ធុរជន​ល្បីៗ

ឧកញ៉ា លី យ៉ុងផាត់ ជាអ្នកណា? មាន​ក្រុមហ៊ុន​ប៉ុន្មាន?


បើ​និយាយ​ពី​ឈ្មោះ លី យ៉ុងផាត់ លោកអ្នក​នាង​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​ល្បី​រហ័ស​នាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«ស្ដេចកោះកុង» ឬ "King of Koh Kong"។ រហ័ស​នាម​នេះ ទំនង​ជា​ដោយសារតែ​ឧកញ៉ា លី យ៉ុងផាត់ មាន​កំណើត​កើត​ជា​នៅ​ក្នុង​ខេត្ត​កោះកុង និង​បាន​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល ល្បីល្បាញ និង​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ។
អ្នក​ឧកញ៉ា លី យ៉ុងផាត់ ម្ចាស់​ភាគហ៊ុន​វិនិយោគ​ផ្សារ​លក់​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន Global House។
ដោយ

តាម​ឯកសារ​ប្រវត្តិ​មិន​សូវ​លម្អិត​​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ចុះផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) លោក​ឧកញ៉ា លី យ៉ុង​ផាត់ កើត​នៅ​ខេត្ត​កោះកុង នៅឆ្នាំ​១៩៥៨។ 

ឯកសារ​ដដែល​ សរសេរ​ថា មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​​រូប​នេះ មាន​ដុង​ខាង​រកស៊ី​តាំង​ពី​ក្មេងវ័យ​មក​ម្ល៉េះ និង​បាន​ក្លាយ​ខ្លួន​ជា​ពាណិជ្ជករ​នៅ​ក្នុង​អំឡុង​ទសវត្សឆ្នាំ​៨០។ ប៉ុន្តែ ឯកសារ​ប្រវត្តិ​ដដែល​នេះ មិន​បាន​បញ្ជាក់​លម្អិត​អំពី​ថាតើ​ក្នុង​អំឡុង​ពេល​ចាប់​ផ្ដើម​ដំបូងនេះ លោក​ឧកញ៉ា​រកស៊ី​អ្វី​ខ្លះ​នោះ​ទេ។ 

ក្រៅ​ពី​ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​និង​ចម្រូង​ចម្រាស​ខ្លះ​ដែរ​នោះ លោក​ឧកញ៉ា លី យ៉ុងផាត់ ក៏​ត្រូវ​គេ​មើល​ឃើញថា បាន​ចូលរួម​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​យ៉ាង​សកម្ម​ផង​ដែរ។ 

លោក​ឧកញ៉ា លី យ៉ុងផាត់ អមដំណើរសម្ដេចតេជោ ហ៊ុន សែន ទស្សនកិច្ច​រោងចក្រ​ស្ករ​ស នៅ​ខេត្ត​កំពង់ស្ពឺ។ (រូបភាព៖ AKP)

ឆ្នាំ​២០០០ លោក​ឧកញ៉ា លី យ៉ុងផាត់ ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អភិវឌ្ឍន៍​ខេត្តកោះកុង និង​ជា​ទីប្រឹក្សាសេដ្ឋកិច្ច​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ 

ឆ្នាំ​២០០១ លោក​ឧកញ៉ា លី យ៉ុងផាត់ ជាប់​ឆ្នោត​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។ ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សមាគម​ចិន​គ្រួសារ​ត្រកូល លី។ ហើយពី​​ឆ្នាំ​២០០៦​រហូត​ដល់​បច្ចុប្បន្ន លោកឧកញ៉ា លី យ៉ុងផាត់ ក៏បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តើ​ឧកញ៉ា លី យ៉ុងផាត់ មាន​ក្រុមហ៊ុន​អ្វីខ្លះ ?

ក្នុង​អំឡុង​ដើម​ទសវត្ស​ឆ្នាំ​៩០ លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​បង្កើត​ក្រុមហ៊ុន​មួយ ឈ្មោះថា អិល. វ៉ាយ. ភី គ្រុប ហើយ​ក្នុង​ពេល​​ជាង ២០​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​មួយនេះ​បាន​កើត​កូន​កើត​ចៅ​ក្រុមហ៊ុន​យ៉ាងច្រើន​ស្ទើរ​តែ​មិន​នឹក​ស្មានដល់។ 

ក្នុង​វិស័យ​សណ្ឋាគារ​និង​កម្សាន្ត លោក​ឧកញ៉ា លី យ៉ុងផាត់ មាន ៦ក្រុមហ៊ុន៖ 

១) រមណីយដ្ឋាន​កោះកុង ដែល​ជា​​សណ្ឋាគារ​ផ្កាយ ៥ និង​កាស៊ីណូ ស្ថិត​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្បែរ​ច្រក​ព្រំដែន​អន្តរជាតិ ចាំយាម។ ២) សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ ស្ថិត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ ៣) សណ្ឋាគារ និងកាស៊ីណូ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ភាគពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ។ ៤) សណ្ឋាគារ​ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅ​ភ្នំពញ ចន្លោះ​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦។ ៥) ក្លិប​វាយ​កូនហ្គោល ហ្គាឌិន ស៊ីធី ដែលស្ថិតនៅ​ក្បែរ​គ្នា​នឹង​សណ្ឋាគារ ហ្គាឌិន ស៊ីធី​។ និង​ ៦) សួនសត្វ សាហ្វារី វើល ភ្នំពេញ ដែល​រើ​យក​មក​ពី​ខេត្ត​កោះកុង ដែល​គ្រោង​នឹង​បើក​សម្ពោធ​ឲ្យ​សាធារណជន​ចូល​ទស្សនា​នា​ចុង​ឆ្នាំ​២០១៧​នេះ។

រូបភាព​ប្លង់​នៃ​ទីក្រុង​រណប​ ហ្គាឌិន ស៊ីធី យកចេញ​ពី​ខិត្តប័ណ្ណ​ក្រុមហ៊ុន LYP។

លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​ទឹក​ភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ដែល​មាន​ស្ពាន​កោះកុង ​និង​សេវា​ផ្គត់ផ្គត់​ទឹក​ភ្លើង​នៅ​ក្នុង​ទូទាំង​ខេត្ត​កោះកុង។ ក្រុមហ៊ុន O' Smach Electricity and Water Supply ដែល​ផ្គត់ផ្គង់​ទឹក​ភ្លើង​នៅ​ខេត្ត​ឧត្តរមានជ័យ ជាពិសេស​​ តំបន់​អូរស្មាច់។ និង​ក្រុមហ៊ុន Cambodia Electricity Private (CEP) នៅ​រាជ​ធានី​ភ្នំពេញ។ 

ក្នុង​វិស័យ​កសិកម្ម និង​ដំណាំ​កសិ​ឧស្សាហកម្ម លោក​ឧកញ៉ា លី យ៉ុងផាត់ មាន​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមាន​ចម្ការ​អំពៅ​ និង​រោងចក្រ​ស្ករ​តម្លៃ​រាប់​សិប​លាន​ដុល្លារ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ កន្លងមក ក្រុមហ៊ុន​មួយ​នេះ​មាន​ភាព​ចម្រូង​ចម្រាស​អាស្រូវ​ខ្លះ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ប៉ុន្តែ បញ្ហា​នេះ​បាន​និង​កំពុង​ត្រូវបាន​ដោះស្រាយ​អូសបន្លាយ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។ 

ក្នុង​វិស័យ​កសិ​ឧស្សាហកម្ម​នេះ​ដែរ លោក​ឧកញ៉ា​ក៏​មាន​ចម្ការ​កៅស៊ូជប់ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ។ 

លើ​វិស័យ​ដោះដូរ​ទំនិញ និង​ចែកចាយ​ទំនិញ ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ត្រូវបាន​គេ​ដឹង​ថា ជា​អ្នក​ចែកចាយ​ផ្ដាច់​មុខ​នូវ​ទំនិញ​សំខាន់ៗ ដូចជា បារី ហេរ៉ូ ភេសជ្ជៈ​គោជល់ រួមទាំង​ភេសជ្ជៈ​ល្បីៗ​ដទៃ​ទៀត។ លើស​ពី​នេះ ក្រុមហ៊ុន អិលវ៉ាយភី គ្រុប ក៏​ជា​អ្នក​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត​ម៉ាក Hyundai ផង​ដែរ។ 

ថ្មីៗ​បំផុត​នេះ ឧកញ៉ា លី យ៉ុងផាត់ បាន​ចាប់ដៃគូ​រក​ស៊ី​ជាមួយ​មហាដ្ឋី​លំដាប់​កំពូល​នៅថៃ វិនិយោគ​លើ​ផ្សារ​លក់​រាយ​និង​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​មួយ ឈ្មោះផ្សារ Makro នៅ​រាជធានី​ភ្នំពេញ។ 

វិស័យ​អចលនទ្រព្យ ឧកញ៉ា លី យ៉ុងផាត់ ក៏​ល្បីល្បាញ​ខ្លាំង​ណាស់​ដែរ ដោយ​លោក​ឧកញ៉ា​វិនិយោគ​លើ​ទីក្រុង​រណប ហ្គាឌិន ស៊ីធី ទីក្រុង​រណប ពោងពាយ ស៊ីធី តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង តំបន់​សេដ្ឋកិច្ច​ពិសេស​ គិរីសាគរ​ កោះកុង ជាដើម។ 

ផ្សារ​ទំនិញ​លក់រាយ​និងដុំ​ដែល​ឧកញ៉ា​ លី យ៉ុងផាត់ វិនិយោគរួមគ្នា​នឹង​មហាសេដ្ឋី​មក​ពី​ថៃ។

ថ្មីៗ​ចុង​ក្រោយ​នេះ ឧកញ៉ា លី យ៉ុងផាត់ ក៏​បាន​ហក់​ចូល​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ដោយ​បាន​វិនិយោគ​ប្រាក់​រាប់​សិប​លាន​ដុល្លារ បង្កើត​ស្ថានីយ​ទូរទស្សន៍​ PNN ដ៏​ទំនើប​មួយ ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​ទីក្រុង​រណប ហ្គាឌិន ស៊ីធី ប្រមាណ ១០គីឡូម៉ែត្រ ពីកណ្ដាល​រាជធានី​ភ្នំពេញ។ 

ទាំង​នេះ គឺ​ជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុម​គ្រួសារ ដែល​គេ​បាន​ដឹង​ជា​សាធារណៈ ប៉ុន្តែ ក៏អាច​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់​លោក​ឧកញ៉ា ដែល​សាធារណជន​មិន​បាន​ដឹង​អស់​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណោះ​ស្រាយ​៣​ចំណុច បន្ទាន់​ចំពោះ​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ

ព័ត៌មាន
បច្ចុប្បន្ន​នេះ ដំឡូង​មី​១​តោន​លក់​បាន​តម្លៃ​១១០​ដុល្លារ ខណៈ​ដែល​ឆ្នាំ​ទៅ​មិញ​១​តោន​មាន​តម្លៃ​១៧០​ដុល្លារ។ នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ ត…

អាករ​លើ​តម្លៃ​បន្ថែម​១០%​លើ​សេវា​ហិរញ្ញវត្ថុ​ត្រូវ​ព្យួរ​បណ្ដោះអាសន្ន​ហើយ!

ព័ត៌មាន
ភាព​ចម្រូងចម្រាស​នៃ​ការ​កំណត់​យក​អាករ​១០%​ (អាករ​លើ​តម្លៃ​បន្ថែម ឬ​ VAT) លើ​សេវា​ហិរញ្ញវត្ថុ រវាង​រាជ​រដ្ឋាភិបាល​និង​គ្រឹះស្ថាន​ធនាគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ