​ទៅ​ជា​ដំណោះស្រាយ​របស់​ក្រសួង​ពាណិជ្ជកម្ម?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជា​ការ​ពិត​ណាស់ ទោះ​បី​ជា​យើង​បាន​ខិតខំ​ធ្វើ​ការងារ​ជាច្រើន ដើម្បី​សម្រួល​ការ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏​នៅ​មាន​បញ្ហា​ប្រឈម​រាំង​ស្ទះ​មួយ​ចំនួន ដែល​ទាមទារ​ឲ្យ​យើង​បន្ត​ដោះស្រាយ មាន​ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ តម្លៃ​អគ្គិសនី ធនធាន​មនុស្ស លិខិត​បទដ្ឋាន​គតិ​យុត្តិ និង​ការ​ផ្តល់​សេវា​សាធារណៈ ជាដើម។ សម្រាប់​ក្រសួង​ពាណិជ្ជកម្ម យើង​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ជាច្រើន ដើម្បី​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ក្នុង​នោះ​មាន​ដូចជា ទី១ ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ចុះ​បញ្ជី​ក្រុមហ៊ុន ស្វ័យ​ប្រវត្តិកម្ម​ចេញ​វិញ្ញាបន​បត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) និង​ស្វ័យ​ប្រវត្តិកម្ម​ចុះ​បញ្ជី​ពាណិជ្ជ​នាម។ ទី២ ការ​តម្កល់​ប្រតិវេទន៍​ប្រចាំ​ឆ្នាំ និង​ការ​ទូទាត់​កម្រៃ​សេវា​សាធារណៈ​ដោយ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម។ ទី៣ លុប​ចោល​ការ​មក​សុំ CO សម្រាប់​នាំ​ចេញ ក្នុង​ករណី​ប្រទេស​នាំ​ចូល មិន​តម្រូវ​ឲ្យ​មាន ជាដើម។ ទី៤ ធ្វើ​ប្រតិភូកម្ម​ដល់​មន្ទីរ​ពាណិជ្ជកម្ម នៅតាម​ខេត្ត​ជាប់​ជាមួយ​ព្រំដែន អាច​ចេញ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ (CO) ទម្រង់ (D) ដោយ​ខ្លួន​ឯង ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ។ ក្រសួង​ពាណិជ្ជកម្ម នឹង​បន្ត​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច ដើម្បី​ធានា​ដល់​ការ​លូតលាស់​នៃ​វិស័យ​ឯកជន ប្រកប​ដោយ​និរន្តរភាព។

ខេមបូណូមីស៖ តើ​ឯកឧត្តម មាន​ផែនការ​ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​តាមរយៈ​ការ​នាំ​ចេញ​-នាំ​ចូល ជាមួយ​បណ្តា​ប្រទេស​ដៃគូ​យ៉ាង​ណា​ខ្លះ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ជឿន​លឿន​ដូចគេ ជា​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​មួយ​ដ៏​ពិត​ប្រាកដ នៅ​លើ​ឆាក​អន្តរជាតិ? 

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ និយាយ​ដោយ​ស្មោះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់ ចំពោះ​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​បាន​ចាត់​ទុក​កម្ពុជា ថា​ជា​កូនខ្លា​មួយ​នៅ​អាស៊ី។ ខ្ញុំ​សូម​ជម្រាប​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​នូវ​ផែនការ​រយៈពេល​មធ្យម និង​វែង ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ត្រឹម​ឆ្នាំ​២០៥០។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ក្រសួង​ពាណិជ្ជកម្ម មាន​ផែនការ​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម តាមរយៈ​ការ​នាំ​ចេញ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ សំខាន់​ដូចជា ពង្រឹង​ទំនាក់​ទំនង​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់ ផ្សព្វផ្សាយ និង​ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម​បន្ថែម តាមរយៈ​ការ​តាំង​ពិព័រណ៍ និង​ជំនួប​ធុរកិច្ច បន្ត​ពង្រឹង​សមត្ថភាព​និង​បង្កើន​ជំនាញ​ដល់​កម្មករ​ប្រជា​កសិករ និង​អ្នក​វិនិយោគ​ក្នុង​ស្រុក បង្កើន​ផលិតកម្ម​ក្នុង​ស្រុក និង​ចុង​ក្រោយ កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម។

ខេមបូណូមីស៖ ឥឡូវ​នេះ យើង​ក្រឡេក​មើល​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​យើង ជាមួយ​ប្រទេស​នានា នៅ​ក្នុង​តំបន់ និង​ពិភពលោក​វិញ​ម្តង តើ​មាន​សញ្ញា​វិជ្ជមាន​ល្អ​អ្វី​ខ្លះ​សម្រាប់​កម្ពុជា?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ខ្ញុំ​ចង់​ប្រាប់​ថា បើ​និយាយ​ពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក នា​ពេល​បច្ចុប្បន្ន ឃើញ​ថា មាន​សញ្ញា​វិជ្ជមាន​ច្រើន​ក្នុង​នោះ​ទំហំ​នៃ​ការ​នាំចេញ​របស់​កម្ពុជា បាន​កើន​ឡើង​ជា​លំដាប់។ 

នៅ​ក្នុង​ឆ្នាំ​២០១៧ ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​មាន​ទំហំ ១១,២ ប៊ីលាន​ដុល្លារ​អាមេរិក គឺ​បាន​កើន​ឡើង​ជាង ១៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹក​ប្រាក់​ត្រឹមតែ ៩,៤ ប៊ីលាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ មាន​ដូចជា ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាស៊ាន មាន​ទឹក​ប្រាក់ ១.២១៥​លាន​ដុល្លារ​អាមេរិក គឺ​បាន​កើន​ឡើង ៦៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹកប្រាក់ ៧២៨ លាន​ដុល្លារ​អាមេរិក។

ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​ទឹក​ប្រាក់ ៤,៣​ប៊ីលាន​ដុល្លារ​អាមេរិក គឺ​បាន​កើន​ឡើង​ជាង ១០% បើធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹក​ប្រាក់ ៣,៩ ប៊ីលាន​ដុល្លារ​អាមេរិក។ ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក មាន​ទឹក​ប្រាក់ ២,២ ប៊ីលាន​ដុល្លារ​អាមេរិក គឺ​បាន​កើន​ឡើង​ចំនួន ៤,២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹកប្រាក់ ២,១ ប៊ីលាន​ដុល្លារ​អាមេរិក។ និយាយ​ជារួម យើង​សង្កេត​ឃើញ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​មាន​ភាព​ល្អ​ប្រសើរ។ 

ខេមបូណូមីស៖ ចុះ​បច្ចុប្បន្ន តើ ឯកឧត្តម នៅ​មាន​កិច្ច​ការងារ​សំខាន់ៗ អ្វី​ខ្លះ ដែល​បាន​និង​កំពុង​តែ​ធ្វើ និង​ដោះស្រាយ ពាក់ព័ន្ធ​ទៅ​នឹង​ពាណិជ្ជកម្ម ក្នុង​ប្រទេស និង​អន្តរជាតិ?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ប្រាកដ​ណាស់! បច្ចុប្បន្ន យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​បន្ត​ធ្វើ និង​ដោះស្រាយ ទាំង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​ពាណិជ្ជកម្ម​អន្តរជាតិ។ សម្រាប់​ក្របខណ្ឌ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​យើង​កំពុង​ព្យាយាម​ស្វែងរក​ទីផ្សារ​បន្ថែម​ជូន​ប្រជាកសិករ និង​ផលិតករ អភិវឌ្ឍ​សង្វាក់​តម្លៃ​ផលិតផល​ដែល​មាន​ស្រាប់ រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ បណ្តុះ​បណ្តាល​មន្ត្រី និង​សម្រួល​ការ​ធ្វើ​ធរុកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម ក៏​ដូចជា​ជំរុញ​ដល់​ការ​នាំ​ចេញ។ 

ចំណែក​ឯ​ក្របខណ្ឌ​ពាណិជ្ជកម្ម​អន្តរជាតិ​វិញ ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​ចរចា​ពង្រីក​ទីផ្សារ​បន្ថែម មាន​ដូចជា កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ទូលំ​ទូលាយ​តំបន់ ដែល​យើង​ហៅ​ថា RCEP ខិតខំ​បំពេញ​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ការ​បន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ដែល​កម្ពុជា ជា​សមាជិក ព្រមទាំង​ធ្វើការ​ពិនិត្យ​លទ្ធភាព​ចរចា​បើក​ទីផ្សារ FTA បន្ថែម នៅ​ក្រោម​ក្របខណ្ឌ​មួយ​ចំនួន​ទៀត។ 

ខេមបូណូមីស៖ ឯកឧត្តម បើ​ផ្អែក​ទៅលើ​ស្ថានភាព​សព្វថ្ងៃ ដូច​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ការ​នាំ​ចេញ​ទំនិញ​ផ្សេងៗ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហាក់​បី​ដូចជា​មាន​ទំហំ​តិចតួច​ណាស់ ខណៈ​ដែល​ការ​នាំ​ចូល​ទំនិញ ពី​បរទេស​វិញ​ច្រើន គឺ​លើស​លប់​តែម្តង។ តើ​កិច្ចការ​អ្វីខ្លះ ដែល​កម្ពុជា​ចាំ​បាច់​ត្រូវ​ធ្វើ​នៅ​ពេល​នេះ?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ សូម​អរគុណ​ចំពោះ​សំណួរ​នេះ! តាមពិត កម្ពុជា​យើង​នៅ​មាន​តម្លៃ​ពាណិជ្ជកម្ម​អតិរេក​នៅ​ឡើយ​ទេ។ ផ្អែក​តាម​ទិន្នន័យ​ស្តីពី​ការ​នាំ​ចេញ​-នាំចូល ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​នៅ​មាន​តម្លៃ​ពាណិជ្ជកម្ម​អតិរេក ចំនួន​ជិត ២៧​ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ បាន​មក​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅកាន់​ប្រទេស​ដៃគូ​ធំៗ​មួយ​ចំនួន​ដូចជា អាមេរិក ជប៉ុន និង​សហគមន៍​អឺរ៉ុប ដូចខ្ញុំ​បាន​រៀបរាប់​ពី​ខាង​ដើម។ 

បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​បាន​កំពុង​បន្ត​ខិតខំ​បន្ថែម​ទៀត ដើម្បី​បង្កើន​តម្លៃ​ពាណិជ្ជកម្ម​អតិរេក ហើយ​កិច្ចការ​អាទិភាព​ដែល​កម្ពុជា​ត្រូវ​ធ្វើ​នា​ពេល​នេះ ដើម្បី​សម្រេច​គោលដៅ​នេះ មាន​ដូចជា ចរចា​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី ដៃគូ ឬ​តំបន់​បន្ថែម​ទៀត​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការនាំចូល​ពី​បរទេស បន្ត​​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​បរទេស​ឲ្យ​បាន​ច្រើន​ជាង​មុន ជា​ពិសេស លើ​វិស័យ​កសិកម្ម និង​កសិកម្ម​ទំនើប តាមរយៈ​ការ​អភិវឌ្ឍ​សង្វាក់​តម្លៃ និង​កែច្នៃ​ផលិតផល​ដែល​មាន​ស្រាប់ ដើម្បី​បម្រើ​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ​ឲ្យ​បាន​អតិបរមា បន្ត​អនុវត្ត​គោល​នយោបាយ​ឧស្សាហកម្ម ដោយ​ជំរុញ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​លើក​កម្ពស់​សហគ្រិនភាព ជាពិសេស សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ឆ្លើយតប​តម្រូវការ​ផលិតកម្ម​ក្នុង​ស្រុក ក៏​ដូចជា​ជំរុញ​ដល់​ការ​នាំ​ចេញ។ កាត់​បន្ថយ​ថ្លៃ​ដើម តាមរយៈ​ការ​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ធានា​ភាព​ប្រកួត​ប្រជែង​ជាមួយ​មុខ​ទំនិញ​របស់​ប្រទេស​ជិត​ខាង។

ខេមបូណូមីស៖ ខ្ញុំ​សូម​រំឭក​បើក​កកាយ​រឿង​ចាស់​មួយ ទាក់ទង​ការ​បើក​របាំង​ពន្ធ​គយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​មក​នេះ តើ​កម្ពុជា​បាន​ជួប​ឧបសគ្គ​អ្វី​ខ្លះ? តើ​កម្ពុជា​យើង​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​ការ​កំណត់​ពន្ធគយ ០% នៅ​ពេល​នេះ?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ការ​បើក​របាំង​ពន្ធ​គយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ជា​ការ​អនុវត្ត​ក្នុង​ក្របខណ្ឌ​អាស៊ាន បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ប្រទេស​ជា​សមាជិក​ក្នុង​ការ​ធ្វើ​សេរីភាវូបនីយ​កម្ម​ពាណិជ្ជកម្ម​ទំនិញ។ ចំពោះ​ការ​កាត់​បន្ថយ និង​លុប​បំបាត់​ពន្ធគយ​កាល​ពី​ចុង​ឆ្នាំ​២០១៥ កន្លង​មក​នេះ កម្ពុជា​មិន​មាន​ជួប​ឧបសគ្គ​អ្វី​ឡើយ ដោយ​ក្នុង​នោះ​យើង​អាច​រក្សា​ទំនិញ​ចំនួន ៧% នៃ​បន្ទាត់​ពន្ធ​សរុប ក្នុង​អត្រា​ពន្ធ​នាំ​ចូល ៥% រហូត​ដល់​ឆ្នាំ​២០១៨ និង​ផលិតផល​ប្រេង​ឥន្ធនៈ​ដែល​នៅ​ក្នុង​បញ្ជី មាន​ចំនួន ១៨​បន្ទាត់​ពន្ធ ស្មើ​នឹង ០,១៨% នៃ​បន្ទាត់​ពន្ធ​សរុប​រហូត​ដល់​ឆ្នាំ​២០២៥។

កម្ពុជា​នៅ​តែ​អាច​រក្សា​ពន្ធគយ​លើ​ផលិតផល​សំខាន់ៗ​មួយ​ចំនួន​ក្នុង​បញ្ជី​វេទយិត ក្នុង​អត្រាពន្ធ ៥% មាន​ចំនួន ៦២​បន្ទាត់​ពន្ធ ស្មើនឹង ០,៦៤% នៃ​បន្ទាត់​ពន្ធ​សរុប​ដែល​មាន​ចំនួន ៩.៥៥៨ បន្ទាត់​ពន្ធ។ យើង​អាច​យក​ផល​ចំណេញ​ពី​ការ​កំណត់​ពន្ធ​គយ​សូន្យ​នេះ តាមរយៈ​ការ​ដំឡើង​អត្រា​អាករ​ពិសេស ក្នុង​សមាមាត្រ​ស្មើ​នឹង​ការ​បន្ថយ​អត្រា​ពន្ធ MFN។  មិនតែ​ប៉ុណ្ណោះ ការ​លុប​បំបាត់​ពន្ធ​គយ​នេះ ក៏​អាច​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​កាន់​តែ​ច្រើន និង​ទាក់ទាញ​វិនិយោគិន​បន្ថែម​ទៀត​ផងដែរ។

ខេមបូណូមីស៖ បាទ! ជា​ចុង​ក្រោយ តើ​ឯកឧត្តម​រដ្ឋមន្ត្រី មាន​អ្វី​ចង់​បន្ថែម​ជុំវិញ​អាណត្តិ​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម? តើ​ឯកឧត្តម មាន​ផែនការ​និង​គោល​នយោបាយ​អ្វីខ្លះ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា?

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បាទ! សូម​អរគុណ​ណាស់ ក្នុង​នាម​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ខ្ញុំ​សូម​ប្តេជ្ញា​បន្ត​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​វឌ្ឍនភាព​ទៅ​មុខ​ជានិច្ច។ ក្នុង​នោះ យើង​មាន​ផែនការ​និង​គោល​នយោបាយ​សំខាន់ៗ​មួយ​ចំនួន ដូចជា បន្ត​ធ្វើ​ពិពិធកម្ម​ការ​នាំ​ចេញ​ផលិតផល និង​ទំនិញ​អទិភាព ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម CTIS។ បន្ត​ស្វែងរ​កទីផ្សារ​ថ្មីៗ​ជូន​ប្រជាកសិករ តាមរយៈ​ការ​អនុវត្ត​គម្រោង AIMS ដោយ​ផ្តោត​សំខាន់​លើ ផលិតផល​ចំនួន ៥ ដូចជា ស្រូវ ដំឡូងមី ការ​ចិញ្ចឹម​មាន់​ស្រែ ការ​ដាំ​បន្លែ និង​សូត​​ប្រណីត។ 

បន្ត​រៀបចំ​គោល​នយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ ដើម្បី​គាំទ្រ និង​បម្រើ​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ បន្ត​សហការ​ជាមួយ​អន្តរក្រសួង ជាពិសេស ស្ថាន​បេសកកម្ម និង​តំណាង​ពាណិជ្ជកម្ម​នៅ​បរទេស ដើម្បី​ងាយ​ស្រួល​ក្តាប់​ព័ត៌មាន​ស្ដីពី​ការ​វិវឌ្ឍ​ថ្មីៗ ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ សំដៅ​ចាត់​វិធានការ​​ឆ្លើយតប​ទាន់​ពេល​វេលា។ សិក្សា​ពី​ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម ដើម្បី​ត្រៀម​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ នៅ​ពេល​កម្ពុជា​ចាកចេញ​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ធានា​និរន្តរភាព​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​នានា ទោះ​បី​ជា​កម្ពុជា មិន​ត្រូវ​បាន​អនុគ្រោះ​ពន្ធ​ទៀត​ក៏​ដោយ។ បណ្តុះបណ្តាល​មន្ត្រី​ដើម្បី​ដឹកនាំ​ការ​ចរចា​យ៉ាង​សកម្ម សំដៅ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​បន្ថែម ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ក្របខណ្ឌ​តំបន់។ ធ្វើ​បច្ចុប្បន្ន​ភាព​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម CTIS ឆ្នាំ​២០១៨​-២០២៣ និង​ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា និង​បង្កើន​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​រៀបចំ​ដែនដី​​នឹង​ចាត់​វិធានការ​គម្រោង​ពុះ​ដី​ឡូត៍​លក់​គ្មាន​លិខិត​អនុញ្ញាត

ព័ត៌មាន
នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ចាត់​វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​លិ…

ត្រីមាសទី​១ ឆ្នាំ​នេះ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម សម្រេចបាន​១,៣​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
តាម​ការ​ប៉ាន់​ស្មាន ទំហំ​នាំចេញ​នាំចូល​របស់​វៀតណាម​នៅ​ត្រីមាស​ទី១ ឆ្នាំ​នេះ សម្រេច​បាន​សរុប​មាន​ប្រមាណ​ជាង ១០៧​ពាន់​លាន​ដុល្លារ​អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ